ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌាត្រៀមផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ខណៈកន្លងមកនាយករដ្ឋមន្ត្រីឥណ្ឌាចង់ធ្វើទស្សនកិច្ចនៅកម្ពុជា
កម្ពុជា និងឥណ្ឌា កំពុងគិតគូរត្រៀមផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ខណៈកន្លងមកនាយករដ្ឋមន្ត្រីឥណ្ឌា ធ្លាប់បង្ហាញបំណងចងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ការគិតគូរអំពីគម្រោងផ្លាស់ប្ដូរទស្សនកិច្ចនេះ កើតឡើងនៅក្នុងជំនួបរវាងរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុន ឃាង ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក Bawitlung Vanlalvawna កាលពីព្រឹកថ្ងៃទី១២ ខែសីហា។

សេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបរវាង រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាជាមួយទូតឥណ្ឌាប្រចាំកម្ពុជាសរសេរដូច្នេះ៖« ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយ ដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងផ្លាស់ប្តូរយោបល់លើការរៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខ រួមទាំងគម្រោងទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំកម្ពុជានៅប្រទេសឥណ្ឌា និងទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំឥណ្ឌា នៅប្រទេសកម្ពុជាផងដែរ។ »។

នៅក្នុងជំនួប មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌា ដែលបានបង្ហាញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ទូតឥណ្ឌាដែលចប់អាណត្តិការងារនៅកម្ពុជា បានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា ថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី មានបំណងមកទស្សនកិច្ចនៅកម្ពុជា និងសង្ឃឹមថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងសម្តេចតេជោ នឹងបំពេញទស្សនកិច្ចនៅឥណ្ឌានាពេលវេលាសមស្របខាងមុខ ដើម្បីជាកម្លាំងចលករក្នុងការធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងប្រទេសទាំងពីរ។

គួរឱ្យដឹងថា កម្ពុជា និងឥណ្ឌា បានចង់ភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា នៅក្នុងឆ្នាំ១៩៥២ ប៉ុន្តែទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានកាត់ផ្ដាច់នៅក្នុងពេលដែលកម្ពុជា ធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ក្រុមខ្មែរក្រហម។ ក្នុងកាលៈទេសៈដែលកម្ពុជាបានជួបប្រទះការលំបាកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជានៅក្រោយការដួលរលំនៃរបបខ្មែរក្រហម។
បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតផ្លូវការ នៅក្នុងឆ្នាំ១៩៥៤ នាយករដ្ឋមន្ត្រីឥណ្ឌា Pandit Jawaharlal Nehru បានមកធ្វើទស្សនកិច្ចនៅកម្ពុជា បន្ទាប់នៅចុងឆ្នាំដដែល សម្ដេចនរោត្តម សីហនុ បានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅឥណ្ឌាវិញ។

តាមរយៈចំណងទាក់ទងការទូតជាមួយគ្នា នាយករដ្ឋមន្ត្រីឥណ្ឌា Atal Bihari Vajpayee ធ្លាប់បំពេញទស្សនកិច្ចនៅកម្ពុជានៅឆ្នាំ២០០២ ចំណែក៨ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១០ ប្រធានាធិបតីឥណ្ឌា Pratibha Devi Singh Patil ក៏បំពេញទស្សនកិច្ចនៅកម្ពុជា រីឯនៅឆ្នាំ២០១២ នាយករដ្ឋមន្ត្រី Manmohan Singh ក៏បំពេញទស្សនកិច្ចនៅកម្ពុជា នៅឆ្នាំ២០១៥ អនុប្រធានាធិបតីឥណ្ឌា Mohammad Hamid Ansari ក៏បំពេញទស្សនកិច្ចនៅកម្ពុជា និងនៅឆ្នាំ២០២២ អនុប្រធានាធិបតីឥណ្ឌា Jagdeep Dhankha ក៏បានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាផងដែរ។

ចំណែក សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាច្រើនលើកជាច្រើនសារ ក្នុងនោះសម្ដេចធ្លាប់បំពេញទស្សនកិច្ចនៅឥណ្ឌានៅឆ្នាំ១៩៨៨, បន្ទាប់មកនៅឆ្នាំ១៩៩០,ឆ្នាំ១៩៩១, ឆ្នាំ២០០០, ឆ្នាំ២០០៧, ឆ្នាំ២០១២ និងឆ្នាំ២០១៨។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើទស្សនកិច្ចនៅឥណ្ឌា។ បន្ទាប់មកនៅខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅ ឥណ្ឌា ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតកម្ពុជា-ឥណ្ឌា។

តាមរយៈទំនាក់ទំនងនៅលើផ្លូវរួម ឥណ្ឌាបានជួយ ហើយនឹងបន្តជួយដល់កម្ពុជា លើការជួយបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សចាប់តាំងពីឆ្នាំ១៩៨១ ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមួកខៀវមកកម្ពុជា គម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ការកសាងសមត្ថភាព និងទំនាក់ទំនងផ្នែកពុទ្ធសាសនា និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម។ ឥណ្ឌា ក៏មានគម្រោង បញ្ជូនសត្វខ្លា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធមកកម្ពុជានាពេលដ៏ខ្លីខាងមុខផងដែរ។
ទំនាក់ទំនងកម្ពុជា-ឥណ្ឌាដ៏យូរអង្វែង បានក្លាយទៅជាទំនាក់ទំនងដែលស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


