Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ បងប្អូនត្រូវចាំឱ្យច្បាស់ខ្មែរគឺខ្មែរ វៀតណាមគឺវៀតណាម គ្មានការឡូកឡំគ្នាទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដាស់ស្មារតីពលរដ្ឋឱ្យភ្ញាក់រឭកថា បងប្អូនត្រូវចាំឱ្យច្បាស់ខ្មែរគឺខ្មែរ វៀតណាមគឺវៀតណាម ឡាវគឺឡាវ ថៃគឺថៃ គ្មានការឡូកឡំគ្នាទេ ។ ការក្រើនរំឭកនេះ​ធ្វើឡើងតាមរយៈសារជាសំឡេង នៅថ្ងៃទី​ ១២ ខែសីហានេះ ដើម្បីជាការឆ្លើយតបជុំវិញក្តីកង្វល់ពលរដ្ឋដែលបារម្ភថា គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើឱ្យបាត់បង់អធិបតេយ្យភាពកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច បានអះអាងម្តងហើយម្តងទៀតថា គម្រោងនេះទាក់ទងទៅនឹងពាណិជ្ជកម្ម វិស័យសេវា ការតភ្ជាប់ និយាយរួមពាក់ព័ន្ធសេដ្ឋកិច្ច សង្គម។ សម្តេចថ្លែងថា៖«សូម្បីតែយើងចូលអាស៊ាន យើងមិនបានដាក់ដីរបស់យើងទៅក្នុងក្របខណ្ឌអាស៊ាននោះទេ ប៉ុន្តែជាសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌអាស៊ាន។ ហើយមិនមែនយើងមាន​កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ តែត្រឹមជាមួយអាស៊ានទេ យើងឈានទៅដល់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលរួមមានអាស៊ាន ១០ប្រទេស បូកជាមួយនឹងជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងចិន»។

បើតាមសម្តេចតេជោ ក្រៅពីការអភិវឌ្ឍន៍ទទួលបានជោគជ័យកន្លងទៅរវាងកម្ពុជា ឡាវ និងវៀតណាម​ សម្តេចក៏បានពិភាក្សាជាមួយអតីតនាយករដ្ឋមន្រ្តីថៃ ជាមួយនឹងភាគីឡាវ ដោយគ្រោងធ្វើតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ ជាមួយថៃ ដោយខាងកម្ពុជាមានខេត្តព្រះវិហារ ។ សម្តេចថ្លែងថា៖‍«គឺយើងហ៊ានរហូតទៅដល់ធ្វើតារាងវាយកូនហ្គោល នៅព្រំដែនរវាងប្រទេសទាំង៣ កម្ពុជា ៩ឡូតិ៍ ឡាវ ៩ ឡូតិ៍ ថៃ៩ឡូតិ៍ ទាំងអស់ ២៧ ឡូតិ៍ ប៉ុន្តែដោយសាររដ្ឋប្រហារជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ មិនអាចអនុវត្តគម្រោងនេះបាន»។ សម្តេចគូសបញ្ជាក់ថា គម្រោងនេះមានគោលបំណង ចង់បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាពជាមួយប្រទេសជិតខាង ហើយនឹងនាំមកនូវវិសាលភាពខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៅក្នុងតំបន់នោះ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

ជាមួយគ្នានេះ សម្តេចស្នើឱ្យបងប្អូនមានការប្រុងប្រយ័ត្នត្រិះរិះ ឬអាចចូលមើលឯកសារនានា តើមានកន្លែងណាដែលនិយាយទាក់ទិនជាមួយនឹងការកាត់ដីឱ្យវៀតណាម មានកន្លែងណា​ដែលថាយកដី និងធនធានធម្មជាតិកម្ពុជាទៅដាក់ជាសម្បត្តិរួម គឺគ្មានទេ។ យើងមានតែកិច្ចព្រមព្រៀងទាក់ទងទៅនឹងពាណិជ្ជកម្ម វិស័យសេវា ការតភ្ជាប់ និយាយរួមពាក់ព័ន្ធសេដ្ឋកិច្ច សង្គម។

សម្តេចថ្លែងថា៖«ការញុះញង់ពីខាងក្រៅគឺអាក្រក់ខ្លាំងណាស់នៅពេលនេះ ប៉ុន្តែបងប្អូននៅក្នុងប្រទេសមិនគួរត្រូវបានគេបោកប្រាស់។ ខ្ញុំគ្រាន់តែសុំអំពាវនាវចំពោះបងប្អូន កុំដើរផុតបន្ទាត់ក្រហម ឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាលដូចដែលពួកឧទ្ទាមក្រៅច្បាប់បានធ្វើការអំពាវនាវប៉ុន្មានថ្ងៃមកនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម