Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃច្រានចោលការផ្សាយរបស់កាសែតថៃ ដែលថា យោធាថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា

បានផុស

នៅ

ក្រសួងមហាផ្ទៃ តាមរយៈសេចក្ដីប្រកាសរបស់អ្នកនាំពាក្យ នៅថ្ងៃអង្គារនេះ បានចេញមកបដិសេធចំពោះការផ្សាយរបស់កាសែត Khaosod English ដែលថា ទាហានជើងទឹកថៃ រឹបអូសឃ្លាំងសព្វាវុធកម្ពុជាក្នុងអគារកាស៊ីណូថ្មដា ដោយក្រសួងមហាផ្ទៃ អះអាងថា ទីតាំងនោះ គឺជាប៉ុស្តិ៍នគរបាលការពារព្រំដែនរបស់កម្ពុជា មិនមែនជាកាស៊ីណូទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបភាព និងទីតាំងដែលបានផ្សាយពីការរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជា គឺមិនមែនស្ថិតនៅក្នុងបរិវេណអគារកាស៊ីណូថ្មដានោះទេ តែផ្ទុយទៅវិញទីតាំងនោះគឺជាប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ច្រកផ្លូវ៥៦ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជាទាំងស្រុង។

ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថា បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន ដែលផ្ទុយពីការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ដែលបានឯកភាពគ្នាថាភាគីទាំងពីរជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។

ចំពោះការរឹបអូសសព្វាវុធនៅក្នុងប៉ុស្តិ៍នគរបាល ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នូវការប្រើច្បាប់ព្រៃរបស់រដ្ឋាភិបាល និងយោធាថែមកឈ្លានពានលើទឹកដីកម្ពុជា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងដូច្នេះ ដោយទាមទារឱ្យភាគីថៃ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ដោយមិនអាចគេចវេសយករួចខ្លួនបានឡើយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ រួមទាំងការបង្កើតព័ត៌មានមិនពិត ហើយងាកមកអនុវត្តតាមខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង ប្រទេសទាំងពីរ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី បង្កើនជំនឿទុកចិត្ត ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងគោរពគ្នាទៅវិញទៅមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម