ព័ត៌មានជាតិ
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អះអាងថា មិនធ្លាប់ផ្តល់អាជ្ញាបណ្ណ ឬសាខាក្រុមហ៊ុនល្បែងផ្សងសំណាងដល់ខេត្តកោះកុងទេ
កោះកុង ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ខ្លួនមិនធ្លាប់ផ្តល់អាជ្ញាបណ្ណ ឬ សាខាក្រុមហ៊ុនល្បែងផ្សងសំណាង និងលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងដល់ខេត្តកោះកុងនោះទេ។

នេះជាការអះអាងរបស់លោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តិ និងគ្រប់គ្រងអាជ្ញាបណ្ណនៃអគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជូនដល់អាជ្ញាធរមន្រ្តីជំនាញពាក់ព័ន្ធនៅក្នុងភូមិសាស្រ្តខេត្តកោះកុង។

លោក ម៉ី ច័ន្ទវាសនា បានបន្តថា គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានព្យួរអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន២ក្រុមហ៊ុន និងអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាងចំនួន៤សាខា និងដកហូតអាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន១ក្រុមហ៊ុន ព្រមទាំងបានបញ្ចប់ការបន្តសុពលភាពលិខិតអនុញ្ញាតប៉ុស្តិ៍សេវាល្បែងផ្សងសំណាងទាំង៩០ផងដែរ។ ក៏ប៉ុន្តែ លោក ច័ន្ទវាសនា មើលឃើញថា ទោះបីជាមានការលុបចោលអាជ្ញាបណ្ណឆ្នោតផ្សេងសំណាងមួយចំនួនយ៉ាងណាក្តី ក៏ពលរដ្ឋដែលញៀនល្បែងនៅតែអាចមានឱកាសធ្វើសកម្មភាពលាក់លៀមបានដែរ ព្រោះបច្ចេកវិទ្យាកាន់តែទំនើប ដោយពួកគាត់ប្រើប្រាស់ទូរស័ព្ទ ធេបប្លែត និងកុំព្យូទ័រជាដើម។ ដូច្នេះត្រៀមមានវិធានការបន្ថែមឱ្យមានប្រសិទ្ធភាពបំផុតតាមច្បាប់។

បញ្ហាល្បែងស៊ីសងនេះដែរ ត្រូវបានលោក ហាក់ ឡេង អភិបាលរងខេត្ត ថ្លែងថា អាជ្ញាធរខេត្តក្រុងស្រុក និងសមត្ថកិច្ចជំនាញ តែងតាមដានបង្រ្កាបទប់ស្កាត់រាល់ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់ដូចភ្លៀងរលឹម ក៏ប៉ុន្តែប្រជាពលរដ្ឋដែលជាអ្នកញៀនទាំងនោះតែងលបលួចលេងល្បែងស៊ីសងខុសច្បាប់នៅទីតាំងដែលបិទបាំងជិត។

លោកអភិបាលរងខេត្តកោះកុង ប្តេជ្ញាចិត្តថា នឹងបង្កើនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ។ ស៊ើបអង្កេតនូវអត្ថិភាព នៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ និងបង្កើតយន្តការសម្រាប់រាយការណ៍ និងធ្វើរបាយការណ៍ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

យោងតាមរបាយការណ៍របស់អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បង្ហាញថា គ.ល.ក និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធបានជំរុញវិធានការបង្រ្កាបយ៉ងាតឹងរឹងដោយបានបិទល្បែងផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទស្ទើរតែទាំងស្រុងទូទាំងប្រទេសសរុបចំនួន៥.៦៧០ទីតាំង។ ដោយឡែក២ទៅ៣ថ្ងៃមកនេះ ខេត្តកោះកុងរកឃើញទីតាំងល្បែងស៊ីសងចំនួន២ទីតាំង ដោយពួកគេផ្សព្វផ្សាយពាណិជ្ជកម្មពីល្បែងតាមរ៉ឺម៉កម៉ូតូកង់បីដែលទាមទារឱ្យមានវិធានការជាបន្ទាន់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


