ព័ត៌មានជាតិ
ការដេញថ្លៃគម្រោង ជាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន
ការដេញថ្លៃគម្រោង គឺជាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតម្រូវការប្រជាពលរដ្ឋ។
នេះជាការលើកឡើងរបស់លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាតំណាងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជានៅខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៣មេសានេះ នៅសាលាខណ្ឌទួលគោក ដែលមានការចូលរួមពីលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោកផងដែរ។

ក្នុងឱកាសនោះ លោកហួត ហៃ បានណែនាំថា រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមានតម្លៃសមស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។ អ្នកចូលរួមទាំងអស់ ត្រូវតាមដាន និងសង្កេតចំពោះលទ្ធផលនៃការដេញថ្លៃ និងបន្តតាមដានគុណភាពគម្រោង នៅពេលអនុវត្តគម្រោងរហូតដល់ការអនុវត្តកិច្ចសន្យាគម្រោងត្រូវបានបញ្ចប់១០០%។

បន្ថែមពីនេះ លោក ក៏បានណែនាំឱ្យក្រុមហ៊ុន / អ្នកទទួលការ ត្រូវគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន/អ្នកទទួលការ ត្រូវស្គាល់ទីតាំង និងដឹងច្បាស់អំពីទំហំការងាររបស់គម្រោងពិចារណាច្បាស់លាស់មុននឹងដាក់តម្លៃដេញថ្លៃ។

ក្រោយពីការដេញថ្លៃបាន ត្រូវគោរពនីតិវិធីនៃកិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោងមានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោងរហូត ដល់ពេលបិទការដ្ឋាន។

គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្តល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ។

លោកហួត ហៃក៏បានណែនាំឱ្យក្រុមហ៊ុន /អ្នកទទួលការគម្រោងអភិវឌ្ឍន៍សង្កាត់ ដែលដេញថ្លៃគម្រោងបានឈ្នះត្រូវរួសរាន់ចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយសង្កាត់ និងបន្ទាប់ពីបានចុះកិច្ចសន្យារួច ត្រូវអនុវត្តតាមផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់។ គម្រោងនីមួយៗត្រូវមានមេការប្រចាំការ មានសៀវភៅតាមដានការដ្ឋាន ជាពិសេសក្នុងការអនុវត្តគម្រោងត្រូវធានាបានគុណភាព បទដ្ឋានបច្ចេកទេស និងសោភ័ណភាព។ អនុវត្តគម្រោងឱ្យទាន់ពេលវេលាកំណត់ និងរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការដ្ឋាន។

ចំពោះសាលាខណ្ឌ សាលាសង្កាត់ និងគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ព័ន្ធ ពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោង ដើម្បីចូលរួមសហការ និងត្រូវតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឱ្យគម្រោងសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីណែនាំបានកំណត់៕
ដោយ ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម២៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


