Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌកំបូល ដាក់គ្រឿងចក្រឈូសឆាយសម្រួលផ្លូវជង្ហុកសំបុកមាន់ ២ ខ្សែ នៅសង្កាត់កំបូល

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ លោក ជា ឃឿន ការិយាល័យ​សាធារណការ ដឹក​ជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ដឹកនាំ​មន្ត្រី នៃ​ការិយាល័យ និង​មន្ត្រី​សង្កាត់ ចុះ​អនុវត្ត​ការ​ឈូស​ឆាយ និង​កៀរ​សម្រួល​ផ្លូវ​ជង្ហុក​សំបុក​មាន់ ចំនួន ២ ខ្សែ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ជង្ហុក​សំបុក​មាន់ ចំនួន ២ ខ្សែ រួមមាន ៖ ខ្សែ​ទី​១.ផ្លូវ​ចូល​សាលា​ខណ្ឌ ចាប់ពី​ផ្លូវ​ល្បឿន​លឿន រហូត​ដល់​ផ្លូវ​បេតុង​ភូមិ​កប់​អំបិល។ ខ្សែ​ទី២.ផ្លូវ​ក្នុង​ភូមិ ចាប់ពី​ភូមិ​តា​កេរ្តិ៍ រហូតដល់​ភូមិ​តាសេក ​ផ្លូវ​ទាំងនេះ​ស្ថិត​ក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

លោក​ប្រធាន​ការិយាល័យ​សាធារណការ ដឹកជញ្ជូន បាន​ឲ្យ​ដឹង​ថា សកម្មភាព​នេះ​សម្រេច​បាន​ដោយ​ការ​សហការ​រវាង​មន្ត្រី​សាធារណការ​ខណ្ឌ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ក្នុង​គោល​បំណង​ដោះស្រាយ​បញ្ហា​ធ្វើដំណើរ​ជាប្រចាំ ហើយ​ជួយ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ជា​ពិសេស​ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​ផ្លូវ​ជាច្រើន​កន្លែង​ក្លាយ​ជា​ជង្ហុក​សំបុក​មាន់។

អ្នកស្រី វណ្ណ ស្រីពៅ ជា​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ផ្លូវ​មួយ​ខ្សែ​នេះ ក៏បាន​លើក​ឡើង​ដែរ​ថា អរគុណ​អាជ្ញាធរ​ខណ្ឌ​កំបូល ដែល​ដឹកនាំ​ដោយ​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ បាន​យកចិត្តទុកដាក់​រាល់​បញ្ហា​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​មាន​សំណូមពរ​ទៅ​អាជ្ញាធរ​គឺ​បាន​ដោះស្រាយ​លឿន​ជូន និង​សូម​អាជ្ញាធរ​បន្ត​ពិនិត្យ​ និង​ជួសជុល​ផ្លូវ​ក្នុង​តំបន់​ផ្សេងទៀត​ផង​ដែរ ដើម្បី​លើកស្ទួយ​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម