Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន៖ ការ​រំលំ​រូបសំណាក​ព្រហ្មញ្ញ មិន​អាច​ប្រៀបនឹងការ​បាត់ជើង​របស់​ទាហាន​ថៃ​ឡើយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចេញមុខការពារការរុះរើរូបសំណាកព្រហ្មញ្ញសាសនាមួយ ចេញពីតំបន់ព្រំដែនដែលមានជម្លោះជាមួយកម្ពុជា ដោយ​លើក​ឡើង​ថា ហេតុការណ៍នេះមិនគួរយកទៅប្រៀបធៀបជាមួយនឹងការរងរបួសដែលទាហានថៃបានទទួលរង​ ក្នុងកំឡុងពេលមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះទេ។

លោក អានុទីន ឆានវីរៈគុល (រូបថត៖ រ៉យទ័រ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​ដូចជា Khaosod និង Bangkok Post បានស្រង់សម្តីលោក​អានុទីន ដែល​និយាយនា​ថ្ងៃព្រហស្បតិ៍​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០២៥​ថា «រូបសំណាកដែលត្រូវបានបំផ្លាញ មិនអាចយកទៅប្រៀបធៀបជាមួយដៃ​ជើង​ដែលទាហានរបស់យើងបានបាត់បង់នោះទេ ហើយក៏មិនអាចប្រៀបធៀបទៅនឹងទង្វើប្រមាថសាសនាដែរ។ ខ្ញុំនឹងមិនធ្វើការប្រៀបធៀបបែបនេះទាល់តែសោះ»។

លោកអានុទីន បានលើកឡើងថា ក្តីបារម្ភចម្បងរបស់លោក គឺសុវត្ថិភាពរបស់កងទ័ពថៃដែលកំពុងប្រតិបត្តិការតាមបណ្តោយព្រំដែន ដោយយោងទៅលើការគំរាមកំហែងពីគ្រាប់មីន និងហានិភ័យយោធាដែលកំពុងបន្ត។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងចំពេលមានការរិះគន់​ដូច​ទឹក​បាក់​ទំនប់​​ពីសំណាក់​អ្នក​កាន់​សាសនា​ហិណ្ឌូនៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​​ជុំវិញ​​ក្តីកង្វល់ពីប្រទេសឥណ្ឌា បន្ទាប់ពីរូបភាពត្រូវបានចែកចាយលើបណ្តាញអ៊ិនធឺណិត បង្ហាញពីគ្រឿងចក្រធុនធ្ងន់កំពុងរំលំរូបសំណាកព្រះវិស្ណុ​នៅ​តំបន់​ព្រំដែន។

ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសថៃ ហើយ​និយាយ​ថា ខ្លួនមានការព្រួយបារម្ភចំពោះសេចក្តីរាយការណ៍អំពីការកម្ទេចនេះ ដោយបានជំរុញឲ្យភាគីទាំងពីរត្រឡប់ទៅរកការចរចា និងជៀសវាងការខូចខាតបន្ថែមទៀតដល់ជីវិត ទ្រព្យសម្បត្តិ និងបេតិកភណ្ឌវប្បធម៌។ សេចក្តីថ្លែងការណ៍នេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីអតីតសមាជិកសភាឥណ្ឌាម្នាក់ ក៏បានថ្កោលទោសកងទ័ពថៃផងដែរ ចំពោះការវាយកម្ទេចរូបសំណាកនេះ ដែលកម្ពុជាជាអ្នកសាងសង់នៅក្បែរព្រំដែន។

លោក Vijayasai Reddy អតីតសមាជិកសភា បានហៅការបំផ្លិចបំផ្លាញនេះថាជា «រឿងដែលមិនអាចទទួលយកបាន» នៅក្នុងការបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារ​។ លោកព្រមានថា ការវាយប្រហារលើកេរ្តិ៍តំណែលសាសនា ក្រោមលេសនៃជម្លោះទឹកដី «គ្រាន់តែបង្ហាញឲ្យឃើញពីការខ្វះការអត់ឱនប៉ុណ្ណោះ»។ លោក Reddy បានសរសេរថា «ទោះបីជាត្រូវបានដាក់ដោយកម្ពុជា ឬមិនមែនក៏ដោយ ការវាយប្រហារលើជំនឿ និងកេរ្តិ៍តំណែល មិនអាចយកមកធ្វើជាលេសបានឡើយ»៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម