សន្តិសុខសង្គម
ឃាត់ខ្លួនអាវុធហត្ថម្នាក់ទណ្ឌកម្មវិន័យកងទ័ព ករណីសម្ញែងកាំភ្លើងដាក់ប្ដីប្រពន្ធបើករថយន្តធំវ៉ាជែងស៊ីផ្លេខ្លាំងៗ
បុគ្គលដែលបើកបរម៉ូតូម៉ាកADV ពណ៌ខ្មៅ ពាក់មួកសុវត្ថិភាពអ.ហ ឈ្មោះ ខាន់ នីរ៉ូត ដែលបានកាន់កាំភ្លើងសម្ញែងដាក់ប្ដីប្រពន្ធបើករថយន្តធំវ៉ាជែងចូលគន្លងផ្លូវបញ្ច្រាសទិស ហើយស៊ីប្លេឡានខ្លាំងៗ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីទណ្ឌកម្មវិន័យកងទ័ព។ នេះបើតាមឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ ខែតុលា។

លោក អេង ហ៊ី បានឱ្យដឹងលម្អិតថា កាលពីថ្ងៃទី១៥ ខែតុលា គឺរថយន្តធុនធំដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ បើកបរលើផ្លូវជាតិលេខ៤ ដោយបុរសឈ្មោះ ថោង សេរីវិសិដ្ឋ និងមានភរិយាឈ្មោះ ថន សុជាតិ រួមដំណើរជាមួយ។ ក្នុងពេលបើកបររថយន្ត បានឡើងវ៉ាជែងរថយន្តចំនួន៣គ្រឿងផ្សេងទៀតឆ្លងចូលទៅគន្លងផ្លូវបញ្ច្រាសទិស រួចហើយក៏បានស៊ីផ្លេឡានខ្លាំងៗដាក់បុគ្គលឈ្មោះ ខាន់ នីរ៉ូត ដែលកំពុងតែបើកបរម៉ូតូម៉ាកADV ពណ៌ខ្មៅ ក្នុងទិសដៅផ្ទុយគ្នា។

អ្នកនាំពាក្យបន្តថា បន្ទាប់ពីម្ចាស់រថយន្តធំស៊ីផ្លេខ្លាំងដាក់ បុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏បានឈប់ម៉ូតូ រួចបើកកែបយកកាំភ្លើងខ្លី១ដើមកាន់នៅដៃ រួចជិះម៉ូតូត្រឡប់ទៅក្រោយតាមរថយន្តប្រហែល៥០០ម៉ែត្រក៏ឃើញរថយន្តនោះអែបខាងឈប់ នៅចន្លោះគីឡូម៉ែត្រលេខ១៧៥ និង១៧៦ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បុគ្គល ខាន់ នីរ៉ូត ដែលកាន់កាំភ្លើងនៅនឹងដៃ ក៏បានសួរទៅកាន់អ្នកបើកបររថយន្តធុនធំវ៉ាជែងរថយន្តបី ហើយស៊ីផ្លេខ្លាំងៗដាក់ខ្លួនថា «បងឯងបើករថយន្តរបៀបមិច» ចំណែកអ្នកបើកបររថយន្តធំក៏ឆ្លើយតបវិញថា «អ្នកឯងបើកម៉ូតូរបៀបមិច»។ បន្ទាប់ពីបានសួរនាំគ្នាត្រឹមប៉ុណ្ណេះ បុគ្គល ខាន់ នីរ៉ូត ក៏បើកម៉ូតូកាត់មុខរថយន្តនោះ រួចត្រឡប់ក្រោយវិញទៅវិញ ដោយមិនបានស្រែកគំរាមកំហែងអ្វីតទៅទៀត ហើយក៏មិនបានលើកកាំភ្លើងខ្លីទៅភ្ជង់អ្នកបើកបររថយន្តធំ ដូចអ្វីដែលអ្នកបើកបររថយន្តធំរៀបរាប់ប្រាប់កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ឡើយ។

បន្ទាប់ពីមានករណីនេះ ជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ រកឃើញថាបុគ្គលពាក់ព័ន្ធឈ្មោះ ខាន់ នីរ៉ូត បើកបរម៉ូតូម៉ាកADV ពណ៌ខ្មៅ ពាក់មួកសុវត្ថិភាពអ.ហ គឺបម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា។

បន្ទាប់ពីនេះ កម្លាំងកងរាជអាវុធហត្ថក៏សម្របសម្រួល ខាន់ នីរ៉ូត ដែលបានសម្ញែងកាំភ្លើងដាក់អ្នកបើករថយន្តធំ សូមទោសចំពោះទង្វើខុសឆ្គង នឹងវិន័យក្រមសីលធម៌ វិជ្ជាជីវៈ ជាមួយនឹងឈ្មោះ ថោង សេរីវិសិដ្ឋ និងឈ្មោះ ថន សុជាតិ ដែលជាអ្នកបើកបររថយន្តធំ វ៉ាជែងហើយស៊ីផ្លេខ្លាំងៗ នៅថ្ងៃកើតហេតុនោះរួចរាល់ ទើបបញ្ជូន កងរាជអាវុធហត្ថឈ្មោះ ខាន់ នីរ៉ូត ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចំណាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


