Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ជំរុញ​ការ​អនុវត្ត​ច្បាប់​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ពន្ធដារ

បានផុស

នៅ

នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ និង​តុលាការ​ចូលរួម​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​ការ​​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ចាត់​វិធាន​ការ​សមស្រប​ឱ្យ​ទាន់​ពេលវេលា​ដើម្បី​គាំទ្រ​ដល់​ការ​ប្រមូល​ពន្ធ និង​លើក​កម្ពស់​វប្បធម៌​នៃ​ការ​បង់​ពន្ធ​នៅ​កម្ពុជា​។ សម្ដេច​បាន​លើក​ឡើង​ថា​ គ្មាន​ពន្ធដារ​ប្រទេស​ណា​ស្រួល​ជាង​កម្ពុជា​នោះ​ទេ ដែល​អាច​និយាយ​យោគយល់​គ្នា​បាន ​តែ​ថា​ការ​យោគយល់​នេះ​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​អន្តរកាល​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សម្ពោធអាគារ​​ស្នាក់​ការ​កណ្ដាល​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​រាជធានី​ភ្នំពេញ ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៦​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ការ​ប្រមូល​ពន្ធដារ​​គឺ​ការ​អនុវត្ត​តាម​គោលការណ៍​ស្មើភាព​ ហើយ​អ្នក​បង់​ពន្ធ​ និង​មន្ត្រី​ពន្ធ​ដារ​យល់​ពី​កាតព្វកិច្ច​ តួនាទី​រៀងៗ​ខ្លួន​។ សម្ដេច​ក៏​បាន​បន្ថែម​ទៀត​ថា​ ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ​គយ និង​ពន្ធដារ​គឺ​ជា​ការ​លើក​កម្ពស់​ការ​វិនិយោគ​នៅ​កម្ពុជា​ ហើយ​ភាព​មិន​ច្បាស់​លាស់​ និង​មិន​អាច​ប៉ាន់ប្រមាណ​បាន​របស់​ពន្ធដារ​គឺ​ជា​ការ​រារាំង​ដល់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​។

សម្ដេច​បាន​ជំរុញ​យ៉ាង​ដូច្នេះ​ថា៖ «បើសិនជា​យើង​មិន​មាន​ការ​ប្រមូល​ចំណូល​នេះ​ទេ​យើង​នៅ​តែ​ពឹង​ចំណូល​ពី​ខាង​ក្រៅ​ ពី​ជំនួយ​អត់​កើត​ទេ​ គឺ​ត្រូវ​តែ​ផ្ទៃ​ក្នុង​ម្ចាស់​ការ​លើ​ខ្លួន​ឯង​»


សម្ដេច​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​បន្ត​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ ខិតខំ​បំពេញ​កាតព្វកិច្ច​ប្រមូល​ពន្ធ​ ពង្រឹង​ធនធាន​មនុស្ស​វិជ្ជាជីវៈ និង​ធ្វើ​ទំនើប​កម្ម​បន្ថែម​ទាន់​សម័យ​កាល​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ជាប់​ពន្ធ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ​សម្ដេច​បាន​ណែ​នាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​តុលាការ​ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ​ផង​ដែរ​។

សម្ដេច​ថា៖ «ខ្ញុំ​ស្នើ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជា​អាថ៌​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខេត្ត​ក្រុង​ និង​តុលាការ​ចូលរួម​គាំទ្រ​​ដល់​ការ​អនុវត្ត​ការងារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ការ​ប្រមូល​ពន្ធ​ ដោយ​ហេតុ​ថា​​​ការ​ប្រមូល​ចំណូល​ពន្ធ​គឺ​ពិត​ជា​មិន​ងាយ​ស្រួល​ទេ​ប្រសិន​ជា​គ្មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​»

លោក គង់ វិបុល អគ្គនាយកពន្ធដារកម្ពុជា

អគ្គនាយកដ្ឋាន​ពន្ធដារ​គឺ​ជា​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​ដែល​មាន​តួនាទី​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃ​ក្នុង​គ្រប់​ប្រភេទ​ បង់​ចូល​ថវិកាជាតិ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍជាតិ។ ស្ថាប័ន​នេះ​ត្រូវ​បាន​តំឡើង​កម្រិត​ពី​នាយកដ្ឋាន​ មក​ជា​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៨។ តាំង​ពី​តំឡើង​កម្រិត​មក​អង្គភាព​នេះ​ បាន​ប្រមូល​ចំណូល​ពន្ធ​កើន​ឡើង​ជា​បន្តបន្ទាប់។ តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនីរ័ត្ន ថា​ចំណូល​ពន្ធដារ​បាន​កើន​ឡើង​ពី​ ៧៣៨លានដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១២ រហូត​ដល់​ជាង​ ៣ ៥៧៧លានដុល្លារ​ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ​ដែល​មាន​ការ​កើន​ឡើង​ជិត​៤​ដង​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម