ព័ត៌មានជាតិ
ផ្លូវអន្ទង់អាំងលើភ្នំ ១៥០០ ដាក់អាទិភាពដាំកូនឈើព្រៃត្រូពិកកម្រ ២ ម៉ឺនដើម ស្តារព្រៃឈើធម្មជាតិឡើងវិញ
ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wild Alliance) រដ្ឋបាលស្រុកវាលវែងដែលទើបទទួលបានកូនឈើព្រៃត្រូពិកដ៏កម្រចំនួន ២ ម៉ឺនដើម បានដាក់គោលដៅនឹងដាំកូនឈើចម្រុះនៅចំណុចផ្លូវអន្ទង់អាំងលើភ្នំ ១៥០០ តាមបណ្ដោយផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងចំណោមកូនឈើទាំងនោះ មានកូនឈើចំនួន ៧ ប្រភេទ ដែលត្រូវបានចាត់ថ្នាក់រងការគំរាមកំហែង បើយោងតាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។
លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ខេត្តពោធិ៍សាត់បានឲ្យដឹងថា កូនឈើទាំងនោះនឹងត្រូវបានថែទាំនិងយកទៅដាំនៅតំបន់ជើងភ្នំ ១៥០០ តាមផ្លូវអន្ទង់អាំង ដែលជាតំបន់គោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញនៅស្រុកវាលវែងខេត្តពោធិ៍សាត់។
កាលពីប៉ុន្មានខែមុននេះ ប្រមុខដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យចុះបង្ក្រាបបទល្មើសធនធានធម្មជាតិនៅស្រុកវាលវែង ហើយលទ្ធផលដកហូតបានដីព្រៃដែលបានកាប់រុករានយ៉ាងអានាធិបតេយ្យបានជាង ៤ ម៉ឺនហិកតា។
លោក ម៉ុម បូផាន់ បានបញ្ជាក់ថា ក្នុងចំណោមផ្ទៃដីជាង ៤ ម៉ឺនហិកតា ដែលដកហូតបានពីជនល្មើស រដ្ឋបាលស្រុកនឹងដាំស្តារព្រៃឈើឡើងវិញ ដោយដាក់គោលដៅចាប់ផ្តើមមុនគេនៅចំណុចភ្នំ ១៥០០ ដែលរដ្ឋាភិបាលបានប្រកាសដាក់ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងបន្តដាំនៅតាមតំបន់មួយចំនួនទៀតដែលរងការកាប់ទន្ទ្រានដោយខុសច្បាប់។

លោកអភិបាលរងស្រុក ក៏លើកឡើងពីមូលហេតុនៃការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ដោយសារនៅតំបន់ស្រុកវាលវែងដីមានការឡើងថ្លៃ ដែលជំរុញឲ្យពលរដ្ឋនាំគ្នាទៅកាប់រុករានយកដីលក់ តាមការបំផុសបំផុលពីមេក្លោងជាឈ្មួញខិលខូចមួយចំនួន។
បើតាមអភិបាលស្រុកវាលវែង នៅស្រុកវាលវែងមានផ្ទៃដីជាង ៤៩ ម៉ឺនហិកតា ហើយផ្ទៃដីព្រៃដែលរងការបាត់បត់តាមការប៉ាន់ស្មានមានប្រហែល ១០ ភាគរយ។ លោកថា ថ្មីៗនេះក្រោយរដ្ឋាភិបាលបានបង្កើតអនុគណៈកម្មការចម្រុះចុះបង្ក្រាបនិងរិបអូសផ្ទៃដីព្រៃដែលរងការកាប់ទន្ទ្រានដោយខុសច្បាប់ជាង ៤ ម៉ឺនហិកតា រដ្ឋបាលស្រុកមានផែនការនឹងដាំស្តារជាផ្ទៃដីព្រៃឈើឡើងវិញ។


នៅក្នុងពិធីប្រគល់កូនឈើ ២ ម៉ឺនដើម ដល់រដ្ឋបាលស្រុកវាលវែង លោក John Willis នាយកប្រចាំប្រទេសអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជាក់ថា ការផ្តល់កូនឈើដល់រដ្ឋបាលស្រុកវាលវែង ជាការចូលរួមចំណែកដើម្បីលើកសម្រស់ធម្មជាតិពណ៌បៃតងឡើងវិញសម្រាប់ស្រុកព្រៃភ្នំដែលមានសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ។
លោក John Willis បានលើកឡើងថា ដើម្បីចូលរួមគាំទ្រយុទ្ធនាការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំរបស់ក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបរិច្ចាគកូនឈើចំនួន ១៩៧ ០០០ ដើម ដែលជាប្រភេទពូជព្រៃត្រូពិកចំនួន ១៨ ប្រភេទរួមមានដូចជា ធ្នង់ គ្រញូង បេង នាងនួន ក្លៀក គគីរ ឈើទាល និងពូជប្រភេទផ្សេងទៀត។
ក្នុងចំណោមកូនឈើចំនួន ១៩៧ ០០០ ដើម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងបរិច្ចាគជូនដល់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកោះកុង មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកវាលវែង និងមួយផ្នែកសម្រាប់រក្សាទុកដាំនៅចំណុចអន្ទង់អាំងតាមបណ្ដោយផ្លូវជាតិលេខ ៥៥។
ក្នុងឆ្នាំ២០២៣ ក្រសួងបរិស្ថានដែលមាន លោក អ៊ាង សុផល្លែត ជារដ្ឋមន្ត្រីបានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹត្យកម្មបរិស្ថានកិច្ច ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ «គឺជាប្រទេសដែលមានអព្យាក្រឹត្យកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០។
យុទ្ធសាស្ត្រចក្រវិស័យបរិស្ថានមានមុំចំនួន ៣ និងមានយុទ្ធសាស្ត្របីសំខាន់គឺ ទី១ ភាពស្អាត ទី២ ភាពបៃតង និងទី ៣ ចីរភាព៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា