Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌដង្កោ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ករណីប្លន់ម៉ូតូ និង ខ្សែកកាឡៃ ០១ ខ្សែ

បានផុស

នៅ

ជនសង្ស័យម្នាក់ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ប្លន់ម៉ូតូ និង ខ្សែកកាឡៃ ចំនួន ០១ ខ្សែ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជូននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៦ ក្រោយបញ្ចប់នីតិវិធីសាកសួរ។

ជនសង្ស័យឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីវេលាម៉ោង ០៤ និង ៥០ នាទី ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៦ ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីប្លន់យកម៉ូតូ និង ខ្សែក ធ្វើសកម្មភាពដោយជនសង្ស័យចំនួន ០២ នាក់។ ភ្លាមៗ សមត្ថកិច្ច បានបើកប្រតិបត្តិការស្រាវជ្រាវតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក អធិការខណ្ឌដង្កោ ដោយកម្លាំងជំនាញប្រើប្រាស់រយៈពេល ២៤ ម៉ោង ដើម្បីកំណត់មុខសញ្ញាបានយ៉ាងជាក់ច្បាស់ និង ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

សមត្ថកិច្ច បានបន្តថា លុះមកដល់វេលាម៉ោង ០៣ និង ៥០ នាទី ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៦ ត្រង់ចំណុចតារាងបាល់ទះ ផ្លូវបេតុង ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ។ ក្នុងនោះ សម្ភារៈបាត់បង់ រួមមាន ម៉ូតូម៉ាក HONDA SCOOPY CLUB ១២ ពណ៌ខៀវ ផលិតឆ្នាំ ២០២២ ពាក់ស្លាកលេខ តាកែវ 1AB- 7817 ចំនួន ០១ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកសេសសល់ នគរបាលកំពុងបន្តការស្រាវជ្រាវយកមកផ្តន្ទាទោស៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម