ព័ត៌មានជាតិ
បទយកការណ៍៖ កុមារា កំសត់ រងគ្រោះពីគ្រាប់ផ្លោងថៃបន្តរត់ជាលើកទី២ទាំងរបួសមិនទាន់ជា
«ដុកឌ័រប្រាប់ថាខំប្រឹងរៀនណា! បើចៅឯងជាចង់បានអីតាទិញឱ្យ។ វាថាខ្ញុំសុំទៅបួសមកតាខ្ញុំលែងរត់គ្រាប់ហើយ ខ្ញុំហត់ណាស់! វាថាវាសុំចូលបួសហើយវាអត់រត់ទេគ្រាប់។ មែនរត់មែនរត់អ៊ីចឹងនេះមិនដែលបានដេកផ្ទះស្រួលទេ គ្នាភិតភ័យរហូតគ្រាន់តែឮប៉ឹង ក៏គ្នាខ្លាចដែរមានអីទៀតបាក់ទឹកចិត្តបាក់ស្មារតីអស់ហើយហ្នឹង»។ នេះជាការរៀបរាប់របស់អ្នកស្រី រិន ផល្លា អាយុ៣៩ឆ្នាំជាម្ដាយរបស់កុមារា ធី កម្សត់ បានរៀបរាប់ពីទុក្ខលំបាកនៃការរត់គេចចេញពីសង្គ្រាម និងក្ដីអាណិតអាសូរដល់កូនរបស់អ្នកស្រីដែលរងផលប៉ះពាល់រូបរាងកាយ និងផ្លូវចិត្តក្រោយពីត្រូវអំបែងគ្រាប់ផ្លោងរបស់ទាហានហើយត្រូវបង្ខំចិត្តរត់ជាលើកទី២នេះទៀត។

កុមារា ធី កំសត់ អាយុ៩ឆ្នាំជាសិស្សថ្នាក់ទី២ នៃសាលាបឋមសិក្សាតាមន្តសែនជ័យ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវរងរបួសត្រកៀកខាងឆ្វេងបាក់ឆ្អឹងជាច្រើនបំណែកដោយសារអំបែងគ្រាប់ផ្លោងរបស់ទាហានសៀមកាលពីថ្ងៃទី២៤ ខែកក្កដា ក្នុងពេលដែល កំសត់ និងយាយរត់ពួកគេចពីគ្រាប់ចូលក្នុងលូជិតផ្ទះ។
យាយរបស់កម្សត់អ្នកស្រី នុត សុខេង អាយុ៦០ឆ្នាំ បានរៀបរាប់ថា៖ «ពេលហ្នឹងខ្ញុំមិនដឹងថានាំចៅទៅច្រកណា ខ្ញុំក៏នាំចៅចូលពួនក្នុងលូ ដល់ពេលបានប្រហែលកន្លះម៉ោងក៏មកប៉ឹងៗទៀត ហើយខ្ញុំថាចាំមើលក្រែងមានគេមកជម្លៀសព្រោះខ្ញុំអត់មានអីជិះ ស្រាប់តែពេលគ្រាប់ទី៣បានដាច់ខ្សែតេអូអស់ ហើយក៏មកបន្តបន្ទាប់ទៀត» ដំបូងត្រូវជើងខ្ញុំនេះខ្ញុំមិនហ៊ានប្រាប់កូនថាត្រូវគ្រាប់ទេ! ដល់មួយសន្ទុះចៅស្រែកថា យាយខ្ញុំត្រូវគ្រាប់បាក់ជើងហើយ! ដល់ខ្ញុំទៅមើលឃើញប៉ុននេះឡើងក្រហូងៗ»។

អំបែងគ្រាប់ផ្លោងទាហានថៃបានមុតចូលក្នុងសាច់របស់កុមារដែលកំពុងមានរាងស្គមស្គាំងម្នាក់នេះ កាត់សាច់ប្រវែងជាងមួយចំអាម បុកចូលទៅបំបែកឆ្អឹងភ្លៅក្រោមត្រកៀក បែកជាច្រើនកំណាត់ដែលពេលនោះទាំងម្ដាយ និងយាយស្ទើរតែអស់សង្ឃឹមទៅហើយ។
អ្នកស្រី រិន ផល្លា បានរៀបរាប់ថា៖ «យើងវះភ្លាមយើងអត់អាចដេរបានទេ ព្រោះសាច់វាផុយចឹងទៅវាមិននៅស្ញាញ។ ចឹងទៅលើគ្រូអើយស្មាទោស កន្សែងមួយព្រឹកឡើងមិនទាន់ស្អុយៗជាតិរំសេវព្រឹកឡើងដូរស្អុយៗ ស្រែកយំហើយចាក់ថ្នាំស្ពឹកថ្នាំសន្លប់យូរទៅពេទ្យថាបើចាក់ថ្នាំខ្លាំងពេកខ្លាចវាអាចបញ្ហានឹងថ្លើមគាត់អត់ចាក់ឱ្យទេ សុខចិត្តឱ្យវានៅស្រែកពេញពេទ្យ ស្រែកផងយំផង រហូតដល់ពេទ្យមកច្របាច់ជើងឱ្យទៀត។ ស្មាទោសខ្ញុំនិយាយឱ្យអស់ពីចិត្តពេលដែលខ្ញុំអត់ដឹងថាវាបែកឆ្អឹងអត់មានជាប់នឹងសាច់ណា! ខ្ញុំនិងឌុកទ័រអត់មានដឹងឯណា ខ្ញុំឃើញវាកាច់ជើងអញ្ចេះ ជើងនេះវែងជើងនេះខ្លី ចាប់ទាញដូចរុំស័រអ៊ីចឹង! មកលូតៗតិចៗស្រែកយំទៀត។ ខ្ញុំស្រណោះកូនណាស់ ដល់សម្ដេច ហ៊ុន ម៉ាណែត ឱ្យប្រពន្ធគាត់ទៅមើលណា គាត់ហូរទឹកភ្នែកគាត់អាណោចអាធ័មណាស់»។

របួសរបស់ កំសត់ ត្រូវការបណ្ដុះសាច់ថ្មី ផ្គុំឆ្អឹងឡើងវិញ និងត្រូវបញ្ចូលឈាម ដែលត្រូវការវះកាត់មិនតិចជាង៣ដងនោះទេក្នុងមួយសប្ដាហ៍ដំបូង។ ក្រោមការយកចិត្តទុកដាក់ពីគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាមុខរបួសបានចាប់ផ្ដើមជាសះស្បើយច្រើនតែដោយសារកុមារា កំសត់ ទទូចសុំចេញពេកពេទ្យក៏បានអនុញ្ញាតឱ្យចេញនៅក្នុងខែតុលាកន្លងទៅដើម្បីបន្តការសិក្សា តែតម្រូវឱ្យមកពេទ្យ១ខែម្ដងដើម្បីតាមដានមុខរបួស។
ទោះជាណា ក្ដីសង្ឃឹមពីការសិក្សានេះមិនទាន់បានប៉ុន្មានផងត្រូវបានបំផ្លាញដោយការឈ្លានពានជាថ្មីពីសំណាក់ទាហានថៃនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ដែលធ្វើឱ្យ កំសត់ ទាំងរបួសមិនទាន់ជាសះស្បើយផងនោះត្រូវរត់ជាថ្មី។
នាយកបឋមសិក្សាតាមន្តសែនជ័យលោក ឡាយ ផល្លា ថាករណីកុមារ កំសត់ គឺជារឿងសោកស្ដាយ និងគួរឱ្យអាណិតអាសូរបំផុតដែលត្រូវរងគ្រោះពីការឈ្លានពានរបស់ថៃ មិនត្រឹមតែខាតបង់ការសិក្សាទេ កំសត់ត្រូវរបួស និងបាក់ស្មារតីពីសង្គ្រាមនេះផងដែរ។
លោកថា៖ «ចំពោះ ធី កំសត់ នេះខ្ញុំថាអាចស្ដារសម្បទាគាត់បានវិញដោយសារគាត់មានភាពភ័យខ្លាច គាត់ត្រូវអំបែងពីការផ្លោងរបស់ថៃ។ វិធីសាស្ត្ររបស់លោកគ្រូ អ្នកគ្រូ និងព្យាយាមធ្វើមិចឱ្យគាត់សប្បាយឱ្យបានច្រើន លេងឱ្យបានច្រើនឱ្យគាត់ឆាប់ភ្លេចពីការត្រូវអំបែងរបស់ថៃនោះ។ ខ្ញុំនឹងពិភាក្សាគ្នាដើម្បីជួយគាត់ឱ្យបានដូចដើមវិញ »។

សាលាតាមន្តសែនជ័យជាសាលាដៃគូរមួយរបស់អង្គការ Aide et Action ហើយករណីកុមារា កំសត់ គឺជាករណីថ្មីមួយទៀតដែលអង្គការនេះនឹងតាមដាន ខណៈក្នុងពេលផ្ទុះសង្គ្រាមភ្លាមៗអង្គការនេះបានផ្ដល់ជំនួយបឋមដើម្បីគាំទ្រដល់កុមារ កំសត់ និងក្មេងៗផ្សេងទៀតនៃសាលាតាមន្តសែនជ័យផងដែរ។ អំណោយទាំងនោះរួមមាន តង់ ភ្លើងសឡា សំលៀកបំពាក់សម្រាប់កុមារ អាហារហូបចុកមួយចំនួន ខណៈជំនួយផ្សេងទៀតនឹងត្រូវផ្ដល់ជូនបន្ថែមទៀត។
នាយកប្រចាំប្រទេសនៃអង្គការ Aide et Action លោក វន សំភាស់ ថ្កោលទោសសកម្មភាពរបស់ទាហានថៃដែលធ្វើសកម្មភាពប្រឆាំងជនស៊ីវិល កុមារកម្ពុជា បំផ្លាញផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមនេះ។ លោកថានេះជាឧក្រិដ្ឋកម្មសង្គ្រាមដែលមិនអាចទទួលយកបាន។
លោកថា៖ «ខ្ញុំបារម្ភមែនទែនទៅលើអនាគតរបស់កុមារទៅលើសុវត្ថិភាពរបស់ពួកគាត់ក៏ដូចជាសហគមន៍ហើយជម្លោះអស់នេះត្រូវតែបញ្ចប់ដោយការចរចា ដោយច្បាប់ជាតិ និងអន្តរជាតិជាជាងដោយប្រដាប់អាវុធ និងការជេរគ្នាទៅវិញទៅមក»។

ងាកទៅកាន់ម្ដាយរបស់ កំសត់ អ្នកស្រី រិន ផល្លា រំពឹងថាសង្គ្រាមនេះនឹងឆាប់ចប់ព្រមទាំងធានានូវស្ថិរភាពយូរអង្វែងដើម្បីអនាគតកុមារដែលអ្នកស្រីថាជារឿងមិនអាចទទួលយកបានដែលក្មេងៗដែលជាវ័យដែលទទួលបានការស្វែងយល់អ្វីថ្មីនៅសាលា បែរជាមកស្គាល់គ្រាប់ផ្ទុះ ការជម្លៀសខ្លួន និងសង្គ្រាមបែបនេះទេ។
អ្នកស្រី រិន ផល្លា៖ «ខ្ញុំអត់ចង់ឱ្យក្មេងស្រករក្រោយនេះគ្នាមិនដឹងខ្យល់អីនេះមករងគ្រោះដែរ។ គ្មានដឹងខ្យល់ទេនេះគេឱ្យទៅណាទៅហ្នឹងនេះ។ ខ្ញុំធ្លាប់ឆ្លងកាត់កូនខ្ញុំៗដឹងថាពិបាកណាស់លោកគ្រូអើយរត់ចោលផ្ទះចោលសំបែង ផ្ទះទៅមើលស្អាតបានតែកន្លះខែទៅស្អាតណាស់! ចាប់ផ្ដើមរត់ទៀតហើយ។ ហើយលោកគ្រូមើលទៅមកដេកអ៊ីចឹងស្រួលឬអត់? មិនស្រួលទេ! កូនឈឺហើយសុខភាពវាមិនល្អផង ហើយមកដេកចឹងៗទៀតឆ្លងជំងឺឆ្លងរោគអីចឹងវាពិបាក។ ខ្ញុំមិនចង់ឱ្យមានសង្គ្រាមទេ បើអាចឈប់បានខ្ញុំចង់ឱ្យស្រុកមានសន្តិភាពណាស់។ ខ្ញុំមិនចង់ឱ្យមានសង្គ្រាមកើតឡើងទេ ពេលខ្ញុំមើលឃើញកូនខ្ញុំអ៊ីចឹងខ្ញុំពិបាកចិត្តណាស់»៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


