ព័ត៌មានជាតិ
បឹងយក្សឡោមខេត្តរតនគិរី កើតអភូតហេតុចម្លែក តាមជំនឿជនជាតិដើមភាគតិចទំពួន
បឹងយក្សឡោមខេត្តរតនគិរី ជាទីកន្លែងដែលមានទឹកបឹងដ៏ធំមួយ កកើតឡើងពីធម្មជាតិ ក្នុងចំណោមបឹងជាច្រើនទៀត ដែលមានវង់ផ្ទៃមាត់បឹង និងមានផ្ទៃទឹក ស្រដៀងគ្នា ខុសគ្នានៅត្រង់ប្រវត្តិសាស្ត្រ និងរឿងរ៉ាវដោយឡែកៗពីគ្នា ទៅតាមប្រពៃណីទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិចនៅទីនោះ។

យក្សឡោម ជាទូទៅត្រូវបានភ្ញៀវជាតិ និងអន្តរជាតិ បានដឹងឮស្គាល់ នឹងបានទៅសម្រាក និងទស្សនាកម្សាន្ត តាមរយៈ ការហូបអាហារ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជួលស្លៀកពាក់ របស់ជនជាតិដើមភាគតិច ពាក់ថតរូបភាពទុកជាអនុស្សាវរីយ៍ ពីព្រោះស្រឡាញ់វប្បធម៌ តំបន់កន្ទុយនាគ ភូមិភាគឦសាននៃប្រទេសកម្ពុជា។
បឹងនេះ ក៏នៅមានអបិយជំនឿរបស់ជនជាតិដើមភាគតិច ដែលរស់នៅជុំវិញមាត់បឹង ដោយមានអភូតហេតុ ប្រែប្រួលផ្ទៃទឹកក្នុងបឹង ដែលមនុស្សជាច្រើនទៅលេង និងប្រជាជននៅជិតៗនេះ កម្រជួបប្រទះ ដូចជា ផ្ទៃទឹកបឹងល្អក់កករ ពណ៌ក្រហមដូចទឹកច្រេះចាប់ ជាសរសៃលាយឡំជាមួយទឹកខៀវថ្លា ដែលនៅកណ្តាល អណ្តែតមកជាយខាងមាត់បឹង។ រឿងហេតុទាំងនេះសុខៗ ក៏កើតឡើងខ្លួនឯង គឺនៅរដូវប្រាំង មិនមានទឹកភ្លៀងហូរចូលបឹង សម្រាប់ជនដើមភាគតិចទំពួន នៅទីនោះពិសេសចាស់ៗ ធ្លាប់បានឃើញ និងបានដឹង ពីឪពុកម្តាយចាស់ទុំ ចាត់ទុកជាអារុក្ខទេវតាដែលថែរក្សាបញ្ចូន ដំណឹងប្រាប់ពីហេតុការណ៍ ចម្លែកនៅក្នុងភូមិស្រុករបស់ខ្លួន មិនសូវបានសេចក្តីសុខសប្បាយ។

លោក វេន ចឹ ជាអនុប្រធានគណកម្មាធិការទី១ របស់បឹងយក្សឡោម និងជាជនជាតិដើមភាគតិចទំពួន បានផ្តល់សម្ភាសន៍ថា ឈ្មោះបឹងយក្សឡោមនេះ បានក្លាយពីពាក្យភាសាទំពួន <យ៉ាករ៉ាឡោម> ពីដំបូងឡើយមាន ទំហំបឹងតូចត្រឹមតែ ១០ ទៅ ២០ ម៉ែត្រ ប៉ុណ្ណោះ លុះយូរថ្ងៃទៅមានរីកទំហំ ស្រុតចុះទៅក្រោម រហូតក្លាយទៅជាបឹងធំបន្តិចម្តងៗ ។ ទឹកក្នុងបឹងប្រែពណ៌ តាមសង្កេតចាប់ពី ៣ឆ្នាំ ៥ឆ្នាំ និង ៧ឆ្នាំម្តង ត្រូវចេញចំហាយហ្នឹង នៅអំឡុងឆ្នាំ ២០០៩ ឆ្នាំ ២០១១ និង ឆ្នាំ២០២៥។ កាលនៅក្នុងឆ្នាំនោះ មានកំពឹស និងត្រីងាប់អណ្តែតទឹក ហេតុនេះបានបញ្ជាក់ប្រាប់ថា អ្នកតាម្ចាស់បឹង បានបញ្ជូនសារមកដាស់តឿន ឱ្យកូនកូនចៅមានការប្រុងប្រយ័ត្ន នឹងមានហេតុដូចជា នៅពេលនោះកើតមានជម្ងឺកូវីដ១៩ បន្ថែមពីនោះទៀត មានមនុស្សមកហែលទឹកលេង លង់ទឹកស្លាប់នៅក្នុងបឹង កើតមានរឿងហេតុទៅលើគណកម្មការ ហើយអ្នកភូមិកើតមាន ជម្ងឺរោគាព្យាធិបៀតបៀនឈឺស្លាប់ច្រើន ឬក៏ចាស់ទុំភូមិស្លាប់ កើតគ្រោះទុរភិក្ស គ្រោះថ្នាក់ផ្សេងៗ។

លោកបន្តថា ចំពោះអភូតហេតុនេះ មិនមែនតែក្នុងសម័យ បច្ចុប្បន្ននេះនោះទេ គឺចាប់តាំងពីគាត់ធំដឹងក្តី ហើយបើមានហេតុការណ៍នេះ ត្រូវសែនដង្វាយជូនអ្នកតា ជាសត្វរស់នៅមានជីវិត យកទៅសែនសាលារោងដោយសម្លាប់បង្ហូរឈាម រួមមាន ជ្រូក១ មានមាន់១ និងសម្ភារៈគ្រឿងរណ្តាប់ មានពែរ ស្រាពែង និងមានភេសជ្ជៈ ដើម្បីឱ្យអ្នកតាម្ចាស់បឹង ជួយការពារ ថែរក្សារការពារ បណ្តេញគ្រោះចង្រៃ និងសុំខមាទោស ដោយការមានល្មើសខុសតំណមជាដើម៕
ដោយ៖ ខៀវ ចាប






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


