Connect with us

ព័ត៌មានជាតិ

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ណែនាំព័ត៌មានពុទ្ធសាសនា BC News ឲ្យលោកជំទាវ ពេជ ចន្ទមុន្នី ស្គាល់

បានផុស

នៅ

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការសាកលវិទ្យាព្រះសីហនុរាជ និងជាចៅអធិការវត្តឧណ្ណាលោម បានណែនាំសារព័ត៌មានព្រះពុទ្ធសាសនា Buddhist Cambodia News (BC News) ដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១កម្ពុជាឱ្យបានស្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់សម្តេច យ៉ន សេងយៀត ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា នៅគ្រាដែលលោកជំទាវបានកាន់បិណ្ឌ “វេនទី៧” នៅវត្តឧណ្ណាលោម ជាមួយអ្នកម្តាយ និងលោកឪពុក ព្រមទាំងសហការីសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជា។ ជាការពិតណាស់ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ជាព្រះមន្ត្រីសង្ឃជាន់ខ្ពស់ និងជាព្រះចៅអធិការវត្តឧណ្ណាលោម ព្រមទាំងជាសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ សម្តេចតែងតែចូលរួមក្នុងសកម្មភាពសាសនា និងការអប់រំ ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជាឱ្យកាន់តែប្រសើរឡើងទាំងក្នុងតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ សម្តេចបណ្ឌិតបានគាំទ្រចំពោះបណ្តាញសារព័ត៌មានពុទ្ធសាសនា(BC News) នៅគ្រប់កាល:ទេស:ផងដែរ។

ភ្លាមៗក្រោយទទួលបានការណែនាំពីសម្តេច លោកជំទាវ ពេច ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងអ្នកម្តាយលោករបស់ជំទាវបានសម្ដែងការគាំទ្រ និងកោតសរសើរក្រុមការងារសារព័ត៌មានពុទ្ធសាសនា ដែលបានខិតខំផ្សាយពីព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប តាមរយៈកិច្ចការងារមនុស្សធម៌ដោយផ្ទាល់ និងកិច្ចការងារសង្គមជាច្រើន និងបានបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងកាកបាទក្រហមកម្ពុជា ជាពិសេសការគាំទ្រកម្មវិធីទាក់ទងនឹងសុខភាព ការអប់រំ ការលើកកម្ពស់សីលធម៌តាមរយៈព្រះពុទ្ធសាសនា និងការលើកកម្ពស់គុណតម្លៃស្ត្រីនៅកម្ពុជា។

ឆ្លើយតបនឹងការណែនាំនេះ ក្រុមការងារសារព័ត៌មាន BC News បានសម្តែងនូវមោទកភាពយ៉ាងខ្លាំងចំពោះសម្តេចមហាអរិយវង្សដែលបានណែនាំព័ត៌មានពុទ្ធសាសនា(BC News) ឱ្យលោកជំទាវ ពេជ ចន្ទមុន្នី បានស្គាល់នៅពេលនេះ។ ក្រុមការងារព័ត៌មានពុទ្ធសាសនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវស្ត្រី១កម្ពុជា ដែលបានទទួលស្គាល់ក្រុមការងារពុទ្ធសាសនា BC News។

BC News គឺបណ្តាញព័ត៌មានពុទ្ធសាសនាដែលផ្តោតការផ្សាយសំខាន់លើព្រះសង្ឃ ព្រះពុទ្ធសាសនា ប្រពៃណី និងព្រឹត្តិការណ៍នៅក្នុងព្រះពុទ្ធសាសនា សេដ្ឋកិច្ច យុវជន និងអារាមទេសចរណ៍នៅកម្ពុជា។ មានក្រុមការងារ ១២នាក់ ព័ត៌មានពុទ្ធសាសនា បានផ្សាយចេញជាពីរភាសា គឺជាភាសាខ្មែរ និងភាសាអង់គ្លេស។

ព័ត៌មានពុទ្ធសាសនា(BC News) បានបង្កើតឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ គិតរហូតមកដល់បច្ចុប្បន្នមានអាយុកាលជាង ១ឆ្នាំហើយ(១ឆ្នាំ១៤ថ្ងៃ គិត្រឹម១៤ កញ្ញា ២០២៥)។ សារព័ត៌មានពុទ្ធសាសនា មានវត្តមានរបស់សម្តេចព្រះមហារិយវង្សបណ្ឌិត យ៉ន សេងយៀត ជាអ្នកផ្តល់ការណែនាំកិច្ចការងារផ្សេងៗ ឱ្យដើរតាមកន្លងព្រះពុទ្ធសាសនា និងដឹកនាំដោយលោក សិរី មុនី និងសហការីឆ្នើមជាច្រើនផ្សេងទៀត។

លោក សិរី មុនី បានឆ្លងកាត់ការងារអ្នកសារព័ត៌មានជាមួយស្ថាប័នអន្តរជាតិ និងជាតិជាច្រើនដូចជា វិទ្យុបារាំងអន្តរជាតិ(RFI) វិទ្យុមិត្តភាពកម្ពុជាចិន(CCFR) វិទ្យុអាស៊ីសេរី(RFA) និងធ្លាប់បម្រើការងារ នៅទូរទស្សន៍បាយ័ន(BTV)។ល។ លោកទទួលបានសិក្សាទាំងក្នុង និងក្រៅប្រទេស និងបានធ្វើដំណើរជិត៣០ប្រទេស(២៨ប្រទេស) នៅជុំវិញពិភពលោក។ ទន្ទឹមនឹងផងដែរ សហការីរបស់សារព័ត៌ពុទ្ធសាសនា(BC News) បានទទួលការសិក្សាកម្រិតអនុបណ្ឌិតស្ទើរតែទាំងអស់។

បច្ចុប្បន្នសារ័ត៌មានពុទ្ធសាសនា មានគេហទំព័រវេបសាយឈ្មោះ Buddhist.news ម៉ូបាលអេបឈ្មោះ (Mobile App)BC News និងទំព័រហ្វេសប៊ុក និងយូធូបឈ្មោះ Buddhist News។ ជាការពិតណាស់ Buddhist News បានប្តេជ្ញាជាគោលការណ៍ថា នឹងពង្រឹងការផ្សាយពុទ្ធសាសនា ទីអារាម ព្រះសង្ឃពូកែៗ និងអារាមទេសចរណ៍ យុវជន ព្រមទាំងទំនៀមទម្លាប់ប្រពៃខ្មែរឱ្យបានល្អប្រសើរ ដើម្បីចូលរួមចំណែកលើកម្ពស់កិត្តិយកម្ពុជាទៅកាន់ពិភពលោកជាមួយព្រះសង្ឃខ្មែរគ្រប់អង្គ និងដើរស្របជាមួយគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម