Connect with us

ព័ត៌មានជាតិ

ដាំដុះ​បន្លែ​តាម​ផ្ទះ​សំណាញ់ ​ទទួល​ផល​ពេញ​មួយ​ឆ្នាំ ​​​មានសុវត្ថិភាព កាត់បន្ថយ​ប្រើប្រាស់​ថ្នាំសម្លាប់សត្វល្អិត

បានផុស

នៅ

មន្រ្តី​ក្រសួង​កសិកម្ម​បាន​ជំរុញ​ឲ្យ​កសិករ​ដាំដុះ​ដំណាំ​តាម​ផ្ទះ​សំណាញ់ ដែល​មានសុវត្តិភាព​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត ខណៈ​បច្ចេកទេស​នេះ​អាច​ទទួល​បាន​ផល​បាន​ពេញ​មួយ​ឆ្នាំ។

ក្នុង​វេទិកា និង​ពិព័រណ៍​កសិកម្ម (CAFE 25) កាលពីពេលថ្មីៗនេះ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​លើ​ការ​ផលិត​បន្លែ​ដែល​មាន​សុវត្ថិភាព​និង​ផ្គត់ផ្គង់​ឲ្យ​មាន​ស្ថិរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«បញ្ហា​ប្រឈម​ក្នុងការ​ផលិតបន្លែ ទោះបីបច្ចុប្បន្ន​​ផលិតបាន​​ច្រើន​ក្តី ប៉ុន្តែ​បញ្ហា​ប្រឈម​គឺ​ការ​ផ្គត់ផ្គង់​ឱ្យ​មាន​ស្ថេរភាព»។ លោក ប្រាក់ ដាវីដ បញ្ជាក់។

ការ​ផលិត​បន្លែ​បាន​ល្អ​គឺបានតែក្នុងខែ​ប្រាំង​ប៉ុណ្ណោះ ដល់ពេល​ចូល​​ខែ​វស្សា ភ្លៀង​ច្រើន​ធ្វើឱ្យ​បន្លែរលួយ។ ជា​ដំណោះស្រាយ ការ​រៀបចំ​ជាផ្ទះ​សំណាញ់​អាច​ផ្គត់ផ្គង់​បន្លែ​បាន​ពេញ​មួយឆ្នាំ។

មន្រ្តីកសិកម្ម​រូបនេះ​អះអាង​ថា ការផលិត​បន្លែ​នៅក្នុង​ផ្ទះសំណាញ់ ជួយ​កាត់បន្ថយ​តម្រូវការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ធានា​បាន​នូវ​សុវត្ថិភាព។ ក៏ប៉ុន្តែ​ការអនុវត្តបច្ចេកទេស​នេះ​ត្រូវការទុន។ យ៉ាងណាមិញ ក្រសួង​បាន​កំពុង​ជំរុញ​​តាមរយៈ​ការ​ចងក្រ​បង្កើត​សហគមន៍កសិកម្មទំនើប ដើម្បី​ធានា​ការ​ផលិតនិងផ្គត់ផ្គង់​ឲ្យមាន​ស្ថេរភាព។

កសិករ​ដាំបន្លែសរីរាង្គម្នាក់នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដែល​កំពុង​ដាំ​បន្លែ​ស្ពៃក្នុង​ផ្ទះ​សំណាញ់​បានឲ្យដឹងថា លោក​បាន​ប្រកបមុខ​របរ​ដាំ​បន្លែ​សរីរាង្គ​ផ្ទះ​សំណាញ់​នៅ​ឆ្នាំ​២០២១។

កសិករ​រូបនេះ​អះអាងថា កាលមុន លោក​ដាំដុះ​បន្លែ​តាម​បែបបុរាណ​តាម​គ្នា​ជា​ទម្លាប់ លុះ​មក​ដល់​ឆ្នាំ​២០២១ ទើប​បាន​ងាក​មកដាំ​តាមបែបបច្ចេកទេសវិញម្តង។

លោក ប៉ុក វែង បាន​រៀបរាប់​យ៉ាង​ដូច្នេះថា ការដាំបែបបុរាណ គឺដាំ​ហាល​វាលអត់មានរោងទេ ហើយ​មាន​ការ​ពិបាក​ថែទាំ មាន​សត្វ​ល្អិត​បំផ្លិចបំផ្លាញ មិនទទួលបានផលល្អ។ ចំណែក​ការដាំបន្លែ​តាម​បែប​បច្ចេកទេស​វិញ ងាយស្រួល មិន​មាន​សត្វល្អិត ភ្លៀង​មិន​ស្រក់​ចូល ហើយ​ទិន្នផល​ក៏​បាន​ខ្ពស់ សូម្បី​តែរោង​ទំហំ​ត្រឹម​តែ ៥ គុណ ២៥ ម៉ែត្រ ក៏​ទទួលបាន​ទិន្នផល ៣៥០ គីឡូក្រាម​ដែរ។

ការដាំដុះបន្លែសរីរាង្គនៅក្នុងផ្ទះសំណាញ់ គឺដាំបានគ្រប់រដូវ មិន​រើស​រដូវ​ឡើយ។ លោក ប៉ុក វែង បញ្ជាក់។

លោក ប៉ុក វែង បាន​បញ្ជាក់ថា កាល​ដាំ​បន្លែ​បែប​បុរាណ ឬទម្លាប់​តាមគ្នា មាន​ការ​ខ្វះខាត​ថវិកា​ច្រើន​ដោយដាំក្នុង ១ ឆ្នាំ បានតែ ២ ដង​ប៉ុណ្ណោះ គឺពេលរដូវរំហើយ​ឬរដូវមានទឹក និង​ពេល​មាន​ភ្លៀង​ធ្លាក់។ ប៉ុន្តែ​ឥឡូវ​នេះ លោក​អាចដាំដុះ​បាន​ពេញ ១ ឆ្នាំ​តែម្តង ដោយ​មិន​ព្រួយ​បារម្ភ​បញ្ហា​សត្វល្អិត និង​ប្រភព​ទឹក​ស្រោច​ស្រប ព្រោះពេលនេះ​មានទឹកស្រោចស្របគ្រប់គ្រាន់ ដោយ​ប្រើប្រាស់​ទឹក​អណ្ដូង ហើយ​ប្រើ​ផ្ទះសំណាញ់​ការពារ​សត្វល្អិត និង​ងាយស្រួល​ក្នុងការ​ថែទាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម