ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មលើកកត្តាប្រឈម កម្ពុជាពិបាកទាក់ទាញរោងចក្រធំៗវិនិយោគកែច្នៃផលកសិកម្ម
ក្នុងវេទិកានិងពិព័ណ៍កសិកម្ម (CAFE25) ដែលរៀបចំឡើងកាលពីសប្តាហ៍មុននេះ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីកត្តាប្រឈមមួយចំនួន ដែលកម្ពុជាពិបាកទាក់ទាញរោងចក្រកែច្នៃផ្នែកកសិកម្មធំៗ ដែលធ្វើឲ្យមានការហូរចេញផលកសិកម្មមិនបានកែច្នៃ នាំឲ្យខាតបង់តម្លៃសេដ្ឋកិច្ចយ៉ាងច្រើន។
លោក ហែម វណ្ណឌី បានគូសបញ្ជាក់ថា អ្នកវិនិយោគខ្មែរមានច្រើន ប៉ុន្តែផ្នែករោងចក្រកែច្នៃផលកសិកម្មមិនមានច្រើននោះទេ។

លោករដ្ឋមន្រ្តីបានលើកឡើងពីភាពចន្លោះប្រហោងការអនុវត្តកិច្ចសន្យា (Contract Enforcement) ទើបមិនអាចទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ហ៊ានបោះទុនដាក់រោងចក្រកែច្នៃផ្នែកកសិកម្មឲ្យបានច្រើនក្នុងប្រទេសកម្ពុជា។
លោកលើកឡើងដូច្នេះថា «បើសិនជាការអនុវត្តកិច្ចសន្យាទិញលក់មិនត្រូវបានគោរពទេ នោះនឹងគ្មានទេការវិនិយោគធំៗនៅក្នុងវិស័យកែច្នៃកសិកម្ម រួមទាំងការដាក់រោងចក្រកែច្នៃ។
លោកថា ការអនុវត្តកិច្ចសន្យាគួរតែក្លាយជាបេសកកម្មរួមមួយ ខណៈដែលការដាក់ចេញការអនុវត្តកិច្ចសន្យាគួរមានការចូលរួមពីវិស័យធនាគារ (banking sector) ផងដែរ។
បើតាមលោករដ្ឋមន្រ្តី មានតែវិស័យធនាគារទេ ដែលអាចជួយដោះស្រាយការអនុវត្តកិច្ចសន្យាបាន ជាពិសេសពាក់ព័ន្ធកិច្ចសន្យាកសិកម្ម (contract farming)។
លោករដ្ឋមន្រ្តីថា វិស័យធនាគារអាចដើរតួជាអ្នកកណ្ដាលមួយ ដែលគ្រប់គ្រងលំហូរសាច់ប្រាក់។ បើភាគីមួយមិនគោរពកិច្ចសន្យា ត្រូវមានយន្តការដាក់វិន័យ។

បន្ថែមពីនេះ លោកបានលើកឡើងពាក់ព័ន្ធទៅនឹងជំនាញឯកទេស (specialization) ខណៈដែលលោករដ្ឋមន្រ្តីមើលឃើញនៅភាពច្របូកច្របល់ ទើបនាំឲ្យការវិនិយោគមានភាពរាំងស្ទះ។
«យើងត្រូវពិចារណាថា តើនៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់យើងប៉ុន្មាននាក់ជាអ្នកឯកទេស ហើយអ្នកណាគឺជាឯកទេសនៅលើផ្នែកណា។ នេះគឺជាចំណុចគន្លឹះដែលយើងត្រូវគិតគូរ»។
លោករដ្ឋមន្រ្តីបានលើកឧទាហរណ៍ អ្នកចិញ្ចឹមជ្រូកមិនគួរធ្វើជាអ្នកខ្វៃជ្រូកនោះទេ។ អ្នកចិញ្ចឹមជ្រូកត្រូវតែឯកទេស ក្នុងការចិញ្ចឹមជ្រូកឲ្យត្រូវតាមស្តង់ដារ។ អ្នកខ្វៃគឺជាឯកទេសខ្វៃ អ្នកកែច្នៃគឺជាអ្នកកែច្នៃ ហើយអ្នកដាំដុះគឺជាអ្នកដាំដុះ។ ឲ្យតែមនុស្សគ្រប់រូបបានធ្វើឯកទេសរបស់ខ្លួនពិតប្រាកដ នោះខ្សែច្រវាក់នឹងមានការប្រទាក់ក្រឡាគ្នាឡើងវិញ។
កន្លងមក បើតាមលោករដ្ឋមន្រ្តីមានភាពច្របូកច្របល់បន្តិចបន្តួច។ ឧទាហរណ៍ អ្នកដាំចន្ទី ឃើញគេលក់ចន្ទីបានថ្លៃ ក៏នឹកឃើញចង់ទៅកែច្នៃចន្ទីដែរ។ នេះគឺមិនត្រឹមត្រូវទេ ព្រោះវាមិនដូចគ្នាទេ ដោយសារដំណើរការ (processes) និងឯកទេសគឺខុសគ្នា។
ពាក់ព័ន្ធបញ្ហានេះដែរ លោកប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកហេតុផលនៃការរារែករបស់ក្រុមហ៊ុនក្នុងការវិនិយោគកែច្នៃកសិផលដែលមូលហេតុចម្បង គឺបណ្ដាលមកពីការផលិតផលកសិកម្មមិនមានការប្រមូលដុំ (aggregation) ច្បាស់លាស់។

ដើម្បីទាក់ទាញការវិនិយោគរោងចក្រកែច្នៃកសិផល ចាំបាច់ត្រូវមានក្របខ័ណ្ឌមួយដែលអាចធានាបានថា អ្នកផលិតតូចៗ (កសិករ) អាចប្រមូលផ្តុំកសិផលផ្គត់ផ្គង់ទៅឱ្យរោងម៉ាស៊ីន ឬរោងចក្រកែច្នៃ។
លោកថា ការផ្គត់ផ្គង់ក៏ត្រូវតែមានបរិមាណមួយដែលសមស្រប។ ឧទាហរណ៍ ប្រសិនបើរោងចក្រមួយត្រូវការត្រឹមតែ ១ តោននៃស្វាយស្រស់ក្នុងមួយថ្ងៃ បើសិនជាគេយកស្វាយស្រស់ឱ្យលើសពី ១ តោនក្នុងមួយថ្ងៃ ក្រុមហ៊ុនក៏មិនអាចធ្វើអ្វីបានដែរព្រោះមិនអាចទុកយូរបាន។ ហើយបើសិនជាយកក្រោម ១ តោនក្នុងមួយថ្ងៃ ក៏ធ្វើឱ្យរោងចក្រពិបាកដែរដោយសាររោងចក្រត្រូវដើរឈប់ៗ។
លោកប្រៀបធៀថា ការធានានូវ និរន្តរភាពនៃការផ្គត់ផ្គង់ ប្រៀបដូចជាម៉ាស៊ីនបេះដូងរបស់រោងចក្រកែច្នៃ។ បើសិនជាម៉ាស៊ីនបេះដូងនោះបូមឈាម (វត្ថុធាតុដើម) មិនបានទៀងទាត់ (ពេលខ្លះច្រើន ពេលខ្លះតិច) នោះរោងចក្រទាំងមូល (រាងកាយ) នឹងដំណើរការមិនបានល្អ ហើយអាចឈឺធ្ងន់ (ខូចខាត ឬក្ស័យធន)។
បន្ថែមពីនេះ មន្រ្តីក្រសួងកសិកម្មរូបនេះបញ្ជាក់ថា ការផ្គត់ផ្គង់ក៏ត្រូវមានគុណភាពផងដែរ។
លោកថា ប្រសិនបើការផ្គត់ផ្គង់កសិផលដល់រោងចក្រមានភាពថេរ (ទាំងបរិមាណ និងគុណភាព) នោះរោងចក្រនឹងអាចដំណើរការបានល្អ។ ផ្ទុយទៅវិញ ការមិនបានរៀបចំការផលិតឲ្យច្បាស់លាស់ គឺជាកត្តាដែលធ្វើឲ្យអ្នកវិនិយោគមានការរារែកចិត្ត។
ក្រសួងកសិកម្មបានខិតខំព្យាយាមរៀបចំការប្រមូលផ្តុំកសិផល ដើម្បីអាចឱ្យកសិករធ្វើការផលិតនិងផ្គត់ផ្គង់ក្នុងបរិមាណមួយសមស្រប តាមរយៈសហគមន៍កសិកម្មទំនើប។ យ៉ាងណាមិញ ទំហំនៃសហគមន៍កសិកម្មទំនើបនៅតូចនៅឡើយ ដោយសារវាជាកិច្ចការងារថ្មី។
លោកប្រាក់ ដាវីដ បានបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបត្រូវការទុនច្រើន ទើបធ្វើឲ្យដំណើរការអាចមានវឌ្ឍនភាពទៅមុខ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


