ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ៖ អ្នកសារព័ត៌មាន ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែង និងភាពអសកម្មក្នុងសង្គម
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលដោះស្រាយបញ្ហាចំគោលដៅ ទទួលបានប្រសិទ្ធភាព។

ការផ្ដល់អនុសាសន៍នេះ តាមរយៈសារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី ២០ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍មួយចំនួនដល់អង្គវេទិកាលើកទី ២០ នេះ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឲ្យកើតមាន អរិភាព ការបែកបាក់សាមគ្គីភាពជាតិ ដោយត្រូវ ៖
១-បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។
២-ផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់ រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
៣-«ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាចំគោលដៅមានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល»។
៤-ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។
៥-បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើឲ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្ដាប់ធ្នាប់សង្គម។
៦-ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាង ការផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន។
៧-បណ្ដុះបណ្ដាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី លើកកម្ពស់គុណភាពព័ត៌មាន សណ្ដាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នេះជាកម្លាំងចលករក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។
ទន្ទឹមនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដោយស្មោះចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ ជូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗ ជាប្រវត្តិសាស្ត្រ នាពេលកន្លងមកដូចជា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធព្រឹត្តិការណ៍បោះឆ្នោតសកលនីតិកាលទី ៧ ឆ្នាំ ២០២៣ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ធ្វើឲ្យកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។ បន្ថែមនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរផងដែរចំពោះការផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក ដែលទទួលបានជោគជ័យយ៉ាងធំធេងនាពេលថ្មីៗ កន្លងទៅនេះ។
សម្ដេច ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ ២០២៣ នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កា ដើម្បីបន្តជំរុញអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត។ សម្ដេច ក៏សូមជូនពរដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងការពិភាក្សារបស់ខ្លួនផងដែរ៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ