ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការផ្សាយព័ត៌មានដោយបង្ហាញរូបភាពសោកនាដកម្មមិនបិទបាំង គឺប៉ះពាល់ដល់សិទ្ធិឯកជនភាព
ការផ្សព្វផ្សាយព័ត៌មានដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ ឬប្រភេទរូបភាពផ្សេងទៀតដូចជា រូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សាយ៉ាងចំហរស្រស់ៗដោយមិនមានបិទបាំងត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈ ឬការរាយការណ៍ព័ត៌មានដោយអសីលធម៌ ខុសគន្លងវិជ្ជាជីវៈ គឺប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណី សីលធម៌ល្អ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ព្រមទាំងប៉ះពាល់ដល់សិទ្ធិឯកជនភាព និងតម្លៃរបស់អ្នកដទៃ។ នេះជាការបញ្ជាក់របស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានសង្កត់ធ្ងន់ថា ទាំងនេះសុទ្ធសឹងជាទង្វើដែលអ្នកសារព័ត៌មាន មិនត្រូវធ្វើដាច់ខាត ព្រោះជាទង្វើប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលតាមរយៈនេះ លោក បានជំរុញអ្នកសារព័ត៌មានអាជីពត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈដើម្បីទទួលបានជំនឿទុកចិត្ត និងសង្គមផ្តល់តម្លៃ។
លោក ទេព អស្នារិទ្ធ បានលើកឡើងថា គេបានសង្កេតឃើញទង្វើបំពានក្រមសីលធម៌វិជ្ជាជីវៈ បានកើតឡើងជារឿយៗក្នុងសង្គមកម្ពុជាទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ដោយសារតែការធ្វេសប្រហែស ខ្វះការយកចិត្តទុកដាក់ ជាពិសេសគឺការអនុវត្តការងារដោយខ្វះការទទួលខុសត្រូវ មិនបានប្រកាន់ខ្ជាប់នូវវិន័យការងារ ភាពថ្លៃថ្នូរក្នុងអាជីព និងការមិនគោរពក្រមសីលធម៌ក្នុងចំណោមអ្នកសារព័ត៌មានមួយចំនួន។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ទង្វើទាំងនេះបានធ្វើឱ្យតម្លៃរបស់អ្នកសារព័ត៌មានដែលបានបំពានក្រមសីលធម៌នោះធ្លាក់ចុះ ហើយមិនតែប៉ុណ្ណោះវាប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មានផ្សេងទៀតដែលជាអ្នកគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជះឥទ្ធិពលអាក្រក់ដល់អាជីពសារព័ត៌មានទាំងមូលទៀតផង។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា គ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ រួមទាំងអាជីពសារព័ត៌មានផងសុទ្ធតែមានក្រមសីលធម៌ដែលអ្នកប្រកបអាជីពនោះត្រូវប្តេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម ព្រមទាំងលើកកម្ពស់តម្លៃវិជ្ជាជីវៈ។ លោក ទេព អស្នារិទ្ធ បានថ្លែងសង្កត់ធ្ងន់ថា ក្នុងន័យនេះ អ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងការចុះយក និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពនោះត្រូវផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវ កាតព្វកិច្ចជាអ្នកសារព័ត៌មាន និងការប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។
លោក ថា សូមចងចាំថា អ្នកសារព័ត៌មានមានកាតព្វកិច្ចធានាថាការផ្សព្វផ្សាយរបស់ខ្លួន មិនបំពានសិទ្ធិបុគ្គល មិនបង្កព្យសនកម្ម មិនបង្ខូចកេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ ជាងនេះទៀត អ្នកសារព័ត៌មានមានទំនួលខុសត្រូវក្នុងការធានាថាការផ្សព្វផ្សាយរបស់ខ្លួន មិនបង្កមហន្តរាយដល់សណ្តាប់ធ្នាប់សាធារណៈ មិនបង្កហានិភ័យប៉ះពាល់ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខជាតិ។ អ្នកសារព័ត៌មានត្រូវគោរព ស្រលាញ់ ផ្តល់តម្លៃដល់អាជីពរបស់ខ្លួន និងចូលរួមការពារតម្លៃអ្នកដែលប្រកបអាជីពដូចគ្នា ព្រមទាំងលើកតម្កើងវិជ្ជាជីវៈសារព័ត៌មានកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដោយឈរលើស្មារតីនៃលទ្ធផលសិក្ខាសាលាស្តីពីការតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ រៀបចំដោយក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវដោយគូសបញ្ជាក់បន្ថែមថាការគោរពក្រមសីលធម៌ក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មានមានសារៈសំខាន់ណាស់ ដែលចាំបាច់ទាមទារឱ្យអ្នកប្រកបអាជីពសារព័ត៌មានគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ដាច់ខាតក្នុងការអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃប្រកបដោយការទទួលខុសត្រូវ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន និងកសាងបន្ថែមនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


