បុរសជនជាតិចិនម្នាក់ ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់ប្រហារជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២៣ និង ៣០ នាទីយប់ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ ស្ថិតនៅចំណុច សណ្ឋាគារ ស៊ីធីខមហ្វត ភូមិចំការឱឡឹក ២ សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ zhao song ភេទប្រុស អាយុ ៤២ ឆ្នាំ ជាជនជាតិចិន ។ ជនរងគ្រោះបើករថយន្ដម៉ាក Rangrover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8261 ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តមកពីហូបបាយនៅខាងក្រៅ ខណៈហូបរួច ក៏ត្រឡប់ទៅកាន់សណ្ឋាគារវិញ ( ចំណុចកើតហេតុ) ។ លុះពេលមកដល់កន្លែងកើតហេតុ សន្តិសុខបានបើកទ្វារឲ្យរថយន្តជនរងគ្រោះចូលកន្លែងចត ប៉ុន្តែទ្វារគាំងមិនអាចបើកបាន ក៏ឈប់រថយន្តចាំនៅខាងក្រៅមួយសន្ទុះ ភ្លាមនោះ ក៏លិចមុខជនសង្យ័យមិនស្គាល់អត្តសញ្ញាណ បានដើរទៅជិតរថយន្តជនរងគ្រោះ ហើយបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ធ្វើសកម្មភាព បាញ់ប្រហារទៅលើជនរងគ្រោះជិត ១០ គ្រាប់ បណ្ដាយឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមក្នុងរថយន្ត ដោយក្នុងនោះដែរ ជនរងគ្រោះត្រូវផ្នែកពោះចំនួន ៥ គ្រាប់ និងចំដៃខាងឆ្វេងចំនួន ៣ គ្រាប់។ ក្រោយការធ្វើសកម្មភាពបាញ់ប្រហារហើយនោះ ជនសង្ស័យបានជិះម៉ូតូចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោលសូន្យតែម្តង ។
ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ ដើម្បីចុះធ្វើការពិនិត្យវិច័យលើសាកសព នឹងសាកសួរនាំព័ត៌មានបន្ថែម ក៏ដូចជាពិនិត្យលើកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ ក្នុងការស្រាវជ្រាវ តាមចាប់ខ្លួនជនល្មើសយកទៅផ្តន្ទាទោសទោតាមផ្លូវច្បាប់។ ដោយឡែកសាកសព ត្រូវដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំធ្វើកោសល្យវិច័យពិនិត្យបន្ត។
យ៉ាងណាមិញ ជុំវិញអំពើបាញ់ប្រហារនេះ គេនៅពុំទាន់ដឹងថា ផ្តើមចេញពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ដែលធ្វើឲ្យខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះយ៉ាងសាហាវឃោរឃៅបែបនេះ គ្រាន់តែជំហ៊ានដំបូង គេអាចដាក់ការសន្និដ្ឋានបានថា អាចជាករណីគំនុំ ៕
អត្ថបទ៖ លីហេង & សុខា