ព័ត៌មានជាតិ
ក្រុមការងារ នឹងចុះវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធនៅឃុំកាចូន ខេត្តរតនគីរី ចាប់ពីថ្ងៃទី ១១សីហា ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិ
ក្រុមការងារស្ម័គ្រចិត្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នឹងចាប់ផ្តើមចុះវាស់វែងក្បាលដី ជូនប្រជាពលរដ្ឋ នៅឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ចាប់ពីថ្ងៃទី១១ ខែសីហាតទៅ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ។ ក្រុមការងារ និងមន្ត្រីស្ម័គ្រចិត្ត របស់មន្ទីររៀបចំដែនដី ខេត្តរតនគិរី សរុបប្រមាណជិត ១០០ នាក់ ចែកចេញជា ៥ ក្រុម នឹងចុះតាមខ្នងផ្ទះជនជាតិដើមភាគតិច នៅស្រុកវើនសៃ ដោយចាប់ផ្តើមពីភូមិកាចូនក្រោម ភូមិកាចូនលើ ភូមិទៀមលើ ភូមិវង ភូមិវ៉ាយ និងភូមិកាឡឹម ចាប់ពីថ្ងៃទី១១- ២០ ខែ សីហា ឆ្នាំ ២០២៥។

ជាមួយគ្នានេះ អាជ្ញាធរប្រាប់ឱ្យប្រជាពលរដ្ឋត្រៀម ឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី ឬឯកសារពាក់ព័ន្ធ បោះបង្គោលព្រំដែនដោយមានការឯកភាពពីអ្នកជាប់ព្រំឱ្យបានច្បាស់លាស់ ពិភាក្សាសម្របសម្រួលជាមួយអ្នកជាប់ព្រំ ករណីមានវិវាទ និងចូលរួមគ្រប់ដំណាក់កាលនីមួយៗជាមួយក្រុមការងារ។
មុនការចុះវាស់វែងដីធ្លី លោក ទឹម មុន្នីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំជាមួយមេភូមិ អនុភូមិ និងជំនួយការភូមិ ដើម្បីចាត់ចែងការងារត្រៀមចុះសម្របសម្រួល។ លោកថ្លែងថា៖«ការវាស់វែងដីធ្លីចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ជូនប្លង់រឹងដល់ជនជាតិដើមភាគតិច គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៥ ចំណែកឯការចេញប័ណ្ណកម្មសិទ្ធិ ប្លង់រឹង អាចអូសបន្លាយទៅដល់ឆ្នាំ ២០២៦»។

នាឱកាសនោះលោកផ្តាំទៅ មេភូមិ អនុភូមិ ជំនួយការភូមិ ជួយផ្សព្វផ្សាយទៅដល់ពលរដ្ឋនៅតាមគោលដៅ ឱ្យត្រៀមខ្លួនរង់ចាំនៅផ្ទះ និងចូលរួមសហការជាមួយមន្រ្តី។ លោកថា៖«ប្រសិនបើដំណើរការនៃការវាសវែងដីធ្លីនេះធ្វើបានគ្រប់ខ្នងផ្ទះ នោះនៅពេលប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ប្លង់រឹង អាចបង្កើនតម្លៃដី និងបញ្ចប់វិវាទដីធ្លី»។ លើសពីនេះលោកបញ្ជាក់ថា អត្ថប្រយោជន៍នៃប័ណ្ណកម្មសិទ្ធិនេះ មានភាពងាយស្រួល ទិញ-លក់ ផ្ទេរកម្មសិទ្ធិទៅឪពុកម្តាយទៅកូន និងអាចដាក់បញ្ជាំធនាគារដែលនឹងទទួលបានកម្ចីបានកាន់តែខ្ពស់។
លោក ញ៉ុត ប្រធានក្រុមការងារ បានលើកឡើងថា បញ្ហាដែលបានជួយប្រទះកន្លងមក ពេលក្រុមការងារចុះទៅដល់ខ្នងផ្ទះ ឬដី ពុំឃើញមានម្ចាស់ផ្ទះនោះ ដែលចំណុចទាំងនេះធ្វើឱ្យការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធជួបការលំបាក និងអូសបន្លាយពេល។ លោកថា៖«ពេលក្រុមការងារចុះទៅដល់ មិនបានឃើញម្ចាស់ផ្ទះ ចំណែកម្ចាស់ដីកន្លែងផ្សេងទៀតនៅរង់ចាំទើបធ្វើឲ្យក្រុមការងារចុះទៅ ត្រូវចំណាយពេលយូរថ្ងៃដើម្បីជួបប្រជាជាជន ដូច្នេះលោកសុំប្រជាពលរដ្ឋនៅរង់ចាំក្រុមការងារវាស់វែងរួចសិនចាំទៅចម្ការ»។ យ៉ាងណាមិញ លោកថាក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ក្រុមការងារនឹងខិតខំប្រឹងប្រែងបន្ថែមទៀតចូលរួមសហការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។

គួរជម្រាបថា ការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ សំដៅដល់ការកាត់បន្ថយទំនាស់ដីធ្លី៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


