Connect with us

ព័ត៌មានជាតិ

សមាជិកក្រុមប្រឹក្សារាជធានី ស្នើអាជ្ញាធរអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់​ចំពោះគ្រោះថ្នាក់អគ្គិភ័យ

បានផុស

នៅ

សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​ធ្វើ​ឱ្យ​បទល្មើស​នានា ថយ​ចុះ ជាមួយ​នឹង​ការ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​រាជធានី អំពាវនាវ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​អគ្គិភ័យ ដោយ​ក្នុង​ខែ​តុលា​កន្លង​មក​នេះ គ្រោះថ្នាក់​អគ្គិភ័យ​មាន​ការ​កើន​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​ពី​ការ​កោតសរសើរ​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី ១២ វិច្ឆិកា នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៨ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី ៤ ក្រោម​អធិបតី​ភាព លោក ជួប ខុន សមាជិក​ក្រុមប្រឹក្សា តំណាង​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ហួត ហៃ អភិបាលរង តំណាង​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ។

សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នេះ បាន​ប្រសាសន៍​លើកឡើង​ពី​ការ​កោតសរសើរ​ចំពោះ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​បង្ក្រាប​បទល្មើស​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ខែ​តុលា​កន្លង​មក​នេះ ដោយ​បាន​ធ្វើ​ឱ្យ​បទល្មើស​មានការ​ថយចុះ ជាមួយ​នឹង​ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន ៣៧ ករណី បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន ៨៦ ករណី បង្ក្រាប​ក្មេង​ទំនើង​បាន ១៤ ករណី និង​បង្ក្រាប​បទល្មើស (ONLINE SCAM) បាន​ចំនួន ៧ ទីតាំង ឃាត់ខ្លួន​ចំនួន ១៣៧ នាក់ / ៦ សញ្ជាតិ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មាន​ការ​ថយ​ចុះ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ គឺ​គ្រោះថ្នាក់​អគ្គិភ័យ​បែរជា​កើន​ឡើង​រហូតដល់ ១១ លើក / ៩ លើក។ ចំពោះ​ការ​កើន​ឡើង​គ្រោះថ្នាក់​អគ្គិភ័យ​នេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្សព្វ​ផ្សាយ និង​អំពាវនាវ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់។

លោក ជួប ខុន លើក​ឡើង​ថា កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៨ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី ៤ នេះ មាន​របៀបវារៈ​ចំនួន ៣ ក្នុង​នោះ​រួមមាន ៖ ១-ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់​ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ១៧ របស់​ក្រុមប្រឹក្សា​រាជធានី​-ភ្នំពេញ ឆ្នាំ​ទី ២ អាណត្តិ​ទី ៤ កាលពី​ថ្ងៃ​ទី ៩ ខែ​តុលា ឆ្នាំ ២០២៥។ ២-ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​តុលា ឆ្នាំ ២០២៥ ស្ដីពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ទី​៣-ស្តាប់​របាយការណ៍​លទ្ធផល​ការងារ​ដែល​សម្រេច​បាន​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ និង​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

លោក ជួប ខុន បន្ត​ទៀត​ថា ចំពោះ​ការ​គ្រប់គ្រង​ការ​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ​ឃើញ​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​ហើយ តែ​ក៏​នៅ​មាន​បញ្ហា​អសកម្ម​មួយ​ចំនួន ដោយមាន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដង្កោ​បាន​លើក​ឡើង​ពី​ការ​យឺតយ៉ាវ នៃ​ការ​ប្រមូល​ដឹកជញ្ជូន​សំរាម​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម។

ជុំវិញ​បញ្ហា​នេះ លោក ជួប ខុន ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​បន្ត​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​ក្រុមហ៊ុន​ប្រមូល​សំរាម ធ្វើយ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​មាន​សោភណភាព អនាម័យ និង​បរិស្ថាន​ល្អ។

លោក ហួត ហៃ លើក​ឡើង​ដែរ​ថា ការ​កោតសរសើរ​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ចំពោះ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​លើ​ការ​បង្ក្រាប​បទល្មើស​នានា វា​ជា​ការ​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពុះពារ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​មាន​សន្តិសុខ សុវត្ថិភាព កាន់តែ​ល្អ​ប្រសើរ​ជាមួយ​នឹង​ការ​អភិវឌ្ឍ​រីកចម្រើន​មួយ​កម្រិត​បន្ថែម​ទៀត៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម