ព័ត៌មានជាតិ
ខួបលើកទី ៩ ទិវាជាតិ នៃការចងចាំថ្ងៃទី ២០ ខែឧសភា ឆ្នាំនេះ និមន្តព្រះសង្ឃ ៨៨ អង្គ បង្សុកូលរាប់បាត្រនៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក
រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសខួបលើកទី ៩ ទិវាជាតិ នៃការចងចាំថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ នេះ បាននិមន្តព្រះសង្ឃចំនួន ៨៨ អង្គ បង្សុកូលរាប់បាត្រនៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ដើម្បីឧទិ្ទសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះស្លូតត្រង់ជាង ៣ លាននាក់ ដែលត្រូវបានពួក ប៉ុល ពត កាប់សម្លាប់យ៉ាងរង្គាល រហូតធ្វើឲ្យប្រទេសកម្ពុជាក្លាយជាគំនរឆ្អឹង ស្ទឹងទឹកភ្នែក បន្សល់ទុកស្រ្តីមេម៉ាយ , ក្មេងកំព្រា និង ហេដ្ឋារចនាសម្ពន្ធ័ជាតិទាំងមូល បំផ្លាញដល់ក្រោមសូន្យ។


ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។


ប្រជាជនកម្ពុជាគ្រប់រូប នៅតែចងចាំមិនភ្លេចចំពោះសោកនាដកម្មរបស់ពួកឃាតកអាវខ្មៅរយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ទោះបីស្រមោលអន្ធការនេះបានកន្លងផុតទៅជាង ៤៧ ឆ្នាំ ទៅហើយក្តី។


ក្នុងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឧិកាសខួបលើកទី ៩ ទិវាជាតិ នៃការចងចាំនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ ដែលអានដោយ លោក ឃួង ស្រេង បានឲ្យដឹងថា ទិវាជាតិ នៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និង ការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ , លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ ជីវិតក៏ដោយ។


រដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី ២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និង ខៀវ សំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និង ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៨៤មក។ ក្រោយឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី ២០ ខែឧសភា ជា «ទិវាជាតិ នៃការចងចាំ» វិញ។


ទិវាជាតិ នៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឲ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និង លើកកម្ពស់ការផ្សព្វផ្សាយ និង ការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់ និង បង្ការកុំឲ្យរបបឃោរឃៅ ព្រៃផ្សៃ និង ប្រល័យពូជសាសន៍បែបនេះ កើតមានឡើងសាជាថ្មី។ ដូច្នេះ ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់ ត្រូវចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និង ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន។


លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងថា តាមរយៈគោលនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដែលជាឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ននេះ។ រាជរដ្ឋាភិបាលនីតិកាលទី ៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំបន្តវេន វ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និង ថាមពល បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែរក្សា សន្តិភាព និង ស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ការប្រារព្ធទិវាជាតិ នៃការចងចាំ ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗ ដែរ គឺបានរៀបចំពិធីសាសនានៅចំពោះមុខស្តូបតម្កល់អដ្ឋិធាតុជាងមួយម៉ឺននាក់ ដែលបានគាស់ចេញពីរណ្តៅសពរួមនៅ មជ្ឍមណ្ឌលប្រល័យពូជសាសន៏ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធធ្វើពិធីបង្សុកូលជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៏ក្នុងរបបវាលពិឃាតខ្មែរក្រហមនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


