Connect with us

ព័ត៌មានជាតិ

មក​ដល់ពេលនេះ កម្ពុជា​ចុះ​​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​សេរីចំនួន ១៣ បើក​​ទីផ្សារ​​នាំ​ទំនិញ​កម្ពុជា​ទៅ​កាន់​ពិភពលោក

បានផុស

នៅ

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ចុះ​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ចំនួន ១៣ ដែល​បាន​ជួយ​សម្រួល​​បើក​ទីផ្សារក្នុង​ការ​​​នាំ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​​​ពិភពលោក។

លោក វ៉ា រុតសាន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​សេរី (FTA) គឺ​ជា​កិច្ចព្រមព្រៀង​ដែល​ផ្តល់​ភាព​អនុគ្រោះ ឬ​សម្រួល​ពន្ធ​​លើ​ការ​នាំ​ចេ​ញ​នាំចូល​ទំនិញ​ទៅ​ប្រទេស​ណាមួយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​វេទិកា និងពិព័រណ៍​កសិកម្ម​កម្ពុជា (CAFE25) ក្នុង​កិច្ច​ពិភាក្សា​ពី​កាលានុវត្តភាពសម្រាប់​វិស័យកសិស្បៀងអាហារនៅកម្ពុជា​​ លោក វ៉ា រុតសាន បាន​បញ្ជាក់ថា រហូត​មក​ដល់ពេលនេះ កម្ពុជា​​បានចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន ១៣ ជាមួយប្រទេសនៅ​​ក្នុង​តំបន់​និង​លើពិភពលោក ក្នុង​នោះ​ទ្វេភាគី​​មាន​ចំនួន ៣ ដែល​រួមមាន​កម្ពុជា​ជាមួយ​អេមីរ៉ាតអារ៉ាប់រួម (UAE) កម្ពុជា-កូរ៉េខាងត្បូង និង កម្ពុជា-ចិន និង​កិច្ច​ព្រមព្រៀង​សេរី​ថ្នាក់​តំបន់​ចំនួន ១០ រួមមាន អាស៊ាន-ហុងកុង-ចិន, អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់, អាស៊ាន-កូរ៉េ​ខាងត្បូង, អាស៊ាន-ឥណ្ឌា, អាស៊ាន-ជប៉ុន, និង អាស៊ាន-ចិន ព្រម​ទាំង​កិច្ចព្រមព្រៀង​ផ្ទៃក្នុង​អាស៊ាន​ស្តី​ពី​សេវាកម្ម វិនិយោគ និង​ទំនិញ។

លោក វ៉ា រុតសាន បាន​បញ្ជាក់ថា កម្ពុជា​អាចទាញយកប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជាមួយប្រទេសនានាក្រោមប្រព័ន្ធ MSN, ប្រព័ន្ធអនុគ្រោះទូទៅ (GSP) និងប្រព័ន្ធអនុគ្រោះផ្សេង​ទៀត​ ដោយសារ​កម្ពុជា​ជា​សមាជិក​អង្គការពាណិជ្ជកម្មពិភពលោក WTO។

ក្រសួង​ពាណិជ្ជកម្ម​មាន​តួនាទី​​ដូចជា “មេណ្ដើក” ដែល​ជួយ​សម្របសម្រួល​ទាំង​អ្នក​លក់ និង​អ្នកទិញ​ទាំងក្នុង និង​ក្រៅប្រទេស។ ពាក់ព័ន្ធ​ការ​ពង្រីកទីផ្សារ​នាំចេញ​ទំនិញ​របស់ប្រទេស​កម្ពុជា​ លោក វ៉ា រុតសាន បាន​លើកឡើងពី​ការ​​ខិតខំ​របស់​ក្រសួង​ពាណិជ្ជកម្មក្នុង​ការ​​ស្វែង​រក​ទីផ្សារ​ថ្មីៗ​ ដើម្បី​ពង្រីក​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ផ្សេង​ទៀត។ ជាក់ស្តែង​ថ្មីៗ​នេះកម្ពុជា​បាន​ពង្រីកទីផ្សារ​នាំចេញ​ទៅ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រទេស ទួរគី ប្រទេស​ បារាំង និង​អង់គ្លេស ជាដើម។

ក្រៅពីខិតខិស្វែង​រក​ទីផ្សារថ្មីៗ​ ក្រសួងបាន​ខិតខំ​ធ្វើ​ពិពិធកម្ម​លើមុខ​ទំនិញ​​យុទ្ធសាស្រ្ត​ផ្នែក​ឧស្សាហកម្ម ដោយ​មាន​ការ​គាំទ្រ​ពី CDC បន្ថែម​ការ​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​​លើ​មុខ​ទំនិញ​កសិកម្ម​មាន​​សក្ដានុពល​​ដូចជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយ ម្រេច និង​មៀន​ប៉ៃលិន​ជាដើម។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ វិស័យកសិកម្មកម្ពុជា​សម្រេចបាន​លទ្ធផល​គួរជា​ទីមោទនៈ។ ប្រទេស​កម្ពុជា​បាន​ចេញផុត​ពី​ស្ថានភាព​ខ្វះស្បៀង និង​ពឹងផ្អែកលើជំនួយស្បៀង​អាហារពីបរទេស មកធានា​បាន​ទាំងស្រុង​នូវ​សន្តិសុខស្បៀងក្នុងស្រុក ជាពិសេស​ក្នុងកាលៈទេសៈ​នៃការបិទព្រំដែនជាឯកតោ​ភាគីរបស់​ប្រទេសថៃអស់រយៈពេលជាច្រើនខែកន្លងមកនេះ ដែលបង្ហាញពីចំណុចខ្លាំង និងភាព​ធន់នៃ​វិស័យក​សិកម្មកម្ពុជាក្នុងពេលជួបវិបត្តិ។

ថ្លែង​ក្នុង​ពិធីបើក​វេទិកា និងពិព័រណ៍​កសិកម្ម​កម្ពុជា (CAFE25) លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បាន​បញ្ជាក់​ថា កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មរាប់លាន​តោនជារៀងរាល់​ឆ្នាំទៅ​កាន់​ទីផ្សារពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់​ក្នុងការលើកកម្ពស់ជីវភាព​ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួម​ធានា​សន្តិសុខ​ស្បៀងពិភពលោក​ថែម​ទៀត​ផង។

ខណៈ​ដែល​វិស័យ​កសិកម្ម​ប្រទេស​កម្ពុជា​បាន​បោះជំហាន​មកដល់​ដំណាក់កាល​ថ្មី លោក ប្រាក់ ដាវីដ ​ទទួលស្គាល់ថា កសិកម្ម​ប្រទេស​កម្ពុជា​ក៏​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ថ្មី​មួយ​ចំនួន​ ជាពិសេសលើ​បញ្ហា​និរន្តរភាព​នៃ​ផលិតកម្ម តម្រូវការ​ទីផ្សារ ថ្លៃដើម​ផលិត​ខ្ពស់ ទីផ្សារ​និង​ការកែច្នៃ​កសិផល​នៅ​មាន​កម្រិត និង​ការប្រែប្រួល​មិន​អាច​ស្មាន​ទុក​ជាមុន​បាន​នៃ​តម្លៃ ដែល​ទាំងអស់​នេះ​ទាម​ទារឱ្យ​គ្រប់តួ​អង្គ​ពាក់ព័ន្ធ​ចូលរួម​សហការ និង​គាំទ្រកាន់​តែ​សកម្ម ក្នុងគោលបំណងបន្តរួមគ្នាដោះស្រាយ និង​ផ្តល់​ក្តី​សង្ឃឹម​​ដល់​ប្រជាកសិករ​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ផលិត ដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់​ជីវភាព​គ្រួសារផង និងទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​បង្ហាញ​ថា នៅ​ឆ្នាំ ២០២៤ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ជាង ១២​លាន​តោន ទៅ​កាន់​ទិសដៅ ៩៥ ប្រទេស គិតជា​ទឹកប្រាក់​ប្រមាណ ៥,៣ ​ពាន់​លាន​ដុល្លារ​អាម៉េរិក។

ដោយ​ឡែក​ក្នុងរយៈពេល ៩ ខែ នៃឆ្នាំ២០២៥ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង ១១ លាន​តោន កើន​ឡើង​ប្រមាណ ៣០ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នាក្នុងឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម