សេដ្ឋកិច្ច
អ្នកជំនាញថា វិស័យទេសចរណ៍កាន់តែរីកចម្រើន ក្រោយតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា
លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា បានឱ្យដឹងថា នេះគឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រ សម្រាប់ការហោះហើរត្រង់ពីទីក្រុងកុលកាតា ប្រទេសឥណ្ឌា មកកាន់ខេត្តសៀមរាប ដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍខ្សែទស្សនកិច្ច, អភិវឌ្ឍវិស័យទេសចរណ៍ និងការវិនិយោគរវាងកម្ពុជា-ឥណ្ឌា។

ថ្លែងប្រាប់ «កម្ពុជាថ្មី» លោក ធួន ស៊ីណាន បានលើកឡើងថា នេះគឺជាខ្សែទី២ ហើយ ដែលឥណ្ឌាបានតភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដោយខ្សែទី១ ហោះហើរទៅកាន់រាជធានីភ្នំពេញ និងខ្សែទី២ ហោះហើរមកកាន់ខេត្តសៀមរាប។
លោកថា ប្រសិនបើយើងធៀបជាមួយប្រទេសវៀតណាមវិញ ជារៀងរាល់ថ្ងៃ គឺមានការហោះហើរត្រង់មកកាន់ទីក្រុងរបស់គេ ៣ ទៅ ៤ ទីក្រុង ដោយឡែកសម្រាប់កម្ពុជាយើងទើបតែមាន ២ ខ្សែប៉ុណ្ណោះ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបនេះ។
«បើទោះបីជាមិនទាន់មានខ្សែហោះហើរត្រង់ច្រើនជើងក៏ដោយ ប៉ុន្តែនេះ គឺជាសមិទ្ធផលថ្មីដែលយើងត្រូវតែរីករាយអបអរសាទរ ជួយគាំទ្រនៅក្នុងការផ្សព្វផ្សាយដើម្បីធ្វើយ៉ាងណាឱ្យការហោះហើរនេះនឹងពង្រីកការបន្ថែមបន្តបន្ទាប់ទៀត»។ លោក ធួន ស៊ីណាន បន្ថែមយ៉ាងដូច្នេះ។

ទន្ទឹមនេះ លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទេសករខេត្តសៀមរាបក៏បានឱ្យ«កម្ពុជាថ្មី» ដឹងបន្ថែមថា ពាក់ព័ន្ធនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Indigo មកកាន់ខេត្តសៀមរាបនេះ គឺជាកត្តាមួយដែលល្អខ្លាំង ហើយក៏ជាជោគជ័យផ្នែកនយោបាយទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រោះយើងអាចឱ្យអន្តរជាតិហោះត្រង់មកកាន់ប្រទេសកម្ពុជា ជាពិសេសឱ្យមកឃើញប្រសាទសាសនាព្រាហ្មណ៍របស់ខ្មែរយើងនៅសម័យអង្គរ ព្រោះថាភ្ញៀវទេសចរឥណ្ឌា គឺមានមោទនភាពណាស់ដែលមានប្រសាទសាសនាហិណ្ឌូនៅក្រៅប្រទេស។
ម្យ៉ាងទៀត ភ្ញៀវទេសចរឥណ្ឌាក៏ចូលចិត្តទៅលេងនៅភ្នំគូលែន ស្ទឹងលិង្គ ១០០០ ដែលជានិមិត្តរូបនៃសាសនាព្រាហ្មណ៍ ដែលនេះគឺជាទីទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើន។ មួយវិញទៀត មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរឥណ្ឌាប៉ុណ្ណោះទេ ទេសចរដទៃទៀតដូចជា អឺរ៉ុប អាមេរិក អូស្ត្រាលី កាណាដា ជាដើមនោះ ក៏អាចតជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាផងដែរ។

លោក ខៀវ ធី បន្ថែមដែរថា យើងបានដឹងហើយថា កាលណាមានភ្ញៀវទេសចរចូលមកទស្សនាប្រទេសយើងកាន់តែច្រើន ដូច្នេះវិស័យសេដ្ឋកិច្ច ក៏ដូចជាកសិកម្មនឹងរីកចម្រើនដូចគ្នាដែរ ព្រោះកសិករកម្ពុជា ៨០% ប្រកបរបរដាំដំណាំស្រូវ បន្លែ ផ្លែ ឈើផ្សេងៗ ហើយភ្ញៀវទេសចរត្រូវការអាហារបរិភោគ ដូច្នេះតាមរយៈនេះនឹងជួយរុញច្រានជីវភាពប្រជាជនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
លោកបានសង្កត់ធ្ងន់ថា ទេសចរណ៍ជាវិស័យបៃតង ដូច្នេះទេសចរណ៍រីកចម្រើន វានឹងទៅជួយទាញវិស័យផ្សេងៗទៀតឱ្យមានការរីកចម្រើនទៅព្រមៗគ្នា។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines របស់ឥណ្ឌា ទើបតែបានតភ្ជាប់ជើងហោះហើរត្រង់លើកដំបូងរបស់ខ្លួនពីទីក្រុង Kolkata មកខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ដែលធ្វើការហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍។
ការហោះហើរត្រង់មកកម្ពុជាដំណើរការដោយយន្តហោះ Airbus A320neo ដែលនឹងចូលរួម ពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


