Connect with us

ព័ត៌មានជាតិ

ភូមិសាស្ត្រកសិទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផលដំណាំហូបផ្លែ ដាក់លក់បណ្តើរៗហើយ

បានផុស

នៅ

ទឹកដីកសិទេសចរណ៍ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កំពុងប្រមូលផលដំណាំរបស់ខ្លួនដាក់លក់ជាបណ្តើរៗហើយ ពិសេសសាវម៉ាវ និងព្រីង ចំណែកឯទុរេន និងដំណាំផ្សេងទៀត ប្រមូលផលបានតិចតួចនៅឡើយទេ ខណៈទេសចរអាចស្វែងរកទិញផលដំណាំទាំងនោះ ពីម្ចាស់ចម្ការនីមួយៗដោយផ្ទាល់បាន ពិសេសទុរេន ទោះ ១ផ្លែ ឬ២ផ្លែឡើងក៏ដោយ។

បើក្រឡេកមើលតាមបណ្តោយផ្លូវជាតិលេខ១១ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ជាប់នឹងភូមិសាស្ត្រចម្ការកៅស៊ូ មានប្រជាកសិករខ្លះ បាននាំយកភោគផលដំណាំពីប្រភពចម្ការផ្សេងៗដាក់លក់ត្រៀបត្រា ពិសេសទុរេន បំពេញរាជ្យ និងសាម៉ាវ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតតែមានការដាក់លក់ផលដំណាំតាមបណ្តោយផ្លូវនេះក៏ពិតមែន តែទេសចរភាគច្រើននិយមចូលទៅទិញដល់ចម្ការផ្ទាល់ៗ ក៏ព្រោះតែមានជម្រើសច្រើន ហើយថែមទាំងអាចទិញផលដំណាំផ្សេងទៀត ដែលដាំក្នុងចម្ការ ជាក់ស្តែងក្រៅពី ទុរេន នៅមានដូចជា សាវម៉ាវ មង្ឃុត ផ្លែមាន ចេក ខ្នុរ និងក្រូច ជាដើម។ល។

តាមរយៈបទសម្ភាសរបស់ម្ចាស់ចម្ការជាមួយកម្ពុជាថ្មី កាលពីសប្តាហ៍កន្លងទៅ បានអះអាងថា អំឡុងខែមិថុនា ភូមិសាស្ត្រកសិកម្មនៃភូមិស្រែស្ពៃ ទឹកដីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពេញប្រមូលផល។

ជាក់ស្តែង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នេះ កម្ពុជាថ្មី បានចុះផ្ទាល់ទៅដល់ទីតាំងចំការមួយចំនួន ២ ដែលស្ថិតតាមបណ្តាយផ្លូវខាងលើ មើលឃើញថា ភាគច្រើននៃដំណាំគឺមិនទាន់ទុំនៅឡើយ ខណៈមានចំនួនតិចតួចនៅឡើយ ដែលបានប្រមូលផលនិងអាចដាក់លក់បាន។ យ៉ាងណាមិញ ម្ចាស់ចម្ការក៏បានឱ្យដឹងដែរថា ទោះជាផលដំណាំភាគច្រើនមិនទាន់ទុំ តែក៏មិនយូរពេលទៀតដែរ សម្រាប់ការប្រមូលផល។

សូមជម្រាបថា ផ្ទៃដៃដាំដំណាំរបស់ប្រជាកសិករក្នុងភូមិឃុំខាងលើ បានធ្វើឱ្យតំបន់នេះ ក្លាយជាចំណុចទាក់ទាញបំផុតក្នុងវិស័យកសិទេសចរណ៍ ក៏ព្រោះតែពលរដ្ឋកម្ពុជាពេញនិយមទទួលទានផល្លានុផលក្នុងស្រុកបំផុត ដោយសារថាមិនសូវបារម្ភពីផលប៉ះពាល់សុខភាព។ ម៉្យាង ទេសចរអាចភ្លក់និងបេះដោយខ្លួនឯងផ្ទាល់បាន ខណៈដំណាំសុទ្ធសឹងតែស្រស់ល្អ ហើយថែមទាំងមានតម្លៃសមរម្យថែមទៀត។

ក្រៅពីផ្លែឈើហូបផ្លែ ទឹកដីចំការខាងលើ ក៏មានដាំណាំសក្តានុពលផ្សេងទៀត ដូចជា ស្រូវ ដំឡូង រំដេង ជីរណា និងត្រាវ ផងដែរ។ ពិសេស ក្នុងភូមិទួលតាហោ កសិករដាំត្រាវមានផ្ទៃដីទំហំជាង៥ហិកតា ហើយនៅឆ្នាំ២០២៥នេះ កសិករចាប់អារម្មណ៍លើដំណាំត្រាវណាស់ ព្រោះឱ្យផលល្អហើយស្រួលលក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម