Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ផ្ដួចផ្ដើមបង្កើតបណ្ដាញដៃគូតំបន់ឆ្នេរ ដើម្បីពង្រឹងការពារ និងអភិរក្សធនធានជលផលសមុទ្រ

បានផុស

នៅ

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជាដៃគូ​នៅតំបន់ឆ្នេរ និងសមុទ្រ» កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ នៅខេត្ត​កំពត លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានលើកឡើងថា បណ្ដាញដៃគូ នៃការ​អនុវត្ត​គម្រោងនៅតាមតំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករ​ដ៏មុតស្រួចក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល​សមុទ្រនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ឹម រចនា បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលា​ឡើងក្នុងគោលដៅកសាងទំនាក់ទំនងល្អ នឹងឈានទៅសម្រេចបាន​ការបង្កើតបណ្ដាញ និងពង្រឹងភាពជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ ដើម្បី ៖ គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជល​ផល​សមុទ្រ។ ការងារនេះ អនុវត្តជាដៃគូ រវាងរដ្ឋាភិបាល ជាពិសេស​ក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានជលផលជាសេនាធិការ​ផ្ទាល់ ខណ្ឌរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ជាមួយអង្គការមិន​មែន​រដ្ឋាភិបាល វិស័យឯកជន បណ្តាញសហគមន៍ នឹងរួមគ្នាលើក​កម្ពស់​ជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងនោះ លោកស្រីអនុរដ្ឋលេខាធិការ បានថ្លែងអំណរ​គុណ​ដល់ នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការ WEA , ActionAid និង NGO Forum រៀបចំសិក្ខាសាលានេះឡើង។

តាមរយៈការ​ចូលរួម​ពិភាក្សា ផ្លាស់ប្ដូរយោបល់យ៉ាងសកម្មពីសិក្ខាកាម និងចែក​រំលែក​បទពិសោធពីអង្គការដៃគូទាំងអស់ លោកស្រីអនុរដ្ឋលេខាធិការជឿជាក់ថា ការគ្រប់គ្រងធនធានជលផលសមុទ្ររបស់កម្ពុជា នឹងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុន ដើម្បីធានានិរន្ដរភាពធនធាន​ជលផលសមុទ្រកម្ពុជា ឲ្យបានគង់វង្ស ស្ថិតស្ថេរ ធំធាត់ សម្រាប់កូនចៅ​ជំនាន់ក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម