Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ក្រើនរំឭកជាថ្មីឱ្យបង្ក្រាបបទល្មើសចោរឆក់ ប្លន់ និងគ្រឿងញៀនក្នុងមូលដ្ឋាន

បានផុស

នៅ

ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំឭកជាថ្មីដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបទល្មើសចោរឆក់ ចោរប្លន់ និងការជួញដូរ-ប្រើប្រាស់គ្រឿងញៀន ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ការក្រើនរំឭកនេះ ធ្វើឡើងស្របពេលដែលបទល្មើសចោរឆក់ ប្លន់ និងបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈមក្នុងសង្គម ទោះបីជាកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានខិតខំបង្ក្រាបទាំងយប់ទាំងថ្ងៃក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ប្រមុខរដ្ឋស្តីទីកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានានៃខេត្តតាកែវ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ នៅចំពោះមុខមន្រ្តីរាប់រយនាក់ សម្តេចតេជោ បានណែនាំជាថ្មីដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។

សម្ដេចតេជោ ក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ថា៖« ចៀសវាងភាពអសកម្ម ឬការគាបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» និងបម្រើប្រជាជនប្រកប​ដោយភាពស្មោះត្រង់»។ទន្ទឹមនេះ សម្ដេចតេជោ ក៏តម្រង់ទិសឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលម្អៀងខាងភាគីណានោះទេ។

ក្នុងឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បានថយចុះ១៧% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលជាលទ្ធផលសម្រេចបានខ្ពស់រហូតដល់ ៩៦%។ លទ្ធផលដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ករណីក្មេងទំនើង ព្រមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការអះអាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ កាលពី ខែកុម្ភៈ ឆ្នាំ២០២៦។

គួរជម្រាបថា គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

តាកែវ គឺជាខេត្តទី៤ហើយ ដែលសម្ដេចតេជោ ហ៊ុន សែន បានកំណត់ជាគោលដៅក្នុងការចុះជួបមន្ត្រីរាជការតាមបណ្ដាខេត្តនានា បន្ទាប់ពីខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពង់ស្ពឺ និងកំពុងឆ្ពោះទៅបណ្ដាខេត្តផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម