Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញ ចុះយកសំណាកទឹកពីបឹងយក្សឡោមមកពិសោធន៍ ក្រោយទឹកប្រែជាល្អក់កករ

បានផុស

នៅ

មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តរតនគិរី បានចុះយកសំណាកទឹក នៅតំបន់បឹងយក្សឡោម មកពិនិត្យនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន បន្ទាប់ពីទឹកនៅក្នុងបឹងដែលធ្លាប់តែថ្លាឆ្វង់ស្ទើរឆ្លុះមុខបាន ប្រែទៅជាល្អក់កករក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ វិធានការចុះយកសំណាកនេះ ក៏ដើម្បីជំរុញសកម្មភាព«ភាពស្អាត» ការពារប្រភពទឹកសាធារណៈ និងជួយឱ្យទឹកស្អាត និងបរិស្ថានល្អនៅកម្ពុជា។

ទឹកប្រែជាល្អក់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញរឿងនេះ មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តរនគីរី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិនៅទីនោះ បានចុះពិនិត្យផ្ទាល់លើទីតាំង ព្រមទាំងធ្វើការផ្ទៀងផ្ទាត់ជាមួយព័ត៌មានភូមិសាស្រ្តបន្ថែមទៀត។ លទ្ធផលបានឱ្យដឹងថា នៅទីតាំងជុំវិញបឹងគ្មានការឈូសឆាយដី ការធ្វើចំការ ឬការដ្ឋានការងារ ដែលអាចជាប្រភពធ្វើឱ្យទឹកឡើងកករល្អក់នោះទេ។ ជាមួយគ្នានេះ ស្ថានភាពគុណភាពទឹកបឹង គឺមិនបង្កឱ្យត្រីពុល និងមិនបង្កបញ្ហាសុខភាព ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះទេ។

តាមការឱ្យដឹងពីអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ កត់សម្កាល់ថា នៅពេលមានបាតុភូតធម្មជាតិ ឬគ្រោះមហន្តរាយ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ ស្ថានភាពទឹកបឹងយក្សឡោមឡើងពណ៌កករល្អក់បែបនេះជារឿយៗ។

លោក វេន ចឹ ជាអនុប្រធានគណៈកម្មាធិការទី១ របស់បឹងយក្សឡោម និងជាជនជាតិដើមភាគតិចទំពួន បានថ្លែងប្រាប់កម្ពុជាថ្មីថា តាមការសង្កេតទឹកនៅក្នុងបឹងយក្សឡោម មានការប្រែពណ៌ក្នុងរយៈពេល ២ទៅ ៣ឆ្នាំម្តង ពោលទឹក​ប្រែពណ៌នៅអំឡុងឆ្នាំ ២០០៩ ឆ្នាំ ២០១១  ឆ្នាំ២០២៥ និង ឆ្នាំ ២០២៦។ លោកបានរំលឹកថា ជារឿយៗឥទ្ធិពលនៃទឹកល្អក់ពេលខ្លះ បង្កបញ្ហាបណ្តាលឱ្យកំពឹស និងត្រីងាប់ ប៉ុន្តែលើកនេះពុំឃើញមានត្រីងាប់ដូចលើកមុនៗនោះទេ។

យ៉ាងណាមិញ​ តាមជំនឿរបស់ជនជាតិដើមភាគតិច លោក វេន ចឹ បានពន្យល់ថា ទឹកប្រែជាល្អក់នេះមានន័យថាលោកតាម្ចាស់បឹង បានបញ្ជូនសារមកដាស់តឿនឱ្យកូនចៅ អ្នកស្រុក អ្នកភូមិ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ផ្សេងៗ។ លោករៀបរាប់ថា៖«ជាក់ស្តែងនៅពេលនោះកើតមានជម្ងឺកូវីដ១៩ និងជំងឺផ្សេងៗបណ្តាលពលរដ្ឋឆ្លងជំងឺ និងមានករណីស្លាប់ជាដើម កើតគ្រោះទុរភិក្ស ឬគ្រោះថ្នាក់ផ្សេង»។

គួរជម្រាបថា បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៏ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែលបឹងនេះមានបរិមាត្រ ២ ៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម