ព័ត៌មានជាតិ
សម្តេចធិបតី៖ កម្ពុជា កំពុងដើរលើផ្លូវត្រូវក្នុងការសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥
បើទោះបីជាជំងឺគ្រុនចាញ់ នៅតែយាយីដល់អាយុជីវិតមនុស្សគ្រប់ពេល និងបានធ្វើឱ្យខាតបង់ផលិតភាពយ៉ាងធ្ងន់ធ្ងរ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងប្រទេសកម្ពុជាក៏ដោយ ក៏ប្រទេសកម្ពុជាបាននិងកំពុងតែដើរលើផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកគាំទ្រការសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ តាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥។
នេះបើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់”។

សម្តេចធិបតី បានគូសបញ្ជាក់ថា៖«កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ត្រឹមឆ្នាំ ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗ មានជាអាទិ៍ ការទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៦ និងការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មាន ត្រឹមតែ ១ ៣៨៤ ករណី ប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូត មកដល់បច្ចុប្បន្ន»។
យ៉ាងណាមិញ សម្តេចធិបតីក្រើនរំឭកថា ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលជោគជ័យទាំងនេះ យើងមិនត្រូវភ្លេចខ្លួនទេថា យើងពុំទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយ ដោយនៅមានបញ្ហាប្រឈមចម្បងៗដែលយើងត្រូវតែខិតខំរួមគ្នាដោះស្រាយ និងបង្កើនល្បឿនអនុវត្តផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥។
ជាពិសេសត្រូវផ្តោតលើការផ្តល់សេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ករណីជំងឺគ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាលពិបាកទៅដល់ និងប្រជាជនចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ព្រមទាំងជនជាតិដើមភាគតិចដែលប្រឈមនឹងហានិភ័យខ្ពស់ ដោយមិនប្រកាន់ពណ៌សម្បុរ ភេទ ពូជសាសន៍ សាសនា ស្ថានភាពសង្គម-សេដ្ឋកិច្ច ឬស្ថានភាពផ្សេងៗទៀត ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្ន។

បន្ថែមពីលើនេះ ត្រូវបន្តសកម្មភាពលើកកម្ពស់ ការយល់ដឹងរបស់សាធារណជន ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថានស្អាត ការពារកុំឱ្យមូសខាំ ដែលមិនត្រឹមតែជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែក៏ជាសិទ្ធិរបស់ប្រជាជនគ្រប់រូបដែលត្រូវទទួលបានផងដែរ។

យោងតាមរបាយការណ៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បង្ហាញថា ក្នុងឆ្នាំ ២០២៣ ជំងឺគ្រុនចាញ់មានចំនួន១ ៣៨៤ ករណី ដែលចំនួននេះមានការថយចុះ ៦៦ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ដែលជំងឺគ្រុនចាញ់កើតមាន ៤ ០៥៣ ករណី។
ប្រភពដដែលបញ្ជាក់ថា៖ «ក្នុងចំណោមអ្នកឆ្លងជំងឺទាំងជាង១ពាន់ករណីនេះ មិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នោះទេ ដែលចាប់តាំងពីឆ្នាំ២០១៨ មក កម្ពុជាមិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ឡើយ ពិសេសប្រទេសកម្ពុជាមានគោលដៅត្រូវលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់នាឆ្នាំ២០២៥»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


