Connect with us

ព័ត៌មានអន្ដរជាតិ

​​​អាល្លឺម៉ង់-ហូឡង់ នឹង​ដឹកនាំ​ទ័ព​អង្គការ​ណាតូ នៅតំបន់បាល់ទិក ពេលផ្ទុះ​សង្គ្រាមជាមួយរុស្ស៊ី

បានផុស

នៅ

ប្រទេសអាល្លឺម៉ង់ និងហូឡង់ នៅ​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា បានប្រកាសថា អង្គការណាតូ នឹងពង្រឹងការការពារដែនដីនៅប៉ែកខាងកើត​អឺរ៉ុប​ ដោយប្រគល់ភារកិច្ចឲ្យកងទ័ពចម្រុះអាល្លឺម៉ង់-ហូឡង់ ធ្វើជាមេបញ្ជាការលើកងទ័ពសម្ព័ន្ធមិត្តនៅក្នុងប្រទេសអេស្តូនី និងឡេតូនី​ ក្នុងករណីមានសង្គ្រាមកើតឡើងជាមួយរុស្ស៊ី។

ទាហានឈរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier និងស្តេចហូឡង់ Willem-Alexander (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters បច្ចុប្បន្ននេះ កងកម្លាំងរបស់អង្គការណាតូនៅក្នុងប្រទេស​តំបន់​បាល់ទិកទាំងបី ព្រមទាំងប៉ែកខាងជើងនៃប្រទេសប៉ូឡូញ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីបញ្ជាការដ្ឋានចម្រុះជាតិសាសន៍តែមួយ។

ការបង្កើតតំបន់បញ្ជាការទីពីរនេះ អាចអនុញ្ញាតឲ្យបក្សសម្ព័ន្ធយោធា​នៃ​អង្គការ​ណាតូមួយនេះ បន្ថែមកងកម្លាំង​កាន់តែច្រើនទៅកាន់តំបន់បាល់ទិក ដែលជាតំបន់ប្រឈមនឹងហានិភ័យខ្ពស់ជាងគេបំផុត ពីការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសរុស្ស៊ី។ អង្គការណាតូ បានព្រមានថា ទីក្រុងមូស្គូអាចនឹងបើកការវាយលុកទ្រង់ទ្រាយធំលើទឹកដីសម្ព័ន្ធមិត្តយ៉ាងឆាប់បំផុតនៅឆ្នាំ២០២៩ ប្រសិនបើកិច្ចប្រឹងប្រែងពង្រឹងសព្វាវុធរបស់រុស្ស៊ី​នៅតែបន្ត ខណៈដែលវិមានក្រឹមឡាំងបានបដិសេធចំពោះចេតនានេះ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា «ជាមួយនឹងការបញ្ចូលកងទ័ពចម្រុះអាល្លឺម៉ង់-ហូឡង់ ទៅក្នុងផែនការការពារជាតិរបស់ណាតូ ប្រទេសទាំងពីរជួយទទួលខុសត្រូវបន្ថែមទៀត សម្រាប់សន្តិសុខរបស់អឺរ៉ុប» ដោយលោកបានបន្ថែមថា កងទ័ពចម្រុះនេះមានការចូលរួមពីប្រទេសចំនួន១៦។

ក្រសួងការពារជាតិអាល្លឺម៉ង់ និងហូឡង់ ក៏បានចេញការបញ្ជាក់មួយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា កងទ័ពចម្រុះអាល្លឺម៉ង់-ហូឡង់ ដែលមានមូលដ្ឋាននៅទីក្រុង Muenster ប្រទេសអាល្លឺម៉ង់ នឹងទទួលតួនាទីជាទីបញ្ជាការដ្ឋានយុទ្ធសាស្ត្រសម្រាប់ប្រទេសអេស្តូនី និងឡេតូនី​ នៅជុំវិញពាក់កណ្តាលឆ្នាំនេះ។

ដោយឡែក យោងតាមមន្ត្រីយោធាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ការមានកងទ័ពចម្រុះទីពីរមកទទួលបន្ទុកការពារតំបន់បាល់ទិក នឹងអនុញ្ញាតឲ្យណាតូអាចប្រមូលផ្តុំ «កម្លាំងក្នុងចំនួនដ៏ច្រើនដោយល្បឿនលឿន»។ ជាក់ស្ដែង នៅជិតព្រំដែនបាល់ទិក រុស្ស៊ីបានចាប់ផ្តើមបង្កើនហេដ្ឋារចនាសម្ព័ន្ធយោធា ដោយសាងសង់បន្ទាយថ្មីៗនៅក្នុងស្រុក Leningrad និងទីក្រុង Moscow របស់ខ្លួន ដែលរំពឹងថា នឹងប្រើសម្រាប់ផ្ទុកកងទ័ពរុស្ស៊ីដែលត្រឡប់មកពីប្រទេសអ៊ុយក្រែនវិញ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

រុស្ស៊ី ព្រមាន​​អាមេនី​ថា នឹង​​​ផ្តាច់ប្រេង ឧស្ម័ន និង​ត្បូង តម្លៃ​ថោក បើ​នៅតែ​ព្យាយាម​ចូល​ជាសមាជិក​​អឺរ៉ុប
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម