Connect with us

ព័ត៌មានជាតិ

ជ្រូកអាំងនៅភូមិព្រះដាក់នៅតែត្រូវប៉ាន់ អ្នកលក់ថា ១ថ្ងៃ អាចលក់ជ្រូកបានពី៣ ទៅ៥ក្បាល

បានផុស

នៅ

អាជីករលក់ជ្រូកអាំងនៅភូមិព្រះដាក់ ឈ្មោះថា រ៉ាយុទ្ធ ជ្រូកអាំង អាចលក់បានជ្រូកអាំងក្នុងមួយថ្ងៃបាន ៣ក្បាលសម្រាប់ថ្ងៃធម្មតា និង៥ក្បាលសម្រាប់ថ្ងៃចុងសប្តាហ៍ ហើយអាចលក់បានមួយថ្ងៃ ពី៨ទៅ៩ក្បាលសម្រាប់ពេលមានពិធីបុណ្យទានធំៗ។ ជ្រូកមួយក្បាល អាចរកចំណូលបាន ១លានរៀលឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លែងលក់ជ្រូកអាំង រ៉ាយុទ្ធ ជ្រូកអាំង មានទីតាំងស្ថិតនៅ ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ម្ចាស់អាជីវកម្មបានឱ្យ “កម្ពុជាថ្មី” ដឹងថា អាជីវកម្មរបស់ខ្លួនចាប់ផ្តើមបើកដំណើរការតាំងពីឆ្នាំ២០២២មក ដោយពីដំបូងមិនសូវមានអ្នកស្គាល់នោះទេ ដោយលក់តាំងពីដើមមក១ថ្ងៃ អាចលក់ជ្រូកអស់តែមួយចំហៀងប៉ុណ្ណោះ រហូតអាចលក់បាន មួយថ្ងៃ ៣-៥ក្បាលនេះ។ បច្ចុប្បន្ន កន្លែងលក់ជ្រូកអាំង រ៉ាយុទ្ធ ជ្រូកអាំង មានបុគ្គលិកចំនួន ១២នាក់ សុទ្ធតែជាកូនក្មួយរបស់ម្ចាស់អាជីវកម្ម និងអ្នកនៅក្នុងភូមិជាមួយគ្នា ខ្លះរៀនចប់មិនមានការងារធ្វើ ក៏ម្ចាស់អាជីវកម្ម យកមកធ្វើជាបុគ្គលិកនៅទីនេះ។

អ្នកស្រី រ៉ាយុទ្ធ ម្ចាស់កន្លែងលក់ជ្រូកអាំង រ៉ាយុទ្ធ ជ្រូកអាំង បាននិយាយថា៖ “យើងលក់មួយគីឡូ៥ម៉ឺន ១ខាំ ៥ពាន់ បើសិនជាមានកម្មវិធីនៅខេត្តសៀមរាប គឺយើងគិតជ្រូក១ក្បាល ៣០០ដុល្លារ យកទៅអាំងឱ្យគាត់ដល់កន្លែង។ ដូច្នេះ អ្នកដែលមកលេងព្រះដាក់ មានតែលុយ ៥ពាន់ ក៏អាចហូបជ្រូកអាំងបានដែរ”។ អ្នកស្រីបញ្ជាក់ថា ចំពោះតម្លៃលក់ គឺមិនឡើងថ្លៃក្នុងឱកាសបុណ្យទានធំៗឡើយ ឡើងថ្លៃលុះត្រាតែជ្រូកដែលទិញមកនោះមានតម្លៃថ្លៃដែរ ទើបមានការដំឡើងតម្លៃបន្តិចបន្តួច។

ចំណែកជ្រូកវិញ គឺប្តីអ្នកស្រីជាអ្នកដើរទិញពីប្រជាជននៅភូមិជាមួយគ្នា និងនៅភូមិជិតគ្នាដែលជាជ្រូកស្រែ និងចិញ្ចឹមផ្ទាល់ដៃ ព្រោះគ្រួសារអ្នកស្រីធ្លាប់រកស៊ីជួញដូរជ្រូកពីមុនមក ដូច្នេះ អាចមើលស្គាល់ជ្រូកដែលល្អ។ ក្នុងការដើរប្រមូលទិញពីប្រជាជនក្នុងភូមិ គឺរើសយកតែជ្រូកដែលមានគុណភាពប៉ុណ្ណោះ រីឯ តម្លៃវិញ គឺគិតតាមតម្លៃទីផ្សារ។

មិនត្រឹមតែជ្រូកធម្មជាតិទេ អ្នកស្រីបញ្ជាក់ថា សូម្បីតែបន្លែក៏ធម្មជាតិដែរ ពោល គឺបន្លែដូចជា ដើមចេក អ្នកស្រីដាំខ្លួនឯង ប៉ុន្តែ បន្លែផ្សេងៗទៀត ទិញពីផ្សារ និងពីប្រជាជនក្នុងភូមិ។

សូមជម្រាបថា ភូមិព្រះដាក់ ស្ថិតនៅក្នុងខេត្តសៀមរាប គឺជាភូមិមួយក្នុងចំណោមភូមិដទៃ ដែលមានឈ្មោះជាភូមិស្អាតជាងគេ គ្មានសំរាម និងមានសោភណភាព ហើយផ្ទះប្រជាជននីមួយៗលម្អដោយផ្កានៅមុខផ្ទះ ដែលជាចំណុចមួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនមែនទែន។ ជាពិសេស ប្រជាជនជាច្រើនក្នុងភូមិនេះ បានបង្កើតមុខរបរផ្សេងៗគ្នា ប្រកបដោយស្នាមញញឹម និងភាពរីករាយ ហើយតម្លៃក៏ធូរថ្លៃ និងមានគុណភាពផងដែរ៕

(រូបភាពពី ហ្វេងសប៊ុកឈ្មោះ ភូមិនព្រះដាក់)
(រូបភាពពី ហ្វេងសប៊ុកឈ្មោះ ភូមិនព្រះដាក់)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម