Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកំពង់ស្ពឺ ច្រានចោលការផ្សព្វផ្សាយដែលលើកឡើងថា កម្លាំងអន្ដរាគមន៍​ចុះព័ទ្ធសាលាដំបូង​ពាក់ព័ន្ធករណីលោក ង៉ាម រី

បានផុស

នៅ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានធ្វើការបដិសេធ និងច្រានចោលការផ្សព្វផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកចំនួន២ ដែលលើកឡើងថា កម្លាំងអន្ដរាគមន៍​ចុះព័ទ្ធសាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ពាក់ព័ន្ធករណីលោក ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ត្រូវឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីក្លែងឯកសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ការផ្សព្វផ្សាយនេះ គឺជារឿងមិនពិត ហើយស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ក៏បានស្នើសុំ​ឲ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំងពីរ​ កែសម្រួល​ខ្លឹមសារ​ឡើងវិញ​រយៈពេល​ឆាប់រហ័ស​បំផុត​ ក្នុងករណី​មិនកែ​ ក្នុងនាម​អង្គភាព​ស្នងការដ្ឋានន​គរបាល​ខេត្ត​សុំសិទ្ធិអនុវត្ដច្បាប់​។

សូមជម្រាបថា បន្ទាប់កម្លាំងនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនលោកឧត្ដមសេនីយ៍​ត្រី​ ង៉ាម​ រី​ ស្នងការរង​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ទៅសាលាដំបូងខេត្ត មានគណនីហ្វេសប៊ុកមួយបានបង្ហោះផ្សព្វផ្សាយថា «លោកផ្កាយ១​ ង៉ាម​ រី​ ស្នងការរង​នគ​របាល​ខេត្ត​កំពង់​ស្ពឺ​ ពេលនេះត្រូវបានកូនចៅរបស់លោ​ក​នៅកងអន្ដរាគមន៍ការពារយ៉ាងព្រោងព្រាតជាទីបំផុត គ្រា​ដែលលោកត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលា​ដំបូ​ង​ខេត្ត​កំពង់ស្ពឺ​នាព្រឹក១៩​ ខែមករា​ ឆ្នាំ​២០២៤​ ពាក់ព័ន្ធ​ការក្លែ​ងឯកសាររៀបការប្រពន្ធថ្មី​ ក្រោយពេលប្រពន្ធដើមប្ដឹង»។ ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយទៀតក៏បានលើកឡើងដែរថា «ចប់ហើយ​លោកស្នងការរង​! ភរិយា​ឋានៈដល់អធិការរង​ ន​គរបាល​ខណ្ឌ​សែនសុខ​ ថ្លើមធំធ្វើលិខិតក្លែងក្លាយទៅការ​ប្រពន្ធ​ថ្មី​ ឥឡូវ​ខ្នោះតាមបំណង​ បញ្ជូន​ខ្លួន​លោកផ្កាយ១​ ង៉ាម​ រី​ ស្នងការរង​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ទៅកាន់​អយ្យការ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​នាព្រឹក​ថៃ្ង​ទី១៩​ ខែមករា​ កម្លាំងកងអន្ដរាគមន៍ការពារសន្ដិសុខម៉ត់ចត់បំផុត​!»។

សូមបញ្ចាក់បន្ថែមថា លោកឧត្ដមសេនីយ៍​ត្រី​ ង៉ាម​ រី​ ស្នងការរង​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ទួលជួយដឹកនាំការងារកងអន្តរាគមន៍ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងកាតជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធលួចការប្រពន្ធថ្មី ដោយក្លែងបន្លំឯកសារសាធារណៈ។

តាមប្រភព បានបញ្ជាក់ថា លោកស្នងការរង ង៉ាម រី បានរត់ឯកសារបញ្ជាក់ភាពពោះម៉ាយ និង ស្នើសុំច្បាប់រៀបអាពារពិពាហ៍ដោយដាក់ឈ្មោះ  ឃុត វឌ្ឍនា អាយុ ៥២ឆ្នាំ ទីកន្លែងកំណើត នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្ន នៅផ្ទះលេខ ៣១៦E2 ផ្លូវម៉ៅស៊ីទុង ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពបន្តទៀតថា លោកឧត្តសេនីយ៍ត្រី ង៉ាម រី ត្រូវរៀបអាពារពិពាហ៍ជាមួយនារីម្នាក់ ឈ្មោះ ឃ.ស. មុខរបរ លក់ដូរ មានភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដោយសង់រោងការរួចរាល់ត្រៀមទទួលភ្ញៀវចូលរួមអបអរសាទរ និងរងចាំរាត្រីក្រេបទឹកឃ្មុំប៉ុណ្ណោះ ប៉ុន្តែសភាពការត្រូវបានផ្លាស់ប្តូរ ៣៦០ដឺគ្រេ ព្រោះបែកការដល់ប្រពន្ធដើមដែលមិនទាន់លេងលះដាច់ស្រឡះ រហូតដល់មានការឃាត់ខ្លួនតែម្តង។

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវប្រឈមមុខនឹងច្បាប់ស្តីពី ឯកពន្ធភាពបទល្មើស «ផិតប្តី-ផិតប្រពន្ធ» បទល្មើស «ស្មន់» បទល្មើស «ទ្វេពន្ធភាព» និងទោសត្រូវអនុវត្ដក្នុងច្បាប់ស្តីពី ឯកពន្ធភាព និង ករណីក្លែងបន្លំឯកសារសាធារណៈក៏ត្រូវផ្តន្ទាទោសតាមច្បាប់ផងដែរ។ ចំណែករោងការរបស់លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ដែលត្រូវទទួលភ្ញៀវនៅថ្ងៃនេះ បានរុះរើជាផ្លូវការ។ មហាជនរងចាំមើលថា ជោគវាសនាលោកផ្កាយ១ ស្នងការរងរូបនេះ តុលាការនឹងមានចំណាត់ការបែបណា? សូមរងចាំលទ្ធផលបន្ត ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម