Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែងឱ្យស្ថាប័នមានសមត្ថកិច្ចបន្តវែកមុខអ្នកកាងពីក្រោយបទល្មើសកាប់ព្រៃយកដីរដ្ឋ

បានផុស

នៅ

អាជ្ញាធរខេត្តស្ទឹងត្រែង ស្នើទៅកាន់ស្ថាប័នតុលាការ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ បន្តស៊ើបអង្កេត ស្រាវជ្រាវ និងវែកមុខអ្នកកាងពីក្រោយសកម្មភាពកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ការស្នើសុំនេះ លើកឡើងដោយលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើរបស់លោកអភិបាលខេត្ត គឺធ្វើឡើងក្រោយអាជ្ញាធរមានសមត្ថកិច្ចនៃខេត្តស្ទឹងត្រែងបាននិងកំពុងបង្ក្រាបបទល្មើសកាប់បំផ្លាញធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងជាបន្តបន្ទាប់។ ជាក់ស្ដែង ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ទីរបរិស្ថានខេត្ត ដើម្បីស្រាវជ្រាវ កំណត់ទីតាំង និងឈានទៅកំណត់មុខសញ្ញា ក្រោមការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

ប្រតិបត្តិការនេះ គឺកម្លាំងជំនាញបានពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងរឹបអូសបានវត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងបទល្មើសបំផ្លាញធនធានធម្មជាតិដែលប្រព្រឹត្តល្មើសនៅក្នុងតំបន់ការពារទេសភាព នៅព្រំប្រទល់រវាងស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ក្រោយបញ្ចប់នីតិវិធីដោយស្ថាប័នបអយ្យការអមសាលាដំបូងខេត្ត បច្ចុប្បន្ន ជនល្មើសដែលឃាត់ខ្លួនបាន ត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្ត។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានវាយតម្លៃខ្ពស់ចំពោះស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត មន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបបានទាំងស្រុងលើករណីនេះ។ តែយ៉ាងណា លោកអភិបាលខេត្ត បានសំណូមពរទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់«សូមបន្តស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីវែកមុខ និងឃាត់ខ្លួនមកទទួលទោសតាមច្បាប់រដ្ឋកំណត់ចំពោះអ្នកនៅពីក្រោយខ្នង និងអ្នកជួលឱ្យប្រជាជនចូលកាប់បំផ្លាញព្រៃឈើ ដើម្បីសម្រេចមហិច្ឆតាទន្ទ្រានដីរដ្ឋដោយខុសច្បាប់»

ដើម្បីប្រសិទ្ធភាពការងារនៃការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះកាន់តែជោគជ័យទៀតនោះ កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោក សរ សុពុត្រា បានបើកកិច្ចប្រជុំពិនិត្យលើប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រោមវត្តមានដឹកនាំរបស់លោក ប៉ាន់ខែម ប៉ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម