Connect with us

ព័ត៌មានជាតិ

តំណាងកម្ពុជាប្រើវេទិកាអន្តរជាតិលើកឡើងជាថ្មីពីការឈ្លានពានរបស់ថៃដែលបានបង្កផលប៉ះពាល់លើជនស៊ីវិល

បានផុស

នៅ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក កែវ ឈា បានបន្តរាយការណ៍ពីផលប៉ះពាល់ដែលបង្កឡើងដោយការឈ្លានពានរបស់យោធាថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជា។ ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯទីក្រុងញូយ៉ក លោក អះអាងថា ជនស៊ីវិលកម្ពុជាប្រមាណជាង៦៤ម៉ឺននាក់បានរត់ភៀសខ្លួន ដោយសារតែជម្លោះព្រំដែននេះ ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវីល និងតំបន់បេតិកភណ្ឌ ក៏ត្រូវបានបំផ្លិចបំផ្លាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីរសៀលថ្ងៃទី២១ ខែឧសភា លោក កែវ ឈា បានរៀបរាប់ប្រាប់តំណាងប្រទេសឯទៀតឱ្យដឹងថា សង្គ្រាមឈ្លានពានរបស់ថៃ ទាំងពីរលើក កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ក្នុងនោះជនស៊ីវិលកម្ពុជាប្រមាណ ៦៤៩ ០០០នាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ ហើយប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។

អំពើឈ្លានពានបែបនេះ លោក ថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់មនុស្សធម៌អន្តរជាតិ ហើយខណៈដែលលោកក៏បានកត់សម្គាល់ឃើញថា ការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិនេះនៅតែបន្តកើតមាននៅតាមតំបន់ជាច្រើន មិនមែនតែនៅក្នុងប្រទេសកម្ពុជានោះទេ។

ក្នុងន័យនេះ តំណាងកម្ពុជាបានសង្កត់ធ្ងន់អំពីគោលការណ៍ និងសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងកិច្ចការពារជនស៊ីវីលនៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ។

គួរជម្រាបថា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមក បានបង្កើតឱ្យមានពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ ត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ប៉ុន្តែក្រោយមានបទឈប់បាញ់ ពលរដ្ឋជិត៦សែន២ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅមានជនភៀសសឹកកម្ពុជាប្រមាណ ៣០ ៩៣៤នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ដោយសារកងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រ កាន់កាន់ផ្នែកខ្លះនៃភូមិឋានរបស់ពួកគាត់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម