ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ករណីមន្ត្រី PM បាញ់កុក អនុវត្តតាមច្បាប់ មិនមែនធ្វើតាមមតិក្នុងបណ្ដាញសង្គមឡើយ
ករណីឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលបានបាញ់សម្លាប់សត្វកុក ត្រូវបានអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា គឺជាការអនុវត្តតាមនីតិវិធីច្បាប់ មិនមែនធ្វើឡើងតាមអារម្មណ៍ ឬតាមការបញ្ចេញមតិក្នុងបណ្ដាញព័ត៌មានសង្គមឡើយ។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តាមរយៈវីដេអូឃ្លីបមួយ បានបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថស្រុកចិត្របុរី ឈ្មោះ កង សុផាណារ័ត្ន ពាក់សក្តិ១ បានបាញ់សម្លាប់សត្វកុកមួយក្បាល ដោយប្រើកាំភ្លើងខ្យល់។ ក្រោយប្រព្រឹត្តសកម្មភាពនេះ មន្ត្រីកងរាជអាវុធហត្ថរូបនេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ នៅថ្ងៃដដែលនោះ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងដូច្នេះថា៖ «ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែនធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គម ឬខ្លាចដោយមិនមានការទទួលខុសត្រូវនោះទេ»។ បើតាមឧត្តមសេនីយ៍ត្រី អេង ហ៊ី ជុំវិញការប្រគល់មន្ត្រីរាជអាវុធហត្ថរូបនេះឱ្យទៅរដ្ឋបាលព្រៃឈើ គឺដោយសាររដ្ឋបាលព្រៃឈើ មានសមត្ថកិច្ច ជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើ និងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងច្បាប់ស្តីពីព្រៃឈើ។

ឧត្តមសេនីយត្រី អេង ហ៊ី បានគូសបញ្ជាក់ថា កងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវទិសស្លោកជាត្រីវិស័យក្នុងការអនុវត្តតួនាទីភារកិច្ច គឺ«ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាជនត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប»។ ឧត្តមសេនីយ៍ត្រី បន្តថា យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានអប់រំបណ្ដុះបណ្តាល ហ្វឹកហ្វឺន ជាពិសេសការអប់រំចិត្តសាស្ត្រជាប្រចាំ ឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ ដោយលោក សង្កត់ធ្ងន់ថា «កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់»។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកឡើងថា ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការគោរពច្បាប់ បើប្រព្រឹត្តអំពើល្មើសត្រូវតែអនុវត្តតាមច្បាប់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


