Connect with us

ព័ត៌មានជាតិ

សមណសិស្ស និង សិស្ស ជាង ១ ពាន់ អង្គ/នាក់ ចូលរួមប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក ឆ្នាំសិក្សា ២០២៥-២០២៦ នៅខេត្តសៀមរាប

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ សមណសិស្ស និង សិស្ស ចំនួនជាង ១ ០០០​ អង្គ និង នាក់ បាននិមន្ត និង អញ្ជើញចូលរួមប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅទូទាំងខេត្តសៀមរាប បានធ្វើការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក ឆ្នាំសិក្សា ២០២៥-២០២៦ ដែលជាការប្រឡងកម្រិតជាតិសម្រាប់សមណសិស្ស និង សិស្ស ទូទាំងប្រទេស ដើម្បីវាស់ស្ទង់ចំណេះដឹងផ្នែកពុទ្ធសាសនា វិន័យ និង សីលធម៌ មុននឹងបន្តការសិក្សាថ្នាក់ពុទ្ធិកសិក្សា។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់រៀងរាល់ឆ្នាំ ក្រោមការចង្អុលបង្ហាញពី ក្រសួងធម្មការ និង សាសនា ហើយ មន្ទីរធម្មការសាសនាខេត្តសៀមរាប សហការជាមួយ សាលាគណខេត្តទាំង ២ គណៈ មន្រ្តីសង្ឃទាំង ២ គណៈ និង ទទួលការណែនាំអនុញ្ញាតពី លោកអភិបាលខេត្ត ដើម្បីរៀបចំការប្រឡងថ្នាក់ត្រី-ទោ-ឯក នេះ។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និង សាសនាខេត្តសៀមរាប មានប្រសាសន៍ថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តសៀមរាប មានសមណសិស្ស និង សិស្ស ចំនួន ១ ២៥៥ អង្គ និង នាក់​ ក្នុងនោះ មានការប្រឡងចំនួន ៦ មណ្ឌល គឺមានមណ្ឌលប្រឡងសៀមរាប , មណ្ឌលប្រឡងសូទ្រនិគម , មណ្ឌលប្រឡងប្រាសាទបាគង , មណ្ឌលប្រឡងពួក , មណ្ឌលប្រឡងអង្គរជុំ និង មណ្ឌលប្រឡងបន្ទាយស្រី។

លោកបញ្ជាក់ថា ក្នុងការប្រឡងនេះ សមណសិស្ស និង សិស្ស បានដាក់ពាក្យប្រឡងថ្នាក់ត្រី មានចំនួន ៩៩១ អង្គ និង នាក់ , ថ្នាក់ទោ មានចំនួន ២៤០ អង្គ និង នាក់ និង ថ្នាក់ឯកមានចំនួន ១០៤ អង្គ និង នាក់។

ព្រះធម្មសិរី ជុំ គឹមឡេង អាភាករោ ព្រះសុមង្គលសីលាចារ្យ ព្រះមេគណខេត្តសៀមរាប មានថេរដីកាថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក នៅថ្ងៃនេះ មិនមែនគ្រាន់តែជាការស្វែងរកការជាប់ ឬ ធ្លាក់នោះទេ ប៉ុន្តែជាការវាស់ស្ទង់ការយល់ដឹងពីធម៌វិន័យ ព្រះពុទ្ធវចនៈ និង សីលធម៌រស់នៅ។

ព្រះមេគណខេត្ត មានថេរដីកាបន្តថា ព្រះពុទ្ធសាសនាអាចគង់វង្សទៅបានអាស្រ័យលើការសិក្សារៀនសូត្រ និង ការប្រតិបត្តិឲ្យបានត្រឹមត្រូវរបស់សមណសិស្ស និង ពុទ្ធបរិស័ទគ្រប់រូប ហើយវិស័យពុទ្ធិកសិក្សា គឺជាគ្រឹះដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានសង្ឃឲ្យមានទាំងចំណេះដឹង និង គុណធម៌ ដើម្បីបន្តវេនដឹកនាំផ្លូវចិត្តរបស់មនុស្សក្នុងសង្គម។

ព្រះធម្មសិរី ជុំ គឹមឡេង មានថេរដីកាបន្តទៀតថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលមិនត្រឹមតែបំភ្លឺផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ និង កសាងសន្តិភាពក្នុងសង្គម កិច្ចការអភិវឌ្ឍផ្នែកអាណាចក្រ មិនអាចកាត់ផ្តាច់ពីការរីកចម្រើនផ្នែកពុទ្ធចក្របានឡើយ។ ការដែលព្រះសង្ឃ និង សិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រធម៌វិន័យ គឺស្មើនឹងការចូលរួមចំណែកកាត់បន្ថយអំពើអបាយមុខ និង បង្កើនធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ជាតិមាតុភូមិ។

ជាមួយនោះដែរ ព្រះអង្គ ក៏បានមានថេរដីកាផ្តាំផ្ញើដល់សមណសិស្សទាំងអស់ ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព រក្សាសណ្តាប់ធ្នាប់ គោរពវិន័យ នៃការប្រឡងឲ្យបានខ្ជាប់ខ្ជួន និង ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ព្រោះការប្រឡងនេះមានភាពយុត្តិធម៌ និង តម្លាភាព៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម