Connect with us

ព័ត៌មានជាតិ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ​អបអរសាទរចំពោះជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែង

បានផុស

នៅ

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរមូលដ្ឋានបានរៀបចំពិធីអបអរសាទរ​ខួបនៃការបង្កើតសហគមន៍អេកូទេសចរណ៍​តំបន់ស្ទឹងអារ៉ែង និងជនជាតិដើមភាគតិចជងដែលមានអ្នកចូលរួមជាង ៤០០ នាក់ ប្រព្រឹត្តនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះរៀបចំឡើងក្រោមវត្តមាន​ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង កញ្ញា បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងមានការចូលរួមពីលោក ផេង ផល អភិបាលរងនៃគណៈអភិបាលស្រុកថ្មបាំង អាជ្ញាធរភូមិឃុំ និងសមាជិកសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង និងជាពិសេសជនជាតិដើមភាគតិចជង។

បើ​យោង​តាម​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ គោលបំណងនៃការប្រារព្ធពិធីនេះដើម្បីផ្សព្វផ្សាយនិងរក្សានូវអត្តសញ្ញាណដើម និង​​កេរ្តិ៍ដំណែលរបស់សហគមន៍ជនជាតិដើមភាគតិចជង ដើម្បីផ្សារភ្ជាប់អត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិចជង រួមជាមួយសកម្មភាពទេសចរណ៍របស់សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងតំបន់អារ៉ែង ដែលចូលរួមបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងឃុំទាំងបី។

កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមការពារព្រៃឈើរបស់បងប្អូនជនជាតិដើមភាគតិចជង​។

បើតាម​កញ្ញា ស៊ូវណ្ណា ហ្គោនឡែត តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលអនុវត្ត​ដោយ​អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​​ជាមួយក្រសួងបរិស្ថាន​ បានជួយដល់ប្រជាពលរដ្ឋចំនួន ១១៨ គ្រួសារ ដែលជាជនជាតិដើមភាគតិចជងរស់នៅតំបន់​ឆាយ​អារ៉ែង ក្នុងនោះប្រជាពលរដ្ឋមកពីភូមិច្រកឬស្សីនៃឃុំជំនាប់ចំនួន ៥៧ គ្រួសារ និងចំនួន ៦១ គ្រួសារទៀតមកពីភូមិកោះនិងភូមិព្រែកស្វាយនៃឃុំថ្មដូនពៅ។

លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងបាន​ឲ្យ​ដឹង​ថា សហគមន៍ជនជាតិដើមភាគតិចជង បានរស់នៅទីនេះជាច្រើនទសវត្សរ៍មកហើយ ដែលអាចចាត់ទុកបានថាជាអ្នកការពារព្រៃឈើយ៉ាងសំខាន់ក្នុងតំបន់។

លោកបានលើកឡើងពីផែនការរបស់អាជ្ញាធរខេត្តកោះកុង ក្នុងការចាប់ផ្តើមធ្វើការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋក្នុងតំបន់នេះយ៉ាងយូរបំផុតត្រឹមខែមករា ឆ្នាំ២០២៤ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។

ការប្រារព្ធពិធីនេះក៏បានដាក់បញ្ចូលពីការសម្តែងបែបប្រពៃណីជាមួយនឹងការលេងឧបករណ៍ភ្លេងព្លយ​ដោយ​កញ្ញា ទិត្យ នីន និងមានការចូលរួមពី លោក វិចិត្រ រាជ តារាចម្រៀងខេត្តកោះកុងដ៏ល្បីឈ្មោះ​បានច្រៀងចម្រៀង​មនោសញ្ចេតនា​ជូនដល់អ្នក​ចូលរួម​ស្តាប់កម្សាន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម