Connect with us

ព័ត៌មានជាតិ

ស្ថានីយប្រេង ៣៥ ក្នុងចំណោម ២០០ ទីតាំង ព្រមផ្ដាច់កុងត្រាជាមួយ PTT ប្ដូរមកឈ្មោះ PEACE

បានផុស

នៅ

គិតមកដល់ពេលនេះ មានស្ថានីយប្រេងឥន្ធនៈចំនួន ៣៥ ក្នុងចំណោម ២០០ ស្ថានីយ បានផ្ដាច់កិច្ចសន្យាជាមួយក្រុមហ៊ុន PTT និងផ្លាស់ប្តូរមកជា PEACE Petroleum Cambodia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទៀ ស្យាម ដែលជាអ្នកទិញសិទ្ធចែកចាយម្នាក់ ក្នុងចំណោមអ្នកដែលបានទិញសិទ្ធិចែកចាយបន្តពីក្រុមហ៊ុន PTT និងជាម្ចាស់ស្ថានីយចំនួន ២កន្លែងតែប៉ុណ្ណោះ ដែលក្នុងនោះ មានស្ថានីយមួយកំពុងដំណើការ និងស្ថានីយមួយទៀតកំពុងសាងសង់។

លោកបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ ថាដោយរងការឈឺចាប់ជាខ្លាំងពីបញ្ហាដែលបានកើតឡើង លោកបានសម្រេចចិត្តក្នុងការបង្កើតក្រុមហ៊ុន PEACE Petroleum Cambodia នេះឡើង ដោយមានការគាំទ្រ និងជ្រោមជ្រែងពីបងប្អូនម្ចាស់ស្ថានីយទាំង ៣៥ ព្រមទាំងសាធារណជន។

លោក ទៀ ស្យាមបញ្ជាក់ថា៖ «ក្នុងចំណោមស្ថានីយប្រហែល២០០កន្លែង មានតែ ៣៥ស្ថានីយតែប៉ុណ្ណោះដែលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តាច់កិច្ចសន្យាជាមួយក្រុមហ៊ុនចាស់ និងផ្លាស់ប្តូរមកជា PEACE Petroleum Cambodia»។

បើតាម លោក ទៀ ស្យាម បច្ចុប្បន្ននេះ ក្រុមហ៊ុន PEACE កំពុងតែរៀបចំនាំចូលស្តុកប្រេងថ្មី ដែលមានប្រភពមកពីក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក។

លើសពីនេះទៀត រាល់ការផ្លាស់ប្តូរបែបផែនរូបរាង និងប្រព័ន្ធថ្មីៗរបស់ស្ថានីយ ត្រូវការពេលវេលា ការរៀបចំ និងសាង សង់ឡើងវិញ ដើម្បីឆ្លុះបញ្ចាំងនូវអត្តសញ្ញាណថ្មីរបស់ PEACE។

លោក ទៀ ស្យាម បន្ថែមថា៖ «យើងខ្ញុំទាំងអស់គ្នាចង់បង្កើតនូវបរិយាកាសថ្មី ដើម្បីបំភ្លេចភាពឈឺចាប់ក្នុងអតីតកាល និងដើរលើវិថីមួយប្រកបដោយមោនភាពជាតិខ្មែរ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម