Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីឲ្យឈរនៅកណ្ដាល ពេលដោះស្រាយបញ្ហានានានៅក្រៅប្រព័ន្ធតុលាការ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្ត្រីតាមបណ្ដារាជធានី-ខេត្ត នៅពេលដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ត្រូវតែឈរនៅកណ្ដាល និងថ្លឹងថ្លែងឲ្យបានម៉ត់ចត់ ហើយសម្របសម្រួលគូភាគីឲ្យត្រូវរ៉ូវគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន​ សែន បានណែនាំជាថ្មីដល់មន្ត្រីតាមបណ្ដារាជធានី-ខេត្ត ត្រូវខិតខំដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ នៅក្រៅប្រព័ន្ធតុលាការ ហើយត្រូវយកចិត្តទុកដាក់នៅគ្រប់បញ្ហាទាំងអស់ នៅមូលដ្ឋានរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែប​នេះថា «ជម្លោះដែលបានកើតឡើង គឺខិតខំដោះស្រាយក្រៅប្រព័ន្ធតុលាការ យើងមិនអាចបន្ទោសតុលាការបានទេ ឲ្យតែចូលតុលាការផ្លុកមិនដែលកាត់ឲ្យស្មើទេ គឺកាត់មួយឈ្នះ មួយចាញ់…អ្នក​ឈ្នះថា តុលាការយុត្តិធម៌ អ្នកចាញ់ថា អយុត្តិធម៌»។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ជម្រើសមួយដែលល្អ គឺជ្រើសរើសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមានការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច។

«ដើម្បីធានាបានលើបញ្ហានេះ មន្ត្រីរបស់យើងត្រូវតែឈរនៅចន្លោះកណ្ដាល ថ្លឹងថ្លែង ហើយសម្របសម្រួលគូភាគីឲ្យត្រូវរ៉ូវគ្នា ជាពិសេសរឿងរ៉ាវទាំងឡាយទាក់ទងនឹងបញ្ហាដីធ្លីនេះឯង»។ នេះជាការថ្លែងដោយសង្កត់ធ្ងន់របស់សម្ដេចតេជោ ហ៊ុន​ សែន។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា មន្ត្រីនៅតាមមូលដ្ឋានកុំរពឹសដៃ ចុះហត្ថលេខាលើបញ្ហាដីព្រៃឲ្យសោះ ដោយត្រូវប្រយ័ត្នប្រយែងអំពីបញ្ហានេះ ព្រោះមិនមែនជារឿងល្អនោះទេ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម