Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីស្ដីទី ឱ្យស្ថាប័នជំនាញ បន្តបង្ក្រាបការជួញដូរ ការប្រើប្រាស់ គ្រឿងញៀន និងបារីអេឡិកត្រូនិក

បានផុស

នៅ

លោក នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាឱ្យស្ថាប័ន និងអង្គភាពអនុវត្តច្បាប់គ្រឿងញៀននៅទូទាំងប្រទេស ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្មផុលផុស នូវសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្តីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម ការនាំចូលផលិតផលស៊ីហ្សា (SHISA) និងបារីអេឡិកត្រូនិក(E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំលើកដំបូង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក នេត សារឿន បានណែនាំដល់ក្រសួង ស្ថាប័ន ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តពង្រឹងយន្តការរបស់ខ្លួន យកចិត្តទុកដាក់អនុវត្តនូវតួនាទី និងភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ តាមផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ និងទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣។

ជាមួយគ្នានេះ​ លោក នេត សាវឿន បានបន្តណែនាំឱ្យភាគីពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជាសាធារណៈពីគ្រោះថ្នាក់នៃគ្រឿងញៀន ឲ្យចំមុខសញ្ញា និងក្រុមគោលដៅដែលងាយប្រឈមនឹងគ្រោះថ្នាក់ ដូចជា ក្រុមយុវជន ពលករចល័ត ពលករចំណាកស្រុក កម្មករសំណង់ កម្មកររោងចក្រ អ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរ អ្នកបម្រើការងារនៅតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា ពិសេសគឺការបន្តជំរុញការបណ្តុះបណ្តាល ចាត់តាំងចងក្រងក្រុមជនបង្គោល ដើម្បីធ្វើការបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀន ដល់មន្រ្តីក្រោមឱវាទនៅផ្ទៃក្នុងក្រសួង ស្ថាប័ន រាជធានី ខេត្ត អង្គភាព។ល។

 បន្ថែមពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារព្យាបាល ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌលជាតិ បណ្តោះអាសន្នរបស់រដ្ឋ និងឯកជនមានចំនួន២០ទីតាំង និងនៅតាមសេវាសុខាភិបាលសាធារណៈតាមសហគមន៍សរុបចំនួន ៤២៩កន្លែង (ក្នុងនោះមន្ទីពេទ្យជាតិ ២កន្លែង មន្ទីររពេទ្យបង្អែក ៧២កន្លែង និងមណ្ឌលសុខភាព ៣៥៥កន្លែង) ពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត និងការធ្វើសមាហរណកម្ម ពិសេសត្រូវផ្តោតឲ្យចំលក្ខណៈសម្បត្តិជាក់ស្តែងនៃបញ្ហា នោះគឺការរកឲ្យឃើញនូវភាពសមស្រប និងទិន្នន័យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន ជាក់លាក់ និងវិធីសាស្រ្តគ្រប់គ្រងជនរងគ្រោះ ដែលបានធ្វើសមាហរណកម្មទៅសហគមន៍ ដោយអាចធានាថា ចំនួនអ្នកលាប់ត្រឡប់មកប្រើប្រាស់គ្រឿងញៀនឡើងវិញតែក្នុងកម្រិតតិចតួចបំផុត។

នាយករដ្ឋមន្ត្រីស្ដីទី បានបន្តណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារប្រឆាំងបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ពិសេសជំរុញការស៊ើបអង្កេតស្រាវជ្រាវ ឲ្យដល់ឬសគល់នៃបទល្មើសសម្អាតប្រាក់ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀនខុសច្បាប់ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ស្ថាប័ន និងអង្គភាពអនុវត្តច្បាប់។ លើសពីនេះ ត្រូវបន្តពង្រឹងសមត្ថភាព និងពង្រីកលទ្ធភាពស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីបំផ្លាញអង្គការចាត់តាំង ឧក្រិដ្ឋជនគ្រឿងញៀន ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ តំបន់ អនុតំបន់ ពិសេសសហការឲ្យបានជិតស្និទ្ធជាមួយប្រទេសជិតខាង។ បន្តពង្រឹងឆន្ទៈ គុណធម៌ស្មោះត្រង់នឹងវិជ្ជាជីវៈ ដើម្បីធានាថាមន្រ្តីអនុវត្តច្បាប់ពិតជាមិនជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

អាចជារូបភាពនៃ 9 នាក់, ជើងតម្កល់ និង អត្ថបទ

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ដល់ជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងចាត់វិធានការជំនាញឲ្យបានតឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់ការចរាចរ ដឹកជញ្ជូនសារធាតុគីមីផ្សំចូលមកក្នុងប្រទេស ពិសេសតាមច្រកផ្លូវសមុទ្រ រួមទាំងការចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសជួញដូរសារធាតុគីមីផ្សំដោយខុសច្បាប់ និងឈានទៅបង្ក្រាបឲ្យមានប្រសិទ្ធភាព ក្នុងករណីមានការលួចបង្វែរសារធាតុគីមីផ្សំយកទៅផលិតគ្រឿងញៀនខុសច្បាប់។

អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រៅពីតួនាទីភារកិច្ចដែលមានស្រាប់ ដូចមានក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់អគ្គលេខាធិការដ្ឋាន ត្រូវធ្វើការតាមដាន និងវាយតម្លៃការអនុវត្តផែនការសកម្មរបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងសហការជាមួយក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ពិនិត្យឡើងវិញ និងធ្វើការកែសម្រួលបើចាំបាច់ នូវរាល់បទដ្ឋានគតិយុត្ត រួមមានដូចជា៖ ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច និងឯកសារគោលផ្សេងៗទៀត ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពគ្រប់ជ្រុងជ្រោយ អាចអនុវត្តទៅបានរលូន និងមានប្រសិទ្ធភាព ព្រមទាំងពិនិត្យឡើងវិញអំពីទំហំការងារឲ្យបានច្បាស់លាស់ទៅតាមវិស័យនីមួយៗ ដើម្បីរៀបចំ និងកំណត់ឲ្យមានការទទួលខុសត្រូវច្បាស់លាស់។ ចំណុចនេះ ក៏អាចពាក់ព័ន្ធដល់ការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធរបស់ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដើម្បីធ្វើយ៉ាងណាឲ្យមានលក្ខណៈសមស្របត្រូវសភាពការណ៍ សមជាសេនាធិការឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល តាមដាន និងវាយតម្លៃ។

លើសពីនេះ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តសម្របសម្រួលជាសេនាធិការក្នុងការអនុវត្ត និងដឹកនាំការងារពហុវិស័យសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងនៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវដឹកនាំសម្របសម្រួល ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ ស គ្មានគ្រឿងញៀន ឲ្យដំណើរការដោយរលូន និងមានប្រសិទ្ធភាព ដោយផ្សាភ្ជាប់ជាមួយការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ក្រៅពីតួនាទី ភារកិច្ចដែលមានស្រាប់ដូចមានកំណត់ក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ត្រូវម្ចាស់ការ ដឹកនាំ សម្របសម្រួល និងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងដែនដីរបស់ខ្លួនស្របទៅនឹងការធ្វើវិមជ្ឈការធនធានមនុស្ស និងថវិកា។

លោក នេត្រ សាវឿន ក៏បានគូសបញ្ជាក់ឱ្យ ក្រសួងយុត្តិធម៌ និងគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាពដោយសហការជាមួយសាលាដំបូងរាជធានី ខេត្ត ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ មធ្យោបាយ និងសម្ភារៈដែលជាកម្មវត្ថុនៃការចាប់យក និងរឹបអូសក្នុងបទល្មើសគ្រឿងញៀន ដើម្បីចាត់ចែង ឬលក់ឡាយឡុង យកថវិកាដាក់ចូលក្នុងមូលនិធិរបស់អាជ្ញាធរជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពិសេស ត្រូវបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងជាតិ ក៏ដូចជាមួយបណ្តាប្រទេសជាប់ព្រំដែន បណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍ ដោយខិតខំបង្កើនសកម្មភាព នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របតាមច្បាប់ និងកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នាកន្លងមក។  លើសពីនេះ ត្រូវបន្តអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ឲ្យបានសកម្មផុលផុសព្រមៗ គ្នាដូចជាប្រព័ន្ធតួអង្គតែមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម