Connect with us

កីឡា

កម្ពុជា សហការ​ជា​មួយ​ រុស្ស៊ី បង្កើត​សហព័ន្ធ​កីឡាសាំបូ ជា​ផ្លូវ​ការ ដើម្បី​​សក្តានុពល​លើ​ឆាក​អន្តរជាតិ

បានផុស

នៅ

​សហព័ន្ធ​កីឡា​សាំបូកម្ពុជា «Cambodian Sambo Federation»​ត្រូវ​បាន​ប្រកាស​បង្កើត​​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ ២០២៦ ដើម្បី​​ចាប់​ឱកាស​ដណ្តើម​សក្តានុពល​លើ​ឆាក​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​សក្ខីភាព​នៃ​ការបង្កើត​​សហព័ន្ធ​ផ្លូវ​ការ​នេះមាន​វត្តមាន លោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសំាបូអាស៊ី និងអូសេអានី ដែល​​តំណាងសហព័ន្ធកីឡាសាំបូអន្តរជាតិ, លោក Sergey Novosetslev លេខាទី១ នៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា និង​​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រម​ទាំងជាអគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

អាណត្តិ​ទី១ ចាប់​ពី​ឆ្នាំ ២០២៦ ដល់ ឆ្នាំ ២០៣០ សហព័ន្ធ​​​កីឡា​សាំបូកម្ពុជា​ត្រូវ​បាន​​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​គ្រោង​ស្នើ​ទៅ​ក្រសួង​អប់រំ យុវជន និង​​កីឡា​ ដើម្បី​ឲ្យ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ។ សហព័ន្ធ​កីឡា​សាំបូ​​អាស៊ី និងអូសេអានី​ បាន​ប្រកាស​ទទួល​ស្គាល់ជា​បណ្តោះ​អាសន្នហើយ។

សម្រាប់​​គណៈកម្មការ​ប្រតិបត្តិអាណត្តិទី១ លោកបណ្ឌិត ថោង ខុន ជាប្រធាន និង​​លោក វ៉ាត់ ចំរើន លោក អ៊ុក សិទ្ធិជាតិ លោក ជា បូរ៉ា លោក វ៉ា ស៊ិនភីរម្យ លោក មាម រ៉ា និងលោក សេង ប៊ុនសុង ជាអនុប្រធាន ហើយ​​លោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការ ព្រមទាំង​មាន​អគ្គលេខាធិការរង អគ្គហេរញ្ញិក និងសមាជិក ៥រូបផ្សេងទៀត។

ក្រោយ​ប្រកាស​ជា​ប្រធាន​ដឹក​នាំ លោក​បណ្ឌិត ថោង ខុន បានរៀប​រាប់​ពី​ដើម​ហេតុ​​ថា ការ​បង្កើត​សហព័ន្ធ​នេះ​ឡើង​គឺ​ក្រោយ​ពេល​​​​ការ​ចុះ​អនុស្សរណៈនៃការយោគយល់គ្នា រវាង​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង​គណៈកម្មាធិការ​អូឡាំពិក​រុស្ស៊ី លើ​កិច្ចសហការ​អភិវឌ្ឍកីឡា​ និង​ចលនាកីឡា​អូឡាំពិក ​ក្រោម​ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា-រុស្សី ដែលមានរយៈពេល ៧០ឆ្នាំមកហើយ។

លោកប្រធាន​សហព័ន្ធ​ថ្មី​បាន​លើក​ឡើង​ថា កីឡាសំាបូ គឺជាសិល្បៈ​ក្បាច់​គុន​​ប្រយុទ្ធ ​ការពារខ្លួនត្រូវ​បានបង្កើត​នៅឆ្នាំ១៩៣៨ ដែលដឹកនាំដោយសហព័ន្ធសំាបូអន្តរជាតិ និងទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” នៅឆ្នាំ២០២១។ កីឡាសំាបូត្រូវបានបញ្ចូលជាកីឡាមួយដែលទទួលការគាំទ្រពី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី “OCA” នៅឆ្នាំ ២០១៤ ហើយកីឡានេះបានបញ្ចូលក្នុងព្រឹត្តិការណ៍អាស៊ីជាច្រើន ដូចជា Asian Beach Games, Asian Indoor and Martial Arts Games និង Asian Youth Games ក្នុងនោះ OCA ក៏ត្រៀមបញ្ចូល​កីឡា​សាំបូក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថាន ផងដែរ។

លោក​បាន​សង្កត់​ធ្ងន់​ថា ៖«ការបង្កើតសហព័ន្ធកីឡាសាំបូនៅកម្ពុជានាពេលនេះ នឹងក្លាយជាកាលានុវត្តភាពថ្មីមួយសម្រាប់ចលនាអូឡាំពិកកម្ពុជាក្នុងការស្វែងរកឧត្តមភាពកីឡារបស់​កម្ពុជា​នៅលើឆាកអន្តរជាតិបន្ថែមទៀត»។

ថ្លែង​ក្នុង​ពិធី​​ប្រកាស​បង្កើត​ជាផ្លូវ​ការ​នេះ​ លោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសំាបូអាស៊ី និងអូសេអានី ​តំណាងសហព័ន្ធកីឡាសាំបូអន្តរជាតិ បាន​អបអរសាទរ និង​ស្វាគមន៍​សហព័ន្ធ​កីឡា​សាំបូកម្ពុជា​​ដែល​ចូល​រួម​ជា​មួយ​មហា​​គ្រួសារ​កីឡា​សាំបូទូទាំង​ពិភព​លោក។

បច្ចុប្បន្ន​នេះ​​មានក្លិប​សាំបូ​ចំនួន​ ៦ ក្លិប នៅ​កម្ពុជា​ បាន​កំពុង​បណ្តុះ​បណ្តាល និង​អភិវឌ្ឍ​​ធនធាន​កីឡា​សាំបូ​ ហើយ​ក៏​ស្រប​​​តាម​លក្ខខណ្ឌតម្រូវមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា​ដែល​ត្រូវ​ឲ្យ​មាន​ក្លិប-សមាគម​មួយ​ចំនួន​ទើប​អាច​​បង្កើត​សហព័ន្ធ​ថ្មី​បាន។

រហូត​ដល់​ពេល​នេះ សហព័ន្ធ​កីឡា​សាំបូ​អន្តរជាតិ មានសមាជិក​នៅ​គ្រប់​ទ្វីប​​គឺ​នៅ​ទ្វីប​អាស៊ី អាហ្វ្រិក អាមេរិក និង​អឺរ៉ុប​ ក្នុង​នោះ​មាន​ប្រទេស​ជា​សមាជិក​ជាង ១០០។ សម្រាប់​កម្ពុជា ជា​ប្រទេស​ទី៧ នៅ​តំបន់​អាស៊ាន បន្ទាប់​ពី​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី សៀម និង វៀតណាម៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម