Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងគ្រោងបញ្ជូនអ្នកបច្ចេកទេសយោធា បន្លំ​ធ្វើ«ស៊ីវិល» ទៅជួយរុស្ស៊ីផលិតដ្រូន

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងកំពុងត្រៀមបញ្ជូនអ្នកបច្ចេកទេសទៅកាន់​រុស្ស៊ី ដើម្បីជួយក្នុងការផលិតដ្រូន ដោយក្លែងបន្លំអ្នកជំនាញយោធាឲ្យទៅជាកម្មករស៊ីវិល ដើម្បីលាក់បាំងទំហំនៃការគាំទ្ររបស់ខ្លួន។ នេះ​បើ​យោង​តាម​ប្រភពដែល​ដឹងអំពីព័ត៌មាននេះ​ប្រាប់​ទៅ​កាន់​ទីភ្នាក់ងារ​ Daily NK។

សកម្មភាព​មេដឹកនាំ​កូរ៉េ​ខាង​ជើង​គីមជុងអ៊ុនចុះ​ពិនិត្យ​ផលិតកម្ម​ដ្រូន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចេញ​​ផ្សាយ​ថ្ងៃ​ទី២៣​ធ្នូ២០២៥​ Daily NK បាន​ប្រាប់​ថា ដំណើរការជ្រើសរើសបានឈានដល់ដំណាក់កាល​សំខាន់​ហើយ ដោយមានការណែនាំផ្ទៃក្នុងអនុញ្ញាត​ឲ្យ​បុគ្គលិកបច្ចេកទេសយោធាមួយចំនួន ត្រូវបានប្តូរអត្តសញ្ញាណជាស៊ីវិលវិញមុនពេលបញ្ជូនទៅ។ ចំណែកភាគីរុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងទទួលយកកម្មករដែលអាចបំពេញការងារតាមខ្សែសង្វាក់​ផលិតកម្ម ដូចជាការដំឡើងដ្រូន ការកាន់កាប់គ្រឿងបន្លាស់ និងការដឹកជញ្ជូនជាដើម។

ក្រោមការរៀបចំនេះ ប្រទេសរុស្ស៊ីនឹងត្រួតពិនិត្យលើការផលិតស្នូល និងបច្ចេកវិទ្យាសំខាន់ៗ ខណៈដែលបុគ្គលិកកូរ៉េខាងជើងនឹងកាន់កាប់លើការដំឡើងបន្ទាប់បន្សំ ការជួយជ្រោមជ្រែងផលិតកម្ម និងការត្រួតពិនិត្យប្រតិបត្តិការ។ ទីក្រុងព្យុងយ៉ាងបានផ្តល់អាទិភាពដល់កម្មករដែលមានបទពិសោធន៍ខាងការផ្សារដែក វិស្វកម្មតង់ស្យុងទាប និងការជួសជុលឧបករណ៍ ដែលនេះបង្ហាញថាខ្លួនកំពុងស្វែងរកការស្រូបយកចំណេះដឹងផ្នែកផលិតកម្មដ្រូន ជាជាងគ្រាន់តែផ្តល់កម្លាំងពលកម្ម។

ប្រភពខាងលើបានបន្ថែមថា ផែនការនេះតម្រូវ​ឲ្យ​អ្នកបច្ចេកទេសមកពីអង្គភាពយោធា និងរោងចក្រផលិតគ្រាប់រំសេវ ត្រូវចាត់ថ្នាក់ឡើងវិញជាកម្មករស៊ីវិលចំណុះ​ឲ្យ​គណៈរដ្ឋមន្ត្រី ឬជាបុគ្គលិកនៃក្រុមហ៊ុនពាណិជ្ជកម្មនានា ដើម្បីដាក់ពួកគេ​ឲ្យ​នៅក្រៅបញ្ជាការយោធាផ្លូវការ។ ចំណាត់ការនេះមានបំណងធ្វើ​ឲ្យ​អ្នកសង្កេតការណ៍ខាងក្រៅពិបាកកំណត់ថា តើការដាក់ពង្រាយនេះជាការផ្តល់ជំនួយយោធាដោយផ្ទាល់ឬយ៉ាងណា។

ទោះបីជាការបណ្តុះបណ្តាល និងការពិនិត្យជ្រើសរើសបុគ្គលិកកំពុងបន្តក៏ដោយ ប៉ុន្តែមិនទាន់មានបញ្ជាចុងក្រោយណាមួយ ដូចជាការចេញលិខិតឆ្លងដែន ឬការសម្របសម្រួលផ្លូវការជាមួយក្រសួងការបរទេសត្រូវបានធ្វើឡើងនៅឡើយទេ។ មុននេះ ទីភ្នាក់ងារសម្ងាត់យោធារបស់អ៊ុយក្រែនបាន​បង្ហើប​ថា រុស្ស៊ីគ្រោងនឹងនាំយកជនជាតិកូរ៉េខាងជើងរហូតដល់ ១២០០០នាក់ ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ Tatarstan ដើម្បីផលិតដ្រូនអត្តឃាត ឲ្យបានត្រឹមដំណាច់ឆ្នាំ២០២៥នេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម