Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិគីមី រកឃើញសារធាតុគីមីច្រើនប្រភេទបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបញ្ចប់សង្គ្រាម

បានផុស

នៅ

នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានទម្លាយឱ្យដឹងថា អាជ្ញាធរជំនាញបានរកឃើញសារធាតុគីមីច្រើនប្រភេទនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបញ្ចប់សង្គ្រាម។ ការរកឃើញនេះ បន្ទាប់ពីយោធាថៃបានប្រើប្រាស់គ្រាប់បែកប្រភេទធុនធ្ងន់ គ្រាប់បែកចង្កោម និងផ្សែងពុល ដែលច្បាប់អន្តរជាតិបានហាមឃាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងបែបនេះ នៅចំពោះមុខតំណាងទូតបរទេសប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍ នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍលើវិស័យមីន ស្តីពី“កិច្ចប្រឹងប្រែងរួមគ្នាឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម” កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥។

នាឱកាសនោះ លោកបានលើកឡើងនូវបញ្ហាបច្ចុប្បន្នភាពក្រោយមានការប៉ះទង្គិចនៅតាមព្រំដែនកន្លងមកនេះ ដោយបានរកឃើញសារធាតុគីមីច្រើនប្រភេទដែលគួរឱ្យចាប់អារម្មណ៍ដែលប៉ះពាល់ដល់មនុស្ស សត្វ និងបរិស្ថាន ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តតាមដានយកចិត្តទុកដាក់ខ្ពស់។ លោកថ្លែងថា៖«យើងខ្ញុំបានរៀបចំក្រុមការងារជំនាញចុះទៅយកសំណាកតាមកន្លែងដែលយើងសង្ស័យ តាមកន្លែងដែលមានការរាយការណ៍កន្លងមកនេះ ​រកឃើញនូវសារធាតុជាច្រើនជាង ៧០ មុខដែលអាចប៉ះពាល់ដល់មនុស្សនិងសត្វ បរិស្ថាន ក្នុងរយៈពេលមធ្យម និងយូរអង្វែង បញ្ហានេះជាចំណុច​
រសើប»។

នាយឧត្តមសេនីយ៍ ផន ណារ៉ា

ក្រោយរកឃើញនេះ មន្រ្តីជំនាញបានរក្សាទុកសំណាកសម្រាប់ធ្វើកោសលវិច័យបន្ថែមទៀត ដើម្បីបូកសរុបថា តើសារធាតុនេះជាសារធាតុប្រភេទណា ខណៈកម្ពុជាកំពុងទាក់ទង អង្គការ​ហាម​ឃាត់​អាវុធ​គីមី (OPCW) ដើម្បីរៀបចំត្រួតពិនិត្យនិងសហការគ្នាធ្វើការលើរឿងនេះ។ លោកសង្កត់ធ្ងន់ថា ក្រោយសង្គ្រាមបញ្ចប់ នៅក្នុងតំបន់ព្រំដែនទាំងអស់មិនមែនមានតែមីនសុទ្ធនោះទេ ដោយឥឡូវនេះរកឃើញសារធាតុគីមីមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ និងធ្វើផែនការរៀបចំដើម្បីបន្សាប ឬបំផ្លាញចោល ដែលទាមទារឱ្យមានការរៀបចំថវិកាមួយចំនួនដើម្បីដោះស្រាយ។

ជាមួយគ្នានេះ លោកថ្លែងអំណរគុណចំពោះការររៀបចំវេទិកាខាងលើសម្រាប់ប្រមូលជំនួយដោះស្រាយបញ្ហានៅព្រំដែនលើវិស័យមីន ខណៈលោកស្នើដល់ម្ចាស់ជំនួយគិតគូរដោះស្រាយបញ្ហាសារធាតុគីមី ដែលកំពុងប៉ះពាល់ដីកសិកម្ម ជីវិតមនុស្ស សត្វ ទឹក និងបរិស្ថានជាដើម។

ទេសរដ្ឋមន្រ្តី លី ធុជ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា ៖«ការប្រើប្រាស់ដោយភាគីថៃនូវអាវុធគីមី និងផ្សែងពុលនេះ ដែលបច្ចុប្បន្នប៉ះពាល់ដល់អាយុជីវិតដល់ប្រជាពលរដ្ឋ ទាហាន សត្វ ទឹក និងបរិស្ថាន។ កម្ពុជាយើងបាននិងកំពុងធ្វើការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកអាវុធគីមីដើម្បីសិក្សាស្រាវជ្រាវបន្ថែម»។

កន្លងមក ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ី (AAWC) លោក ឃុត ចាន់ដារ៉ា សមាជិកគណ:កម្មការទី៩ នៃរដ្ឋសភា ក៏បានអំពាវនាវឱ្យមានចំណាត់ការបន្ទាន់ណាមួយពី AAWC និងដៃគូអន្តរជាតិ ពិចារណាបង្កើតនូវក្រុមជំនាញការបរិស្ថាន ដើម្បីធ្វើការវាយតម្លៃ និងធ្វើតេស្តគុណភាពទឹក ដី និងបរិយាកាស នៅតំបន់ដែលរងគ្រោះ ដើម្បីពិនិត្យពីការបំពុល និងកំណត់នូវហានិភ័យចំពោះប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស ដែលបង្កឡើងដោយថៃនៅក្នុងជម្លោះព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម