សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិចិនពីរនាក់ពាក់ព័ន្ធករណីចូលលួចដោះស្លាកលេខរថយន្ដក្រុមគ្រូពេទ្យ និងពលរដ្ឋក្នុងមន្ទីរពេទ្យតេជោសែនកោះធំ
ក្រុមជនសង្ស័យជាជនជាតិចិនដែលបានបើករថយន្តទំនើបចូលទៅធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យ និងពលរដ្ឋដល់ក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាលស្រាវជ្រាវឃាត់ខ្លួនបាន រួមទាំងដកហូតបានស្លាកលេខរថយន្តជនរងគ្រោះ គ្រឿងញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីម៉ោង២០និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីម៉ោង ១និង៣០នាទីទាបភ្លឺ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមមានទី១ ឈ្មោះ TONG TENG TENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន និងទី២ ឈ្មោះ WU ZHONG LIANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ដែលអ្នកទាំងពីរមានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន (មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា)។ ចំណែកបក្ខពួក ២នាក់ទៀត ឈ្មោះ YA ZI ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ NAI CHA ភេទប្រុស អាយុ៣២ឆ្នាំ បានរត់គេចខ្លួន។ ដោយឡែកជនរងគ្រោះមាន៤នាក់ ជាគ្រូពេទ្យ៣នាក់ និងកសិករម្នាក់។

លោកអធិការបានបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានរថយន្ត១គ្រឿងម៉ាក FORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CG-7329 ស្លាកលេខរថយន្តចំនួន១០សន្លឹក ទូរស័ព្ទដៃ២គ្រឿង ខ្នោះដៃ៤ខ្នោះ គ្រាប់កាំភ្លើងខ្លី១២គ្រាប់ ដំបងឈើ១ដើម បង់រុំខ្នាតធំ២ដុំ ម្សៅក្រាមសថ្លាលាយក្រហម១កញ្ចប់តូចដែលសង្ស័យជាគ្រឿងញៀន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

លោកអធិការបានបញ្ជាក់ថា យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព កាលពីម៉ោង ១និង៣០នាទីទាបភ្លឺ ក្រុមជនសង្ស័យមានគ្នា៣នាក់បានបើករថយន្តម៉ាក FORD RANGER ចូលទៅក្នុងបរិវេណមន្ទីរពេទ្យ រួចនាំគ្នាធ្វើសកម្មភាពលួចដោះយកស្លាកលេខរថយន្ត៤គ្រឿងដែលចតទុកនៅទីនោះ បន្ទាប់មកក៏បើករថយន្តគេចខ្លួនឆ្ពោះទៅទិសខាងត្បូងនៃក្រុងសំពៅពូន។ លុះព្រឹកឡើងជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។ ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងនគរបាលស្រុកកោះធំបានសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងកម្លាំងនគរបាលក្រុងសំពៅពូន ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ TONG TENG TENG និងបក្ខពួករួមទាំងដកហូតវត្ថុតាងខាងលើតែម្ដង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


