Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិប្រការ ស្នើអាជ្ញាធរចុះពិនិត្យតាមបណ្ដោយផ្លូវបេតុងព្រៃ.ស មានទឹកដក់ ក្លិនស្អុយ ពិបាករស់នៅ

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រការ ស្នើ​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ.ស ក្រោយ​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ទឹក​តែងតែ​ដក់​នៅ​លើ​ចិញ្ចើម​ផ្លូវ មាន​ក្លិនស្អុយ ពិបាក​រស់នៅ ជាពិសេស​ដុះ​ស្លែ​កាន់​លើ​ផ្លូវ​ធ្វើ​ឲ្យ​អ្នកដំណើរ​គេច​ពី​រថយន្ត​អាច​រអិលដួល​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ទឹក​ស្អុយ​ដក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​នេះ​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ.ស ភូមិ​ប្រការ សង្កាត់​ព្រៃ.ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

អ្នកស្រី លីណា ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាង​លើ បាន​ឲ្យ​ដឹង​ថា ទឹក​ដែល​ដក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​នេះ កើត​ចេញ​ពី​ទឹកភ្លៀង។ មិន​ដឹង​ថា​យ៉ាងម៉េច​នោះ​ទេ​បាន​ជា​ទឹក​នេះ​មិន​ហូរ​ចូល​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ដក់​នៅ​ចិញ្ចើម​ផ្លូវ ធ្វើ​ឲ្យ​មាន​ក្លិនស្អុយ​ប៉ះពាល់​ដល់​អ្នក​ដែល​មាន​ផ្ទះ​ក្បែរ​ហ្នឹង រួម​ជាមួយ​អ្នកដំណើរ​ផង​ដែរ។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន សូម​មេត្តា​ជួយ​ពិនិត្យ​មើល​ផង បើសិនជា​ទុក​ឲ្យ​ទឹក​នេះ​នៅ​ដក់​ស្អុយ​បន្ត​ទៀត តើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាង​ម៉េច​កើត ព្រោះ​ទឹក​ស្អុយ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ដង្ហើម ខណៈ​ត្រូវ​ចេញចូល​ផ្ទះ​ស្រូប​យក​ក្លិនស្អុយ​នេះ​រាល់ថ្ងៃ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក សួង សំអុល ចៅសង្កាត់​ព្រៃ.ស បាន​បញ្ជាក់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ទីតាំង​ខាង​លើ​នេះ អាជ្ញាធរ​សង្កាត់​បាន​រាយការណ៍​ទៅ​លោកស្រី​អភិបាល​ខណ្ឌ​រួចហើយ។ ចំពោះ​បញ្ហា​ទឹក​ដក់​ស្អុយ​នៅ​លើ​ផ្លូវ អាជ្ញាធរ​នឹង​ធ្វើការ​កៀរ​ទឹក​សម្អាត​ស្លែ​ចេញ​ជា​បណ្ដោះអាសន្ន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ បញ្ចៀស​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ។

លោក​បន្ត​ថា ទីតាំង​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​ប្រការ​ដែល​លោកស្រី​អភិបាល​ខណ្ឌ​បាន​លើក​ជា​គម្រោង​រួច​ហើយ ក្នុង​ការ​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​មាន​មុខ​កាត់​ទំហំ ១ ម៉ែត្រ នា​ឆ្នាំ​ក្រោយនេះ៕

អត្ថបទ ៖ ម៉េង

វីដេអូតាមបណ្ដោយផ្លូវបេតុងព្រៃ.ស ដែលមានទឹកដក់ ក្លិនស្អុយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម