Connect with us

ព័ត៌មានអន្ដរជាតិ

ក្រសួងការបរទេសឥណ្ឌា ថ្កោលទោសថៃ រឿងកម្ទេចរូបសំណាក ព្រហ្មញ្ញសាសនា

បានផុស

នៅ

ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសថៃ ចំពោះទង្វើដែលមិនអាចទទួលយកបាន នៃការកម្ទេចរូបសំណាក ព្រហ្មញ្ញសាសនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នកនាំពាក្យក្រសួងការពារឥណ្ឌា Shri Randhir Jaiswal (រូបថត៖ PTI)

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃពុធទី២៤ខែធ្នូឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Shri Randhir Jaiswal បាននិយាយថា៖ «យើងបានឃើញនូវរបាយការណ៍ស្តីពីការកម្ទេចរូបសំណាកព្រះនៃ ព្រហ្មញ្ញសាសនា ដែលទើបកសាងឡើងក្នុងពេលថ្មីៗ និងមានទីតាំងស្ថិតនៅតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនថៃ-កម្ពុជា ដែលកំពុងបន្តកើតមាន។ ទេវរូបនៃសាសនាព្រហ្មញ្ញ និងព្រះពុទ្ធ ត្រូវបានទទួលនូវការគោរពសក្ការៈយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ប្រជាជននៅទូទាំងតំបន់ ដែលនេះគឺជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមគ្នារបស់យើង។ ទោះបីជាមានការទាមទារកម្មសិទ្ធិលើទឹកដីក៏ដោយ ក៏សកម្មភាពដែលខ្វះការគោរពបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងមនោសញ្ចេត​នារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយសកម្មភាពបែបនេះមិនគួរកើតមានឡើងនោះទេ។ យើងសូមទទូចម្តងទៀតដល់ភាគីទាំងពីរ ឲ្យត្រឡប់មករកកិច្ចសន្ទនា និងផ្លូវការទូតវិញ ដើម្បីស្តារសន្តិភាពនិងចៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងបេតិកភណ្ឌផងដែរ»។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា (រូបថត៖ ក្រសួងការបរទេសឥណ្ឌា)

សេចក្តីថ្លែងការណ៍នេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីអតីតសមាជិកសភាឥណ្ឌាម្នាក់ ក៏បានថ្កោលទោសកងទ័ពថៃផងដែរ ចំពោះការវាយកម្ទេចរូបសំណាកនេះ ដែលកម្ពុជាជាអ្នកសាងសង់នៅក្បែរព្រំដែន។

យោង​តាម​​​សារព័ត៌មាន Disha Daily លោក Vijayasai Reddy អតីតសមាជិកសភា បានហៅការបំផ្លិចបំផ្លាញនេះថាជា «រឿងដែលមិនអាចទទួលយកបាន» នៅក្នុងការបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០២៥។ លោកព្រមានថា ការវាយប្រហារលើកេរ្តិ៍តំណែលសាសនា ក្រោមលេសនៃជម្លោះទឹកដី «គ្រាន់តែបង្ហាញឲ្យឃើញពីការខ្វះការអត់ឱនប៉ុណ្ណោះ»។

(រូបថត៖ បណ្តាញសង្គម)

លោក Reddy បានសរសេរថា «ទោះបីជាត្រូវបានដាក់ដោយកម្ពុជា ឬមិនមែនក៏ដោយ ការវាយប្រហារលើជំនឿ និងកេរ្តិ៍តំណែល មិនអាចយកមកធ្វើជាលេសបានឡើយ»។ លោកបានគូសបញ្ជាក់ថា ទាំងថៃ និងកម្ពុជា សុទ្ធតែជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាភាគច្រើន ប៉ុន្តែ«ប្រវត្តិសាស្ត្របានកត់ត្រាទុកនូវការធ្វើទុក្ខបុកម្នេញដដែលៗលើប្រាសាទព្រហ្មញ្ញសាសនា និងការប៉ុនប៉ងលុបបំបាត់ចោល»។

លោកបានបន្ថែមថា «គ្មានសាសនាណាដែលបង្ហាញពីសន្តិភាពរបស់ខ្លួន តាមរយៈការបំផ្លាញជំនឿសាសនារបស់អ្នកដទៃនោះទេ» ហើយលោកក៏បាន Tag ឈ្មោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅក្នុងការបង្ហោះនោះផងដែរ។

បើ​តាម Disha Daily ក្រៅ​តែ​ពី​អតីត​សមាជិក​សភា​ឥណ្ឌា​រូប​នេះ ប្រជាជន​កាន់​សាសនា​ហិណ្ឌូ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ជា​ច្រើន​ទៀត ក៏​កំពុង​សម្ដែង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​ទង្វើ​បំពាន​សាសនា​ដោយ​កងទ័ព​ថៃ នៅ​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា។ ដោយ​ថ្កោលទោស​សកម្មភាព​កងទ័ព​ថៃ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​​បាន​​នាំ​គ្នា​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​ការទូត​ពី​រដ្ឋាភិបាល​ឥណ្ឌា៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម