ព័ត៌មានជាតិ
សហជីពជិត ៧ ពាន់ បានចុះបញ្ជិកានៅកម្ពុជា នេះសបញ្ជាក់ពីការលើកកម្ពស់ សិទ្ធិសេរីភាព និងផលប្រយោជន៍កម្មករ
គិតត្រឹមខែសីហា ឆ្នាំ ២០២៥ នេះ នៅក្នុងប្រទេសកម្ពុជា មានសហជីពចុះបញ្ជិកាបានកើនឡើងជិតដល់ ៧ ពាន់ ដោយក្រសួងការងារ គូសបញ្ជាក់ថា នេះជាលទ្ធផល នៃការអនុវត្តយុទ្ធសាស្ត្ររាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីថ្ងៃទី ១៤ ខែតុលា ថា គិតត្រឹមខែសីហា ឆ្នាំ ២០២៥ សហជីពដែលបានចុះបញ្ជិកាមានចំនួន ៦ ៧៣៥ ដោយក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៦ ៤១១, សហព័ន្ធសហជីពមានចំនួន ២៨២ និងសហភាពសហជីពមានចំនួន ៤២។ ក្នុងនោះ ក៏មានសមាគមនិយោជកចំនួន ១៣ ដែរ។
លោកបន្តថា គ្រាន់តែក្នុងរយៈពេល ២ ខែ គឺ នៅខែកក្កដា និងខែសីហា ឆ្នាំ ២០២៥ នេះ ការចុះបញ្ជិកាសហជីពថ្មីមានរហូតដល់ ៦៨ ដោយក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៦៧ និងសហព័ន្ធសហជីពចំនួន ១។
លោក ស៊ុន មេសា លើកឡើងថា «ការចុះបញ្ជិកាសហជីព គឺ ត្រូវបានធ្វើឡើងដោយស្របទៅតាមគោលការណ៍ច្បាប់ ដែលមានជាធរមាននៅកម្ពុជា។ នេះសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មានបំណងច្បាស់លាស់ក្នុងការលើកស្ទួយសិទ្ធិ និងសេរីភាពរបស់កម្មករ និងនិយោជកទាំងអស់»។
ជាមួយគ្នានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍ថា ការចុះបញ្ជិកាសហជីពមូលដ្ឋាន មិនមានការលំបាក ឬក៏ភាពស្មុគស្មាញអ្វីនោះទេ ហើយមកដល់ពេលនេះការចុះបញ្ជិកាសហជីពមូលដ្ឋានមានរហូតដល់ជាង ៦ ពាន់ , សហព័ន្ធសហជីពមានជាង ២០០ និងសហភាពសហជីពមានជាង ៤០។
លោក សំ សឿន បានបន្ថែមថា តាមរយៈតួលេខដ៏ច្រើននេះ បានបង្ហាញអំពីលំហ និងសេរីភាព នៃការចងក្រងសហជីពនៅកម្ពុជា ដែលមានភាពល្អប្រសើរ បើប្រៀបធៀបជាមួយបណ្ដាប្រទេសផ្សេងៗ ក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។
ចំណែក លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានលើកឡើងថា ការចុះបញ្ជិកាសហជីពជារួម មិនមានការលំបាកនោះទេ ព្រោះបច្ចុប្បន្នសហជីពមានរហូតដល់រាប់ពាន់ឯណោះ។
លោក អ៊ុន ដារ៉ា បានកត់សម្គាល់ថា ការចុះបញ្ជិកាសហជីព ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់ និងដំណើរការនីតិវិធីដែលមានជាធរមាន។
ការកើនឡើង នៃចំនួនសហជីពនេះ ត្រូវបានគេចាត់ទុកថា ជាសញ្ញាបង្ហាញពីការរីកចម្រើន នៃវិស័យពលកម្ម និងការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសិទ្ធិសេរីភាព សុវត្ថិភាព និងផលប្រយោជន៍កម្មករទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


