Connect with us

ព័ត៌មានជាតិ

ក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ ផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ និង សម្តេចធិបតី ស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ លោកនាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំសាលាស្រុកអង្គរធំ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ឃុន វុធ បានធ្វើការបញ្ជាក់នូវអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមគោលការណ៍រាជរដ្ឋាភិបាល បង្ក្រាប និង បោសសំអាត កុំឲ្យកើតមាននៅកម្ពុជា សំខាន់ក្នុងភូមិសាស្ត្រស្រុកអង្គរធំ ក៏ដូចក្នុងខេត្តសៀមរាបទាំងមូល។

លោកបន្តថា ក្នុងករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើមី្បកុំឲ្យកើតមានក្នុងភូមិសាស្ត្រស្រុកអង្គរធំ ក៏ដូចជាខេត្តសៀមរាប គឺត្រូវរួមគ្នាប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំង ទប់ស្កាត់បទល្មើស (Online Scams)។ ក្នុងនោះ កងកម្លាំងមានសមត្ថកិច្ច និង រដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវពិនិត្យលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង គ្រឿងញៀន នៅគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។ ក្នុងករណីនេះ រដ្ឋបាលឃុំ ភូមិ គឺជាស្នូលក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងក្តាប់ឲ្យបានពីសមាសភាពដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានខ្លួន។

លោកបន្តទៀតថា ការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាភារកិច្ចរបស់គណៈបញ្ជាការឯកភាពស្រុក ឃុំ ក្នុងការបង្ក្រាប និង បោសសម្អាត ជនដែលកំពុងលួចប្រព្រឹត្តបទល្មើសខុសច្បាប់ឲ្យអស់ ក្នុងភូមិ ឃុំ ស្រុក របស់ខ្លួន។ ម៉្យាងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង កងកម្លាំងទាំងអស់ ត្រូវពិនិត្យជនបរទេសដែលបានមកជ្រកស្នាក់នៅ ឬ រស់នៅប្រមូលផ្ដុំដោយគ្មានការអនុញ្ញាត្ត ឬ ប្រមូលផ្ដុំដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រតាមភូមិ ឃុំ របស់ខ្លួន។ ចំពោះមន្ត្រីទាំងអស់ មិនត្រូវជាប់ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំរបស់ជនបរទេសដែលខុសច្បាប់ទាំងនោះឡើយ ដែលអាចប្រឈមទៅនឹងច្បាប់ជាធរមាន។ សំខាន់សម្រាប់អ្នកមានផ្ទះជួល ត្រូវហាមដាច់ខាតមិនត្រូវជាប់ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំរបស់ជនបរទេសដោយគ្មានច្បាប់ឡើយ។

លោកនាយឧត្តមសេនីយ៍ ឃុន វុធ ក៏បានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ច រដ្ឋបាលស្រុក ឃុំ និង ភូមិ នៃស្រុកអង្គរធំ ដែលសហការគ្នាបានល្អក្នុងការអនុវត្តនូវអនុសាសន៍របស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលល្អទៀតផង។

ទន្ទឹមនោះ លោកក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និង ភូមិ បន្តការផ្សព្វផ្សាយ ស្តីពីច្បាប់កាតព្វកិច្ចយោធាជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន សំខាន់ចំពោះយុវជនចាប់ពីអាយុ ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ។

លោកបន្ថែមថា កិច្ចប្រជុំនេះ ដើម្បីឈ្វេងយល់ពីសភាពការណ៍ទូទៅ និង ស្ថានភាពភូមិសាស្រ្តស្រុក និង ពិភាក្សាត្រៀមរៀបចំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំ និង ភូមិ នាពេលខាងមុខ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ លោកបានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងាររបស់ក្រុមការងារថ្នាក់ជាតិ និង ក្រោមជាតិ ដែលបានអនុវត្តប្រចាំខែឧសភា និង ឯកភាព ទៅលើផែនការអនុវត្តប្រចាំខែមិថុនា ឆ្នាំ ២០២៦ នេះ ផងដែរ។

លោកនាយឧត្តមសេនីយ៍ ឃុន វុធ បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើមី្បបន្តធ្វើសកម្មភាពនៅតាមមូលដ្ឋានឲ្យកាន់តែសស្រាក់សស្រាំបន្ថែមទៀត ការរៀបចំវេទិកាសាធារណៈ គឺជាចំណុចសំខាន់មួយ ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិរបស់ខ្លួនដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន។ ក្នុងនោះ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ ឆ្លើយតបរាល់តម្រូវការ និង សំណូមពរដែលបានលើកឡើងបានចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ ព្រមទាំងបានណែនាំបន្ថែមឲ្យដល់ក្រុមការងារថ្នាក់ជាតិ ក្រោមជាតិ ពង្រឹងការផ្តល់នូវសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឲ្យរហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់បំផុត នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋាន។

នាយឧត្តមសេនីយ៍ ឃុន វុធ ក៏បានបញ្ជាក់ដែរថា ចំពោះការគ្រប់គ្រងពលករចំណាកស្រុក និង អ្នកចំណូលថ្មី សំខាន់ជនបរទេសដែលមកស្នាក់នៅក្នុងភូមិ-ឃុំរបស់ខ្លួន។ បន្ថែមនោះ ដើមី្បអនុវត្តបានលទ្ធផលល្អ សម្រាប់ខែមិថុនា លោកបានផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួន ដល់អាជ្ញាធរស្រុក ឃុំ និង ជំរុញដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណជិតផុតសុពលភាព និង អ្នកគ្រប់អាយុ ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើមី្បត្រៀមលក្ខណៈឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំខាងមុខនេះ៕                                                                                       
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម