Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ព្រមានបិទការនាំចូលបន្លែផ្លែឈើ បើថៃមិនបើកច្រកព្រំដែនឱ្យដូចដើមវិញ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមានបិទការនាំចូលបន្លែ ផ្លែឈើពីថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ចាប់ពីស្អែកនេះតទៅ បើសិនជាកងទ័ពថៃមិនព្រមបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញ ដូចមុនពេលមានជម្លោះព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


អញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ក្រោយកងទ័ពថៃបិទច្រកព្រំដែនដោយឯកតោភាគីកន្លងទៅ កម្ពុជាមានគម្រោងបិទច្រកទូទាំងព្រំដែនកម្ពុជា និងថៃ ដើម្បីជាការឆ្លើយតបទៅវិធានការគន្លើនមិនគោរពច្បាប់។ ប៉ុន្តែដោយ​សារ​មានកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្តី ថៃ ទើបសម្រេចពន្យាពេល ២៤ម៉ោង។

យ៉ាងណាមិញ សម្តេចតេជោ បានសង្កត់ធ្ងន់ បើថ្ងៃនេះ ភាគីកងទ័ពថៃ មិនព្រមបើកច្រកព្រំដែនឱ្យវិលទៅដូចដើមទេ កម្ពុជានឹងធ្វើការបិទច្រកព្រំដែនកម្ពុជា ថៃ ទាំងអស់ ចាប់ពីស្អែកនេះតទៅ។ សម្តេចថ្លែងថា៖« កុំអីយើងបិទទូទាំងព្រំដែនតែម្តងទៅលើការនាំចូលបន្លែ ផ្លែឈើចូលកម្ពុជា ប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត , រវាយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្រ្តីថៃ  យើងពន្យាពេល ២៤ម៉ោង។ សម្តេចព្រមានថា៖« ប៉ុន្តែបើថ្ងៃនេះ ភាគីថៃមិនព្រមបើកច្រកឱ្យដូចដើមវិញទេ ថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែន ហាមឃាត់នូវការនាំចូលផ្លែឈើ និងបន្លែចូលមកកាន់កម្ពុជា»។

សម្តេចបន្តថា សូមបងប្អូនប្រជាជនថៃសូមកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូង (ខេត្តបាត់ដំបង) ដែលហាមឃាត់នូវការដឹកផ្លែឈើ និងបន្លែ ដែលក្នុងមួយថ្ងៃរាប់រយឡាន ដឹកចូលមកកម្ពុជានិងឆ្លងកាត់ទៅវៀតណាម គួរទៅតវ៉ាជាមួយកងទ័ពថៃដែលបិទព្រំដែនឯកតោភាគី។ សម្តេចថ្លែងថា៖«ពលរដ្ឋថៃ​ ត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯង ព្រោះទាហានថៃជាអ្នកបិទ មិនមែនខ្មែរជាអ្នកបិទទេ។ ចឹងសូមបងប្អូនថៃកុំខឹងសប្បារជាមួយកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ»។

ជាមួយនឹងការត្រៀមបិទនេះ សម្តេចតេជោ ក៏បានណែនាំស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអ្នកមានធនធាន សប្បុរជន ត្រូវខិតខំប្រមូលទិញកសិកផលខ្មែរ បន្លែ ផ្លែឈើ យកទៅចែកជូនកងទ័ពនៅតាមទល់ដែន ឬជូនមណ្ឌលកុមារកំព្រា កន្លែងហ្វឹកហាត់ទាហាន និងហ្វឹកហាត់នគរបាល។


សម្តេចសង្កត់ទៀតថា កងទ័ពថៃជាអ្នកបិទព្រំដែន ដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើក កម្ពុជាមិនត្រូវចរចាលើបញ្ហានេះទេ។ សម្តេចថ្លែងថា៖«មានសំណើរសុំឱ្យចរចា​ ក៏ប៉ុន្តែតើវាស័ក្តិសមទេ សម្រាប់ការចរចារឿងបែបនេះ ការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៅលើបញ្ហាច្រកព្រំដែន ដែលបានព្រមព្រៀងគ្នា។ ពេលបិទ បិទខ្លួនឯង ពេលបើកបបួលចរចា ដើម្បីកុំឱ្យបាក់មុខខ្លួន ខ្លួនទាញកម្ពុជាយកទៅបាក់មុខជាមួយឬ»។ កម្ពុជាជាប្រទេសដែលមានកិត្តិយស មានសេចក្តីថ្លៃថ្នូរ ហើយចេញទទួលខុសត្រូវ សង្ឃឹមថា ភាគីថៃនឹងត្រូវចេះទទួលខុសត្រូវ ក្នុងករណីខ្លួនបានប្រព្រឹត្ត ហើយខ្លួនមកដាក់លក្ខខណ្ឌចរចា កម្ពុជាអត់ទទួលយកបានទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម