ព័ត៌មានជាតិ
មេបញ្ជាការអាវុធហត្ថខេត្តកោះកុង ស្នើ នាយទាហាន រក្សាអ្នកចាស់ បណ្ដុះអ្នកថ្មី ក្នុងជួរទ័ព
លោកមេបញ្ជាការកងអាវុធហត្ថខេត្តកោះកុង ស្នើដល់នាយទាហាន ពលទាហាន ក្រោមឱវាទ ត្រូវរក្សាការពារអ្នកចាស់ បណ្ដុះបណ្ដាលអ្នកថ្មី ក្នុងជួរកងទ័ព ដើម្បីបំពេញការងារតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីប្រកាសតែងតាំងផ្លាស់មុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្ដិជូនយោធិនចំនួន ២៥ នាក់ លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងអាវុធហត្ថខេត្តកោះកុង បានដាស់តឿនដល់នាយទាហាន និងពលទាហាន ក្នុងអង្គភាពរួមគ្នា ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង និងការពារយោធិនដែលជារៀមច្បង ក្រោមពាក្យស្លោក«រក្សាអ្នកចាស់ បណ្ដុះអ្នកថ្មី» ជាអ្នកបន្តវេន ក្នុងការតបស្នងដល់ថ្នាក់ដឹកនាំដែលលើកទឹកចិត្តជាបន្តកន្លងមក។

លោកមេបញ្ជាការកងអាវុធហត្ថខេត្តកោះកុង គូសបញ្ជាក់នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ទៀតថា នាយទាហាន និងពលទាហាន មិនត្រូវខ្ជិលច្រអូសនោះ ពោលគឺបន្តប្រឹងប្រែងរៀនសូត្របង្កើនចំណេះដឹង ប្រកាន់ខ្ជាប់ និងប្រតិបត្តិការឱ្យបានត្រឹមត្រូវសុជីវធម៌ សីលធម៌ និងគុណធម៌ ជាមនុស្សមានតម្លៃ។ ចៀសវាងមានតួនាទីអំណាចហើយទៅប្រព្រឹត្តអំពើផ្ទុយច្បាប់ហាមឃាត់។

លោក តាំង ឈុនស្រេង ក៏បានកោតសរសើរអំពីគំរូវីរភាពរបស់យោធិនម្នាក់ដែលបានអនុវត្តគោរពបទវិន័យ ពង្រឹងប្រសិទ្ធភាពការងារតាមឋានានុក្រម លះបង់ជីវិតបុព្វហេតុក្នុងការការពារសន្តិសុខ សុវត្ថិភាពរក្សាសណ្ដាប់ធ្នាប់សង្គម និងការបង្ក្រាបបទល្មើសនានា។ ទន្ទឹមនេះ លទ្ធផលដែលយោធិនមាននៅថ្ងៃនេះ សុទ្ធសឹងតែជាការប្រឹងប្រែងពុះពារពលីកម្មគ្រប់បញ្ហាជូនប្រជាពលរដ្ឋ សង្គមជាតិ និងថ្នាក់ដឹកនាំដែលបានប្រគល់ភារកិច្ចតួនាទីជូន។

ដោយឡែក លោកអនុសេនីយ៍ឯក ហេង ស្រស់ នាយការិយាល័យសណ្ដាប់ធ្នាប់អន្តរាគមន៍ តំណាងយោធិនទាំង ២៥ រូប ដែលទើបទទួលបានតួនាទីមុខតំណែងថ្មី បានប្ដេជ្ញាចិត្តថា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពាររដ្ឋធម្មនុញ្ញការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។

លោក ហេង ស្រស់ អះអាងដែរថា រូបលោក និងតំណាងយោធិនផ្សងៗ ទៀត នឹងប្រឆាំងដាច់ខាតការបង្កអសន្តិសុខ និងការធ្វើបដិវត្តន៍ពណ៌គ្រប់រូបភាព ដើម្បីការពារផលប្រយោជន៍សង្គមជាតិ សន្តិសុខ រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងសង្គម និងកិច្ចអភិវឌ្ឍន៍ប្រទេសតាមបែបប្រជាធិបតេយ្យ។ ក្នុងនាមជាយោធិនខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយគោរពច្បាប់ បទបញ្ជា គោរពព្រឹទ្ធាចារ្យ គោរពវិន័យសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ និងអនុវត្តការងារតាមឋានានុក្រម ដោយពុំយកឋានៈតួនាទីទៅប្រព្រឹត្តបទល្មើសផ្សេងៗ ជាដាច់ខាត។

តំណាងយោធិន លើកឡើងដែរថា ពួកគាត់ នឹងប្រឹងប្រែង បង្កើនសមត្ថភាព ចំណេះដឹង ឱ្យស្របទៅតាមសម័យឌីជីថល និងសិក្សាបន្ថែមអំពីច្បាប់ លក្ខន្តិកៈ បទវិន័យទូទៅ របស់កងយោធពលខេមរភូមិន្ទ ដើម្បីតម្រង់ទិសក្នុងកិច្ចប្រតិបត្តិការអនុវត្តច្បាប់ប្រកបដោយគុណភាពប្រសិទ្ធភាព៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


